អន្តរជាតិ
ឡាវ បើកសម្ពោធ​ទំនប់ Xayaburi ដ៏​ចម្រូងចម្រាស់ ខណៈ​ទន្លេមេគង្គ​ស្រក​ទឹក​ខ្លាំង​
30, Oct 2019 , 11:46 am        
រូបភាព
ទំនប់វារីអគ្គីសនី Xayaburi នៅក្នុងប្រទេសឡាវ ដែលថតដោយយន្តហោះដ្រូន,​រូបភាព៖ AFP
ទំនប់វារីអគ្គីសនី Xayaburi នៅក្នុងប្រទេសឡាវ ដែលថតដោយយន្តហោះដ្រូន,​រូបភាព៖ AFP
Xayaburi ទំនប់​វា​រី​អគ្គិសនី​មួយកន្លែង​រប​ស់​ឡាវ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ បាន​បើកសម្ពោធ​នៅ​ថ្ងៃទី​២៩ ខែតុលា​។ តាមរយៈ​ការ​ទិដ្ឋភាព ដែល​ថត​ពី​យន្តហោះ​ដ្រូ​ន បាន​ឃើញថា ទឹកទន្លេ​ចាប់ពី​ក្រោម​ទំនប់​វា​រី​អគ្គិសនី​នេះ គឺមាន​លក្ខណៈ​រីងស្ងួត​ខុសពី​ធម្មតា​។ ការណ៍​នេះ​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង​ពី​សាធារណៈមតិ​។



​ទំនប់​វា​រី​អគ្គិសនី Xayaburi ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថៃ បាន​ទទួលរង​ការរិះគន់​ជាខ្លាំង តាំងពី​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០១២​មក​ម្លេះ​។ អ្វីដែល​សំខាន់ អ្នក​បរិស្ថាន តែងតែ​ព្រមាន​ថា ទំនប់​មួយ​នេះ នឹង​ផ្តល់​ផលប៉ះពាល់​ទៅដល់​ប្រភេទ​ត្រី ទឹកល្អក់ និង​ការធ្លាក់ចុះ​កម្រិត​ទឹក​នៅក្នុង​ទន្លេ​។

​ជា​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​សំណង់ និង​កាន់​ភាគហ៊ុន​ធំជាងគេ​នៅក្នុង​ក្រុមហ៊ុន Ch Kanchang ក្រុមហ៊ុន​CKPower បានទទួល​បន្ទុក​ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី Xayaburi ដែលមាន​តម្លៃ​៤,៤៧​ពាន់​លាន​ដុល្លារ បើទោះជា​មានការ​រិះគន់​ពី​សាធារណៈមតិ​ក៏ដោយ​។ គម្រោង​មួយ​នេះ ត្រូវបាន​គេ​រំពឹងថា អាច​ផលិត​អគ្គិសនី​បាន ១២៨៥ មេ​ហ្កា​វ៉ា​ត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​ការដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វា​រី​អគ្គិសនី​មួយ​នេះ បាន​បង្ក​ឲ្យ​មានមតិ​សរសើរ និង​មតិ​រិះគន់​។ ជាក់ស្តែង កាសែត​ថៃ បាន​ចុះផ្សាយ​ថា Xayaburi គឺជា​រោងចក្រ​ផលិត​ថាមពល​ដែល​កើត​ឡើងវិញ និង​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ឡើយ​។ ប៉ុន្តែ​ភស្តុតាង ដែល​ថត​តាមរយៈ​យន្តហោះ​ដ្រូ​ន បាន​ឲ្យ​ឃើញថា នៅ​ផ្នែក​ខាងក្រោម​វា​រី​អគ្គិសនី មាន​លក្ខណៈ​ផ្ទុយ​ពីអ្វី ដែល​កាសែត​ថៃ​បាន​ចុះផ្សាយ​។ ពោលគឺ​កម្រិត​ទឹក គឺ​ធ្លាក់ចុះ​ខុសពី​ធម្មតា​។

​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Pianporn Deetes សមាជិក​អង្គការ International Rivers មានការ​ព្រួយបារម្ភ អំពី​ការធ្លាក់ចុះ​កម្រិត​ទឹក​តាំងពី​ខែកក្កដា​មក​ម្លេះ ស្របពេល​ជាមួយ​រោងចក្រ​អគ្គិសនី Xayaburi បាន​បើក​ប្រតិបត្តិការ​។

​សូមបញ្ជាក់ថា ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ ថៃ នឹង​ទិញ​អគ្គិសនី​ពី​រោងចក្រ Xayaburi ស្ទើរតែ​ទាំងអស់ ដើម្បី​បំប៉ន​សេដ្ឋកិច្ច​របស់ខ្លួន​។ មាន​ប្រភព​ចេញ​មកពី​តំបន់​ទី​បេ និង​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា វៀតណាម ទន្លេមេគង្គ គឺជា​ប្រភព​ដ៏​សំខាន់ ក្នុងការ​ទ្រទ្រង់​ជីវិត​មនុស្ស ១០​លាន​នាក់ ដែល​រស់នៅ​តាម​ដង​ទន្លេ​។ ដោយសារតែ​ជា​ប្រទេស ដែល​សម្បូរ​ទៅដល់​តំបន់ភ្នំ និង​ទន្លេ ឡាវ​បានដាក់​យុទ្ធសាស្ត្រ​ក្លាយជា «​អាគុយ​ប្រចាំ​តំបន់​អាស៊ី​» ។ ការដាក់​យុទ្ធសាស្ត្រ​នេះ​គ្មានអ្វី​ចម្លែក​ទេ សម្រាប់​ឡាវ ព្រោះ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៤៤ កំពុងដំណើរការ ខ​ណះ​ទំនប់​វា​រី​អគ្គិសនី​៤៦​ទៀត កំពុង​សាងសង់​។

Tag:
 ឡាវ​
 ​ទំនប់​វា​រី​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com