ជាតិ
​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ពេញ​មួយ​ព្រះជន្ម​១០៦​ព្រះវស្សា ដើម្បី​ព្រះពុទ្ធសាសនា​
30, Oct 2019 , 10:19 pm        
រូបភាព
ដោយ: រួបរួម
​សម្តេច​សង្ឃ ព្រះ​ធម្មលិខិត លាស់ ឡាយ បាន​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។ ពេញ​មួយ​ព្រះជន្ម​ដែលមាន​រយៈពេល​ជាង​១​សតវត្ស សម្តេចព្រះ​ធម្មលិខិត រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ព្រះពុទ្ធសាសនា តាមរយៈ​ព្រះរាជតួនាទី ជា​សម្តេចព្រះ​សង្ឃនាយក​រង​ទី​១ ព្រះប្រធាន​ថេរ​សភា​សង្ឃ និង​ជាស​ម្តេច​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល​។​

 
​ខាងក្រោម​នេះ​ជា​ព្រះរាជ​ប្រវត្តិ​សង្ខេប​របស់​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ​៖
 
​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ប្រសូត​នៅ​ឆ្នាំ​១៩១៤ នៅ​ភូមិ​ធ្យូង ស្រុក​ពញាឮ ខេត្តកណ្តាល​។ សម្តេច​ជា​កូន​ទី​៥ ក្នុង​គ្រួសារ​ដែលមាន​កូន​សរុប​១០​នាក់ (​ប្រុស​៧​នាក់ ស្រី​៣​នាក់​) ដោយមាន​បិតា​នាម ល័​ក្ខ លាស់ (​អាចារ្យ​លាក់​) និង​មាតា​នាម ស៊ូ អ៊ូច​។ ព្រះអង្គ​បាន​បួស​ជា​សាមណេរ​ក្នុង​អាយុ​១២​ឆ្នាំ ហើយ​បន្ត​រៀនសូត្រ និង​គង់នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ និង​វត្ត​ឧណ្ណាលោម មុន​លាចាក​សិក្ខាបទ​វិញ​ក្នុង​អាយុ​១៩​ឆ្នាំ​។​។​
 
​តាម​សៀវភៅ «​មហា​បុរស​: ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ដែល​រៀបរៀង​ដោយ​លោក ស៊ិន សុវណ្ណ​និ សម្តេច លាស់ ឡាយ បាន​បួស​ជា​ភិក្ខុ ក្នុង​អាយុ​២១​ឆ្នាំ នៅ​វត្ត​សំរោង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែលជា​ស្រុកកំណើត​របស់​មាតា ហើយ​បន្ត​រៀន​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​មហាមន្ត្រី រាជធានី​ភ្នំពេញ​។​
 
​នៅ​ឆ្នាំ​១៩៤៩ ភិក្ខុ លាស់ ឡាយ ទទួលបាន​ប្រកាស​និ​យ​ប​ត្រ​ពីស​ម្តេច​សង្ឃ ហួត តាត ជា​អាចារ្យ​បង្រៀន​ផ្លូវការ​នៅ​ពុទ្ធិកបឋមសិក្សា​នៅ​វត្ត​មហាមន្ត្រី ក្រោយ​បំពេញបាន​បទពិសោធន៍​បង្រៀន​បរិយត្តិ​ធម៌​រយៈពេល​១​ឆ្នាំ​នៅ​វត្ត​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប​។ នា​អំឡុង​ឆ្នាំ​១៩៦៥ ព្រះអង្គ​ទទួលបាន​ការ​តែងតាំង​ងារ​ជា​ព្រះគ្រូ​ឃោ​សា​ភិ​រ័ត្ន​ក្នុងឋាន​នុ​ក្រម​សង្ឃ ហើយ​៥​ឆ្នាំ​ក្រោយមក​ព្រះអង្គ ក្លាយជា​ប្រធាន​គណៈសង្ឃ​ប្រចាំ​វត្ត​មហាមន្ត្រី​។​
 
​នៅ​ឆ្នាំ​១៩៧៥ ព្រះអង្គ​ត្រូវ​របប​ខ្មែរក្រហម និរទេស និង​ចាប់​ផ្សឹក​នៅ​វត្ត​មណ្ឌប ស្រុក​ស្រី​ស​ន្ទ​រ ខេត្តកំពង់ចាម​។ នៅ​ឆ្នាំ​១៩៧៩ ព្រះអង្គ​បាន​វិល​ចូល​ភ្នំពេញ​វិញ និង​គង់នៅ​វត្ត​សន្សំ​កុសល ដោយ​បំពេញ​ភិក្ខុ​ភារៈ​ឡើងវិញ​នៅ​វត្ត​ឧណ្ណាលោម ដោយមាន​ព្រះ​វិន័យធរ ទេព វង្ស ជា​ព្រះ​ឧបជ្ឈាយ៍​។​
 
​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ តែងតាំង​ជា​ព្រះអង្គ លាស់ ឡាយ ជា «​សម្តេចព្រះ​ធម្មលិខិត​» តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​កាលពី​ឆ្នាំ​១៩៩៥​។ យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ធម្មលិខិត​» មានន័យថា អ្នកសរសេរ​, កត់ត្រា​, ចម្លង​ធម៌ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​សមណស័ក្តិ​ខាង​បព្វជិត​ទី​រាជាគណៈ​ជាន់ខ្ពស់ : ព្រះ​ធម្មលិខិត​; ចួនកាល​ព្រះករុណា​ជា​ម្ចាស់ជីវិត​ទ្រង់​ប្រោស​ព្រះរាជទាន​តាំង​ដល់ទី​សម្ដេច​ក៏មាន : សម្ដេចព្រះ​ធម្មលិខិត ។​


