ជាតិ
អ្នកនេសាទ ឃើញ​សព​អណ្តែត​ក្បែរ​កោះ​ស្ដេច តែ​មិន​ប្រាកដថា​ជានា​រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន
30, Oct 2019 , 5:03 pm        
រូបភាព
Bambridge Amelia Louise (ប្រភពរូបភាពពីទំព័រហ្វេសប៊ុករបស់ Bambridge Amelia Louise )
Bambridge Amelia Louise (ប្រភពរូបភាពពីទំព័រហ្វេសប៊ុករបស់ Bambridge Amelia Louise )
​អ្នកនេសាទ​ប្រទះឃើញ​សាកសព​អណ្ដែត​នៅក្បែរ​កោះ​ស្ដេច កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​២៧​តុលា ដែល​សនិដ្ឋានថា​អាចជា​សាកសព​មនុស្ស​ស្រី តែ​មិន​ប្រាកដថា​ជា​សាកសព​របស់​នារី​ជនជាតិ​អង់គ្លេស Bambridge Amelia Louise ដែល​បាត់​ខ្លួន កាលពី​ថ្ងៃ​២៤​តុលា នៅ​កោះរ៉ុង​សន្លឹម​នោះទេ​។


 
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៣០​តុលា​នេះ​ថា អ្នកនេសាទ​ម្នាក់​បាន​រាយ​ការណ៍​ទៅ​កងទ័ពជើងទឹក​នៅ​តំបន់​ខេត្តកោះកុង បន្ទាប់ពី​ប្រទះឃើញ​សាកសព​អណ្ដែត​នៅក្បែរ​កោះ​ស្ដេច ចំណុច​ទឹកដី​ខេត្តកោះកុង កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៦០​គីឡូម៉ែត្រ ពី​កោះរ៉ុង​។ អ្នកនេសាទ​មើលឃើញ​សាកសព​អណ្តែត​ផ្ងារ ដែល​ទូទៅ​អ្នកនេសាទ​សនិដ្ឋានថា សព​អណ្តែត​ផ្ងារ ជា​សព​មនុស្ស​ស្រី​។ 
 
​លោក បញ្ជាក់ថា​៖«​នៅ​ថ្ងៃទី​២៩ ទើប​សមត្ថកិច្ច ទទួលបាន​ដំណឹង​ថា អ្នកនេសាទ​ប្រទះឃើញ​សាកសព​អណ្ដែត​កាលពី​ថ្ងៃទី​២៧​តុលា​នេះ​។ អ្នកនេសាទ​គ្រាន់តែ​ប្រទះឃើញ ហើយ​មក​រាយការណ៍​ប៉ុណ្ណោះ​។ មកដល់ពេលនេះ នៅ​មិនទាន់​រកឃើញ​សាកសព​នៅ​ឡើង​ទេ ហើយ​យើង​ក៏​មិនទាន់​ប្រាកដថា​សាកសព​នោះ ជា​នារី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​ដែរ​»​។ លោក បន្ថែមថា សមត្ថកិច្ច​កំពុង​ស្វែងរក​សាកសព ដែល​អ្នកនេសាទ​នោះ ប្រទះឃើញ​។  
 
​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​៧​ថ្ងៃ​ហើយ ដោយ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា នៅ​មិន​ទាន់រកឃើញ​នារី​ជនជាតិ​អង់គ្លេស Bambridge Amelia Louise ដែល​បាន​បាត់​ខ្លួន​ន​នោះទេ​។ 
 
​សូមបញ្ជាក់ថា នារី​ដែល​បាត់​ខ្លួន បាន​ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​កោះរ៉ុង​សន្លឹម កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែតុលា ហើយ​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach​។ កម្លាំង​ជំនាញ​ថា គេ​ប្រទះឃើញ​នាង​លើកចុងក្រោយ​នៅក្នុង​កម្មវិធី​ជប់លៀង នៅ​ឆ្នេរ​កោះរ៉ុង​សន្លឹម​ប្រមាណ​ម៉ោង​៣​កន្លះ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤​តុលា ឆ្នាំ​២០១៩​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​រកឃើញ​កាបូប និង​សម្ភារ​មួយចំនួន នៅលើ​ផ្ទាំង​ថ្ម​ក្បែរ​ឆ្នេរ​ជិត​កន្លែង​ជប់លៀង​៕

Tag:
 បាត់​ខ្លួន​
  ជនជាតិ​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com