ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្កើន​ចំណង់​អាហារ​គួរ​ធ្វើ​បែបណា​? កុំ​រំលង​អត្ថបទ​នេះ​!
31, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះជា​មនុស្ស​ភាគច្រើន​មិន​ចង់​ធាត់ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា​គ្រប់គ្នា​សុទ្ធតែ​ចង់​ស្រក​ទម្ងន់ និង​បាត់បង់​ចំណង់​អាហារ​ឡើយ​។ ហើយ​បញ្ហា​នៃ​ការបាត់បង់​ចំណង់​អាហារ​អាច​កើតឡើង​ដោយសារតែ​បញ្ហា​ស្ត្រេ​ស​, ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​។ វា​ក៏​អាច​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំ ឬ​បញ្ហា​សុខភាព​ដទៃទៀត រួមបញ្ចូល​ទាំង​ការឆ្លង​មេរោគ​ផ្សេងៗ ជំងឺ​បេះដូង ខ្សោយតម្រងនោម ជំងឺថ្លើម​រ៉ាំរ៉ៃ ជំងឺខាន់លឿង និង​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជាដើម​។



​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​បាត់បង់​ចំណង់​អាហារ​បាន​យ៉ាង​ប្រសើរ ៖

១. ខ្ញី​

​ក្រៅពី​ជួយ​ទប់ទល់​ចំណង់​អាហារ​ហើយ​នោះ ខ្ញី​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​បាត់បង់​ចំណង់​អាហារ​បាន​យ៉ាង​ឆាប់រហ័ស​គួរអោយភ្ញាក់ផ្អើល​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ញី​ជា​ចំណិត​តូចៗ រួច​បង់​វា​ក្នុង​ទឹក​ធម្មតា​មួយ​ពែង ហើយ​ដាំ​ឲ្យ​ពុះ​។ ស្រង់​កាក​ចេញ និង​ទុក​រហូតដល់​ក្ដៅ​ឧណ្ហៗ​សិន សឹម​ទទួលទាន​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ឆាប់រហ័ស និង​ប្រសើរ កុំ​ភ្លេច​បន្ថែម​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

២. ខ្ទឹមស​

​ខ្ទឹមស ក៏​អាចជួយ​ឲ្យ​អ្នក​ឃ្លាន​ដូច​ធម្មតា​វិញ​ផងដែរ​។ ក្រៅពី​បន្ថែម​ខ្ទឹមស​ក្នុង​អាហារ​ហើយ​នោះ អ្នក​ក៏​អាច​ទទួលទាន​វា​ក្នុង​ប្រភេទ​ជា​ភេសជ្ជ ដោយ​គ្រាន់តែ​បុក​ខ្ទឹមស​ពី ២ ទៅ ៤ កំពឹស រួច​ដាក់​ចូលក្នុង​ទឹក​មួយ​ពែង និង​ដាំ​ឱ្យ​ពុះ​។ ស្រង់​កាក​ចេញ និង​ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​ទទួលទាន​។ អ្នក​ក៏​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​បន្តិច​ចូល ដើម្បី​បង្កើន​ឱជា​រស​។​

៣. ក្រូចឆ្មារ​

​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​បង្កើន​ចំណង់​អាហារ គឺ​ការ​ទទួលទាន​ក្រូចឆ្មារ​។ ក្រៅពី​បន្ថែម​ក្នុង​អាហារ អ្នក​ក៏​អាច​យក​ក្រូច​ឆា្ម​រ​ទៅធ្វើជា​ភេសជ្ជៈ​ទឹកក្រូច​ឆ្មារ ឬ​តែ​ក្រូចឆ្មារ​ដើម្បី​ទទួលទាន​ផងដែរ​។​

៤. តែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បង្កើន​ចំណង់​អាហារ​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរឡើង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​បៃតង ១ ពែង ប្រហែល ៣០ នាទី មុនពេល​ទទួលទាន​អាហារ​។​

៥. តែ​ជី​អង្កាម​

​ក្រៅពី​មាន​លក្ខណៈសម្បត្តិ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​នោះ ជី​អង្កាម​ក៏​ជួយ​រំញោច​ចំណង់​អាហារ​ផងដែរ​។ ដើម្បី​ទទួល​បានតែ​ជី​អង្កាម អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បង់​ស្លឹក​ជី​អង្កាម​ដែល​ហាន់​រួច​ចំនួន ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ ២ ពែង​។ ហើយ​នៅ​មុនពេល​ទទួលទាន កុំ​ភ្លេច​បន្ថែម​ទឹកក្រូច​ឆ្មារ​បន្តិច​ចូល​។​

៦. ផ្លែ​ទទឹម​

​សារធាតុ polyphenols ក្នុង​ផ្លែ​ទទឹម​ជួយ​ឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​ដោះស្រាយ​បញ្ហា​បាត់បង់​ចំណង់​អាហារ​។ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បង្កើន​ចំណង់​អាហារ​ឡើងវិញ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com