អន្តរជាតិ
ឡាវ បើកសម្ពោធទំនប់ Xayaburi ដ៏ចម្រូងចម្រាស់ ខណៈទន្លេមេគង្គស្រកទឹកខ្លាំង ទំនប់វារីអគ្គីសនី Xayaburi នៅក្នុងប្រទេសឡាវ ដែលថតដោយយន្តហោះដ្រូន,រូបភាព៖ AFP
× Xayaburi ទំនប់វារីអគ្គិសនីមួយកន្លែងរបស់ឡាវ ដែលមានតម្លៃរាប់ពាន់លានដុល្លារ បានបើកសម្ពោធនៅថ្ងៃទី២៩ ខែតុលា។ តាមរយៈការទិដ្ឋភាព ដែលថតពីយន្តហោះដ្រូន បានឃើញថា ទឹកទន្លេចាប់ពីក្រោមទំនប់វារីអគ្គិសនីនេះ គឺមានលក្ខណៈរីងស្ងួតខុសពីធម្មតា។ ការណ៍នេះបង្កឲ្យមានការរិះគន់ជាខ្លាំងពីសាធារណៈមតិ។
ទំនប់វារីអគ្គិសនី Xayaburi ដែលគ្រប់គ្រងដោយក្រុមហ៊ុនថៃ បានទទួលរងការរិះគន់ជាខ្លាំង តាំងពីចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១២មកម្លេះ។ អ្វីដែលសំខាន់ អ្នកបរិស្ថាន តែងតែព្រមានថា ទំនប់មួយនេះ នឹងផ្តល់ផលប៉ះពាល់ទៅដល់ប្រភេទត្រី ទឹកល្អក់ និងការធ្លាក់ចុះកម្រិតទឹកនៅក្នុងទន្លេ។
ជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនសំណង់ និងកាន់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន Ch Kanchang ក្រុមហ៊ុនCKPower បានទទួលបន្ទុកក្នុងការសាងសង់ទំនប់វារីអគ្គិសនី Xayaburi ដែលមានតម្លៃ៤,៤៧ពាន់លានដុល្លារ បើទោះជាមានការរិះគន់ពីសាធារណៈមតិក៏ដោយ។ គម្រោងមួយនេះ ត្រូវបានគេរំពឹងថា អាចផលិតអគ្គិសនីបាន ១២៨៥ មេហ្កាវ៉ាត់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីមួយនេះ បានបង្កឲ្យមានមតិសរសើរ និងមតិរិះគន់។ ជាក់ស្តែង កាសែតថៃ បានចុះផ្សាយថា Xayaburi គឺជារោងចក្រផលិតថាមពលដែលកើតឡើងវិញ និងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីឡើយ។ ប៉ុន្តែភស្តុតាង ដែលថតតាមរយៈយន្តហោះដ្រូន បានឲ្យឃើញថា នៅផ្នែកខាងក្រោមវារីអគ្គិសនី មានលក្ខណៈផ្ទុយពីអ្វី ដែលកាសែតថៃបានចុះផ្សាយ។ ពោលគឺកម្រិតទឹក គឺធ្លាក់ចុះខុសពីធម្មតា។
ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Pianporn Deetes សមាជិកអង្គការ International Rivers មានការព្រួយបារម្ភ អំពីការធ្លាក់ចុះកម្រិតទឹកតាំងពីខែកក្កដាមកម្លេះ ស្របពេលជាមួយរោងចក្រអគ្គិសនី Xayaburi បានបើកប្រតិបត្តិការ។
សូមបញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ថៃ នឹងទិញអគ្គិសនីពីរោងចក្រ Xayaburi ស្ទើរតែទាំងអស់ ដើម្បីបំប៉នសេដ្ឋកិច្ចរបស់ខ្លួន។ មានប្រភពចេញមកពីតំបន់ទីបេ និងហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា វៀតណាម ទន្លេមេគង្គ គឺជាប្រភពដ៏សំខាន់ ក្នុងការទ្រទ្រង់ជីវិតមនុស្ស ១០លាននាក់ ដែលរស់នៅតាមដងទន្លេ។ ដោយសារតែជាប្រទេស ដែលសម្បូរទៅដល់តំបន់ភ្នំ និងទន្លេ ឡាវបានដាក់យុទ្ធសាស្ត្រក្លាយជា «អាគុយប្រចាំតំបន់អាស៊ី» ។ ការដាក់យុទ្ធសាស្ត្រនេះគ្មានអ្វីចម្លែកទេ សម្រាប់ឡាវ ព្រោះទំនប់វារីអគ្គិសនីចំនួន៤៤ កំពុងដំណើរការ ខណះទំនប់វារីអគ្គិសនី៤៦ទៀត កំពុងសាងសង់។
Tag:
ឡាវ
ទំនប់វារីអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com