ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«ខ្ញុំ ត្រៀមធ្វើពលិកម្មរួចហើយ ដើម្បីប្រជាធិបតេយ្យនិងសេរីភាព»
30, Oct 2019 , 10:23 am        
រូបភាព
មេដឹកនាំអតីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្តបញ្ចេញសារនយោបាយអំពីដំណើរមាតុភូមិនិវត្តរបស់លោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិនិងពិធីបុណ្យអុំទូក។ សារលើកនេះ លោក សម រង្ស៊ី បានបង្ហាញពីឆន្ទៈលះបង់ខ្លួនលោក ដើម្បីប្តូរមកវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។



មេដឹកនាំប្រឆាំងរូបនេះ បានសរសេរលើ Twitter នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ខ្ញុំ បានរៀបចំខ្លួនហើយ ក្នុងការបូជាសិទ្ធិសេរីរបស់ខ្ញុំ រួមទាំងជីវិតរបស់ខ្ញុំ ដើម្បីផ្តល់ឱកាសដល់លទ្ធិប្រជាធិបតេយ្យ និងជួយធានាសិទ្ធិសេរីភាព សម្រាប់ប្រជាជនដ៏អភ័ព្វរបស់ខ្ញុំ»។

លោក បន្តថា សហការីរបស់លោកជាច្រើន ត្រូវចាប់ខ្លួន និង ខ្លះទៀត ត្រូវបង្ខំឲ្យនិរទេស ដូច្នេះមកដល់ពេលនេះ លោក គ្មានសល់ជម្រើសអ្វីផ្សេងនោះទេ ក្រៅតែពីការវិលត្រឡប់មកកម្ពុជាវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ។ លោក អះអាងថា ការវិលត្រឡប់របស់លោក គឺធ្វើឡើងដោយអហិង្សា។

លោក បញ្ជាក់ថា៖«លោកនាយករដ្ឋមន្រ្តី ប្តេជ្ញាថាចាប់ខ្ញុំឲ្យបាន ហើយបញ្ជាកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្រ្កាបអ្នកងើបតស៊ូ ដែលខ្ញុំ នឹងដឹកនាំទៅកម្ពុជាដោយសន្តិវិធី»។ ទំនងជាចង់សំដៅទៅលើសហគមន៍អន្តរជាតិ លោក បានទទូចដូច្នេះថា៖«សូមជួយធានាពីសន្តិភាពនិងសេរីភាពសម្រាប់កម្ពុជា....»។

ទាំងលោក សម រង្ស៊ី ខ្លួនឯង រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក ដូចជាលោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ ជាដើម សុទ្ធតែប្រកាសថា គម្រោងនៃការវិលត្រឡប់មកកម្ពុជា នឹងកើតឡើងតាមការកំណត់ទុក ដោយគ្មានការប្រែប្រួលឡើយ។ ទិសដៅសំខាន់របស់ពួកលោក គឺដំបូងចង់ចូលមកទឹកដីថៃ ដើម្បីប្រមូលកម្លាំងពលករ ហើយនាំគ្នាដើរឆ្លងកាត់ចូលមកកម្ពុជា។

យ៉ាងណា ថ្មីៗនេះ អ្នកស្រី មូរ សុខហួរ ត្រូវនគរបាលអន្តោប្រវេសន៍ថៃ ហាមឃាត់មិនឲ្យអ្នកស្រីចូលទឹកដីថៃ នៅពេលអ្នកស្រី បម្រុងចេញមកពីម៉ាឡេស៊ី។ អ្នកស្រី អះអាងថា អ្នកស្រី និងថ្នាក់ដឹកនាំប្រឆាំង នៅតែបន្តចរចាជាមួយរដ្ឋាភិបាលថៃ ដើម្បីបានចូលទឹកដីថៃ។ រដ្ឋាភិបាលកម្ពុជា ប្រកាសស្វាគមន៍ក្រុមប្រឆាំងវិលមកស្រុកវិញ តែភ្ជាប់ជាមួយនឹងពាក្យព្រមានថា «កងកម្លាំងប្រដាប់អាវុធ បានត្រៀមខ្លួនរួចហើយ»៕

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com