 
​ឈានដល់​ឆ្នាំ​២០០១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ទ្រង់​ប្រទាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហាសេនា ។ នៅ​ឆ្នាំ​២០០៦ ព្រះអង្គ​ក្លាយជា​ប្រធាន​ថេរ​សភា​សង្ឃ​នៃ​ពុទ្ធសាសនា​។ តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០០៧ សម្តេច​សង្ឃ លាស់ ឡាយ ត្រូវបាន​តម្លើង​ឋានៈ​ពី​ព្រះសង្ឃ​នាយករង​ទីមួយ ទៅជា «​សម្តេច​សង្ឃនាយក​រង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដោយ​ស័ព្ទ​ប្រើ​ចំពោះ​ព្រះអង្គ ជា «​រាជ​ស័ព្ទ​» ហើយ​ព្រះអង្គ​មាន​សិទ្ធិ​ប្រើ​ផ្លិត​យស​ពិសេស​។​
 
​ឯកសារ​ស្រាវជ្រាវ​បានបង្ហាញ​ផងដែរ​ថា សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ មានចំណេះដឹង​ផ្នែក​ភាសា​បារាំង ភាសា​ថៃ ហើយ​អាច​សន្ទនា និង​សម្រាយ​ភាសាបាលី​បាន​។ បើតាម​ដូនជី​រក្សាសីល​នៅ​វត្ត​សន្សំ​កុសល សម្តេចព្រះ​ធម្មលិខិត ឆាន់​យ៉ាង​ទៀត​ទាត់​នៅពេល​ព្រឹក និង​ថ្ងៃត្រង់​។​
 
​ស្នា​ព្រះហស្ដ​ដែល​សម្ដេចព្រះ​ធម្មលិខិត លាស់ ឡាយ បាន​ចងក្រង​រួមមាន​៖ ១-​អន្តរធាន​កថា​, ២-​អច្ឆរិយ​កថា​, ៣-​សច្ច​ប្បរិ​យា​ល​, ៤-​ទុល្លភ​កថា ឬ​ច្បាប់​ល្អ​ក្រ​រកបាន​, ៥-​សង្គ្រាម​អមនុស្ស​ថ្មី​ចាស់​, ៦-​សង្ខារ​ប្បរិ​យា​ល​, ៧-​ប្រវត្តិ​ព្រះពុទ្ធសាសនា ក្រោយ​បរិ​និ​ពា​ន្វ​, ៨-​កាយ​កថា​សតិ​កម្មដ្ឋាន​, ៩-​សីមា​វណ្ណនា​, ១០-​រំឭក​គុណ​ព្រះ​, ១២-​ប្រវត្តិ​ព្រះ​កច្ចាយន​ត្ថេ​រ​, ១៣-​ប្រែ​មាឃ និង​វិសាខបូជា​, ១៤-​រឿង​ទ​ហរ​ភិក្ខុ​, រឿង​ដ​ដិ​ល​ខុសមាត់​, រឿង​ជោតិក​ត្តេ​រ​ភិក្ខុ​, រឿង​សម្ព​ហុ​ល​ភិក្ខុ ។​


 
​បន្ថែម​ពីលើ​នេះ សម្តេច​បាន​បន្សល់​នូវ​ស្នា​ព្រះហស្ត និង​សមិទ្ធផល​ជាច្រើន​ក្នុង​ពុទ្ធចក្រ និង​អាណាចក្រ ក្នុងនោះ​មានដូចជា​ការបង្កើត​ពុ​ទ្ធិ​ក​វិទ្យាល័យ​សម្ដេចព្រះ​ធម្មលិខិត លាស់ ឡាយ សន្សំ​កុសល ជាដើម​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅក្នុង​សារ​រំលែក​ទុក្ខ​ថា ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ព្រះ​ធម្មលិខិត លាស់ ឡាយ គឺជា​ការបាត់បង់​សមាណ​សង្ឃ​ជា​ពហុ​សូត្រ​ដ៏​ឆ្នើម​បំផុត​ក្នុងការ​លើកស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា និង​ជា​ព្រះ​កវី​ពោរពេញ​ដោយ​ព្រះ​ពុទ្ធិ​ជ្រៅជ្រះ​។​
 
«​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ បាន​បន្សល់​នូវ​ស្នា​ព្រះហស្ត​ច្រើន​ឥត​គណនា​ក្នុង​វិស័យ​ពុទ្ធចក្រ អាណាចក្រ និង​រួមចំណែក​ព្រះ​បរិច្ចាគ ទ្រទ្រង់​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដោយ​ព្រះ​សទ្ធា​ជ្រះថ្លា​បរិសុទ្ធ​»​។ នេះ​ជា​សំណេរ​របស់​សម្តេច ហ៊ុន សែន ថ្វាយ​ដល់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជរ ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕



Tag:
 ព្រះពុទ្ធ​
  សម្តេច លាស់ ឡាយ​
© រក្សាសិទ្ធិដោយ thmeythmey.com