អន្តរជាតិ
ចិនព្រមានថា ការរិះគន់របស់អាមេរិកលើបញ្ហាវីហ្គ័រ អាចបំផ្លាញកិច្ចចរចាពាណិជ្ជកម្ម លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ, រូបភាព៖ Reuters
× អាមេរិក និងប្រទេស២២ផ្សេងទៀត នៅឯអង្គការសហប្រជាជាតិ នាថ្ងៃទី២៩ ខែតុលា បានជំរុញឲ្យចិនបញ្ឈប់ឃុំឃាំងជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅខេត្តស៊ីនជាំង។ ការណ៍នេះ បានធ្វើឲ្យប្រតិភូតំណាងចិននៅអង្គការសហប្រជាជាតិ ក្តៅស្លឹកត្រចៀកជាខ្លាំង និងព្រមានថា ការរិះគន់របស់អាមេរិក មិនមានផលល្អឡើយចំពោះកិច្ចចរចាពាណិជ្ជកម្ម។
ចិន បានរងការរិះគន់ពីបណ្តាលប្រទេសមួយចំនួន នៅឯអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនវិជ្ជាជីវៈ នៅក្នុងតំបន់ស៊ីនជាំង ដើម្បីលុបបំបាត់ភាពជ្រុលនិយម និងបង្រៀនជំនាញថ្មីៗ។ ទាក់ទិននឹងបញ្ហានេះ អង្គការសហប្រជាជាតិ ធ្លាប់បានអះអាងថា យ៉ាងហោចណាស់មានជនជាតិភាគតិចវីហ្គ័រ និងជនជាតិឥស្លាមផ្សេងទៀត ១លាន ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ចាប់ឃុំឃាំង។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ ចាង ជុន (Zhang Jun) បានព្រមានយ៉ាងច្បាស់ៗថា នៅម្ខាងអាមេរិកព្យាយាមដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយចិន ប៉ុន្តែនៅម្ខាងទៀត អាមេរិក ខំរករឿងចិនទៅវិញ ជាពិសេសពាក់ព័ន្ធទៅនឹងរឿងសិទ្ធិមនុស្ស។ ប្រសិនបើអាមេរិក នៅតែធ្វើបែបនេះទៀត ចិនពិបាកធានាណាស់ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ចំណែកភាគីអាមេរិក លោកស្រី Kelly Craft អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានឆ្លើយតបទៅវិញថា មិនថាចិន ឬប្រទេសណាក៏ដោយ ឲ្យតែមានការរំលោភសិទ្ធិមនុស្ស អាមេរិក នឹងការពារជនដែលរងការឈឺចាប់ទាំងនោះ។ គាំទ្រទៅនឹងសេចក្តីប្រកាសរបស់អាមេរិក អគ្គរាជទូតអង់គ្លេស តំណាងឲ្យប្រទេស២៣ផ្សេងទៀត បានជំរុញឲ្យទីក្រុងប៉េកាំង គោរពច្បាប់ជាតិរបស់ខ្លួន ច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្ស រួមទាំងសេរីភាពនៃជំនឿសាសនា នៅក្នុងតំបន់ស៊ីនជាំង និងនៅក្នុងប្រទេសចិនទាំងមូល។ ជាពិសេសក្រុមប្រទេសទាំងនេះ មិនភ្លេចឡើយក្នុងការជំរុញឲ្យចិនប្រតិបត្តិទៅតាមអនុសាសន៍របស់អ្នកជំនាញឯករាជ្យអង្គការសហប្រជាជាតិជាបន្ទាន់។
បើជាបីជាប្រទេសខាងលើរិះគន់រដ្ឋាភិបាលចិនក៏ដោយ ប៉ុន្តែក៏មានក្រុមប្រទេស គាំទ្រទៅលើចំណាត់ការរបស់ទីក្រុងប៉េកាំងដែរ។ ជាក់ស្តែងអគ្គរដ្ឋទូតបេឡារុស Valentin Rybakov តំណាងឲ្យប្រទេសទាំង៥៤ នៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានលើកសរសើរពីការគោរពសិទ្ធិមនុស្ស និងការការពារសិទ្ធិមនុស្ស ជាពិសេសគឺការដោះស្រាយជាមួយក្រុមជ្រុលនិយមនៅក្នុងតំបន់ស៊ីនជាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សូមបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រទេសទាំង ៥៤នេះ គឺមិនខុសគ្នាប៉ុន្មានឡើង ទៅនឹងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីខែកក្កដា ដែលបានដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីក្រុមប្រទេសចំនួន ២២ ដូចជាអង់គ្លេស និងអាមេរិក បានអំពាវនាវឲ្យចិនបញ្ឈប់ការឃុំខ្លួនជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com