អន្តរជាតិ
មហាក្សត្រថៃបណ្តេញមន្ត្រីវាំង៤នាក់ទៀតព្រោះល្មើសក្រមប្រតិបត្តិ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) - ប្រភពរូប៖ AFP
× មហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានបណ្តេញមន្ត្រីវាំង៤នាក់ថែមទៀត។ នេះបើតាមរាជប្រកាសចំនួនពីរ ចេញនៅថ្ងៃអង្គារ ២៩ តុលា ។ ការដកហូតតំណែងនេះ កើតឡើងមួយសប្តាហ៍ប៉ុណ្ណោះក្រោយមន្ត្រីវាំង៦នាក់ ត្រូវបានបណ្តេញចោលក្រោមមូលហេតុដូចគ្នា ។
-
ក្នុងរាជប្រកាសទីមួយ មន្ត្រីរាជវាំង២នាក់ដែលជាអ្នកយាមក្រឡាបន្ទំ ត្រូវបានបណ្តេញចោលដោយសារការ «ប្រតិបត្តិខុសឆ្គងអាក្រក់បំផុត» និង «អំពើផិតក្បត់» ដែលនេះល្មើសនឹងក្រមប្រតិបត្តិមន្ត្រីវាំង។ ចំណែកក្នុងរាជប្រកាសមួយផ្សេងទៀត មន្ត្រីយោធា២នាក់ត្រូវបានបណ្តេញដោយមិនគោរពកាតព្វកិច្ចឲ្យតឹងរ៉ឹងក្នុងនាមជា អ្នកយាមរាជវាំង និងមានអាកប្បកិរិយាមិនសមរម្យ។
យោងតាមរាជប្រកាសទាំងពីរនេះ អ្នកទាំងបួននាក់ ត្រូវបានដកហូតទាំងបុណ្យសក្តិ និងតំណែង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ការបណ្តេញមន្ត្រីវាំងទាំងបួននេះ កើតឡើងបន្ទាប់ពីមន្ត្រីវាំង៦នាក់ ត្រូវដកហូតតំណែងបានប្រព្រឹត្តអំពើអាក្រក់ខុសឆ្គងនឹងវិន័យវាំង កាលពីថ្ងៃ ២៣ តុលា ។ មន្ត្រីដែលអស់តំណែងរួមមាន គិលានុបដ្ឋាយិកាម្នាក់ដែលនៅយាមដំណាក់ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងកងអង្គរក្សម្នាក់ និងមន្ត្រីយោធាពីរនាក់ទៀត។
ចាប់តាំងពីឡើងគ្រងរាជ្យបន្ទាប់ពីព្រះរាជបិតាក្នុងឆ្នាំ២០១៦មក ស្តេចរាមាទី១០ បានបញ្ជាក់ច្បាស់ថា ទ្រង់ជាមហាក្សត្រដែលប្រកាន់ខ្ជាប់រដ្ឋធម្មនុញតឹងតែង ដោយចូលកាន់កាប់ដោយផ្ទាល់ក្នុងកិច្ចការរាជវាំង និងព្រះរាជទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក ។ ទន្ទឹមនេះ ទ្រង់ ក៏ផ្ទេរអង្គភាពយោធាចំនួន២ពីកងទ័ពទៅគ្រប់គ្រងដោយផ្ទាល់។
ម្យ៉ាង ការដកបុណ្យសក្តិមន្ត្រីវាំងរហូតដល់១០នាក់ក្នុងពេលជាង១សប្តាហ៍នេះ កើតឡើងបន្ទាប់ពីទ្រង់ មហា វជិរាលង្ករណ៍ បានដកហូតតំណែងទាំងអស់របស់ស្នំឯកព្រះអង្គព្រោះមិនស្មោះត្រង់។ ការទម្លាក់បុណ្យសក្តិរបស់ព្រះនាង បានកើតឡើងរយៈពេល ៣ខែប៉ុណ្ណោះបន្ទាប់ពីព្រះអង្គបានប្រទានឋានៈជាស្នំឯកដំបូងបង្អស់ក្នុងរយៈពេលជិតមួយសតវត្សរ៍។ លើកញ្ចក់ទូរទស្សន៍នានា ស្នំឯក ស៊ីនីនាថ ត្រូវបានរាជបញ្ជាស្ដេចចោទថា ធ្វើសកម្មភាពប្រឆាំងនឹងការតែងតាំងអគ្គមហេសី៕
Tag:
ថៃ
មហា វជិរាលង្ករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com