កីឡាអន្តរជាតិ
អន្តរជាតិ
កាសែត​អ៊ីតាលី ថា Juventus បញ្ជូន​អ្នកជំនាញ​ទៅ​មើល Salah, Eriksen និង Son
31, Oct 2019 , 8:29 am        
រូបភាព
​កាសែត​នៅ​អ៊ីតាលី អះអាងថា​ក្លិប Juventus បាន​បញ្ជូន​អ្នក​អង្កេត​របស់ខ្លួន​ទៅ​មើល​ការប្រកួត​រវាង Liverpool ទល់ Tottenham Spur កាលពី​ចុង​ស​ប្ហា​ហ៍ ដើម្បី​តាមដាន​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ Mohamed Salah ខ្សែបម្រើ Christian Eriksen និង Son Heung-min​។ សេះបង្កង់​គ្រោង​នាំយក​តារា​ទាំងបី​ទៅ​រួម​ក្រុម បើ​ទោះ​សម្បូរ​កីឡាករ​ឆ្នើមៗ​ដូចជា Cristiano Ronaldo រួចហើយ​ក្តី​។​


 
Salah, Eriksen និង Son សុទ្ធតែ​បានបង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង​នា​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League ដោយ​ក្រុម​របស់លោក Jurgen Klopp បាន​យកឈ្នះ Spurs ដែលមាន​លោក Mauricio Pochettino ជា​អ្នកចាត់ការ ក្នុង​លទ្ធផល ២-១​។​
 
​ក្នុងជំនួប​នោះ Salah ជា​អ្នករក​គ្រាប់​ជ័យជម្នះ​ឲ្យ​ហង្ស​ក្រហម​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី មុនពេល Jordan Henderson ស៊ុត​តាមរក​គ្រាប់​តាម​ស្មើ ពោលគឺ​ក្រោយពេល Harry Kane សម្រេច​ទី​គ្រាប់​នាំមុខ​ឲ្យ Spurs តាំងពី​នាទី​ដំបូង​នោះ​។​
 
​យ៉ាងណាក៏ដោយ ការប្រកួត​នៅ Anfield ខ្សែបម្រើ​សញ្ជាតិ​ដា​ណឺ​ម៉ាក Eriksen មិនសូវ​បង្ហាញ​ភាពលេច​ធ្លោ​ដូច​មិត្ត​រួម​ក្រុម Son ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង និង​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អា​ហ្ស៊ី​ប Salah ឡើយ​។​


 
​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​អ៊ីតាលី Tuttosport កីឡាករ​ទាំងបី​នេះ ត្រូវបាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​អង្កេត​របស់​ក្លិប Juventus​។ ពួកគេ​រាយការណ៍​ថា Eriksen វ័យ​២៧​ឆ្នាំ ជា​អាទិភាព​ចម្បង​សម្រាប់​ក្រុម​សេះបង្កង់ ស្របពេល​កិច្ចសន្យា​របស់គេ នឹងត្រូវ​ដល់​កាលកំណត់​នៅ​ដើមរដូវ​កាល​ក្រោយ ដែល​ធ្វើ​ឲ្យ​ក្លិប​យក្ស​អ៊ីតាលី​អាច​ចាប់ផ្តើម​ចរចា​កិច្ចសន្យា​នៅ​ខែម​ករានេះ​តែម្តង​។​
 
​ក្រៅពី​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A អតីត​សមាជិក Ajax រូបនេះ ក៏មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ផងដែរ​។​
 
Son ដែលជា​កីឡាករ​អាស៊ី​មានឈ្មោះ​ក្នុង​បញ្ជី​៣០​រូប​ចុងក្រោយ​ដើម្បី​ប្រជែង​ពានរង្វាន់ Ballon d'Or  ឆ្នាំ​២០១៩​នេះ ក៏​ជា​គោលដៅ​សំខាន់​របស់ Juventus ដែរ បើ​ទោះ​ពួកគេ​សម្បូរ​កីឡាករ​ល្អៗ​ស្រាប់​ហើយ​នោះ​។ ប្រធាន​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង រូបនេះ​ជា​ខ្សែប្រយុទ្ធ​ដែល​បង្គ​គ្រោះថ្នាក់​សម្រាប់​ក្រុម​គូប្រជែង​នៅ Premier League ចាប់តាំងពី​រូបគេ​ផ្លាស់​ពី Bayer Leverkusen កាលពី​ឆ្នាំ​២០១៥​។​
 
​ទន្ទឹមនឹងនេះ Juventus ក្រោម​ការដឹកនាំ​របស់​លោក Maurizio Sarri ក៏​គ្រោង​បើក​ខ្ទង់ចំណាយ​ដ៏​ធំ​មួយ​ដើម្បី​យក Salah ទៅកាន់​ទឹកដី​អ៊ីតាលី​វិញ​ដែរ​។ Salah បាន​ចាក​ចេញពី AS Roma ក្នុង​ឆ្នាំ ២០១៧ ក្រោយ​ធ្វើ​ព្យុះភ្លៀង​នៅ Serie A ពីរ​រដូវ​កាល​រួចមក​។​
 
​ពីរ​រដូវ​កាល​ចុងក្រោយ​នៅ​លី​គ​កំពូល​អង់គ្លេស Salah ជួយ Liverpool ឈ្នះ​ពាន Champions League ១​លើក និង​រង​ជើងឯក​ម្តង និង​ជា​អ្នក​ស៊ុត​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ​នៅ Premier League រដូវ​កាល​មុន​ផងដែរ​៕


 

Tag:
 Juventus
  Mohamed Salah
  Christian Eriksen
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com