កីឡាអន្តរជាតិ
អន្តរជាតិ
Lampard៖ បម្រាម​ទិញ​កីឡាករ​គ្មាន​ឥទ្ធិពល​ឡើយ ដ្បិត​យុវជន Chelsea ប្រើការ​បាន​
30, Oct 2019 , 10:39 pm        
រូបភាព
Frank Lampard អ្នកចាត់ការ​ទូទៅ​ក្រុម Chelsea ថា​លោក​ដាក់​គម្រោង​នាំ​កីឡាករ​យុវជន​ដ៏​រំភើប​មួយ​នៅ​រដូវ​កាល​នេះ ដោយ​មិន​ខ្វល់​ពី​បម្រាម​ផ្ទេរ​កីឡាករ​ឡើយ​។ តោ​ខៀវ ត្រូវបាន UEFA ពិន័យ​មិន​ទិញ​កីឡាករ​ចូល​ពេញ​មួយ​រដូវ​កាល ២០១៩-២០ នេះ ដ្បិត​ទិញ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​លើស​កំណត់​។​


 
​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស បាន​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ដែលមាន​ទេពកោសល្យ​ដូចជា​ខ្សែប្រយុទ្ធ Tammy Abraham ខ្សែបម្រើ Mason Mount និង​ខ្សែការពារ Fikayo Tomori ដោយ​ជោគជ័យ​រួចមកហើយ​ចាប់តាំងពី​ឡើងទៅ​ដឹកនាំ Chelsea នៅ​ដើមរដូវ​កាល​នេះ​។​
 
​ដើមឡើយ​គេ​គិតថា នេះ​ជា​រដូវ​កាល​ដ៏​លំបាក​សម្រាប់​លោក Lampard ស្របពេល Chelsea កំពុង​ជួប​បញ្ហា​ខ្លាំង​។ បញ្ហា​នោះ​គឺ តោ​ខៀវ​បាន​លក់​កីឡាករ​ឆ្នើម​របស់ខ្លួន Eden Harzad ទៅ​ឲ្យ Real Madrid ខ្សែប្រយុទ្ធ Alvaro Morata ទៅ AT-Madrid ហើយ​ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ថែមទៀត​។​


 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ហា​ទាំងអស់នេះ​មិនបាន​បង្អាក់ដំណើរ​តោ​ខៀវ​ដើម្បី​ប្រជែង​ពាន Premier League និង Champions Leageu រដូវ​កាល​នេះឡើយ​។ កីឡាករ​ក្មេងៗ​បានផ្តល់​ផ​លទ្ធផល​ដ៏​ល្អប្រសើរ​ឲ្យ​ក្រុម​លោក Lampard ដោយ​ក្នុងនោះ​ពួកគេ​បានឈ្នះ​៧​ប្រកួត​ជាប់ៗ​គ្នា ជាមួយ​ទម្រង់​លេង​ដ៏​ស្វិតស្វាញ​។​
 
«​ខ្ញុំ​បាន​បាន​មើលឃើញ​នូវ​អ្វីដែល​កីឡាករ​ក្មេងៗ​អាចធ្វើ​បាន​។ បើ​ទោះ​មិន​ជាប់​បម្រាម​ផ្ទេរ​កីឡាករ ហើយ​អាច​ទិញ​កីឡាករ​ថ្មី​ចូល ក៏​ខ្ញុំ​នៅតែ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ចូល​លេង​ដដែល ព្រោះ​ខ្ញុំ​ជឿជាក់​លើ​ពួកគាត់​»​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​វ័យ​៤១​ឆ្នាំ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន មុនពេល Chelsea ត្រូវ​តទល់​ជាមួយ Manchester United ក្នុង​ក្របខណ្ឌ EFL Cup នៅ​យប់​ថ្ងៃទី​៣០ ខែតុលា​នេះ​។​
 
​ឆ្លងកាត់​ការប្រកួត​១០​លើក Chelsea រកបាន​២០​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​៤ ក្នុង​តារាង Premier League តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន ៨​ព​ន្ទុ​។ សម្រាប់​ក្របខណ្ឌ​លី​គ​កំពូល​អឺរ៉ុប តោ​ខៀវ​នៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល H មាន​៦​ពិន្ទុ​ស្មើ​ជាមួយ Ajax ដែល​នៅ​កំពូល​តារាង​៕

Tag:
 Chelsea
  Frank Lampard
© រក្សាសិទ្ធិដោយ thmeythmey.com