លោក វី តា​រ៉ា ត្រូវបាន​ហ្វីលីពីន​តែងតាំង​ឲ្យ​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​
កីឡាជាតិ
ជាតិ
លោក វី តា​រ៉ា ត្រូវបាន​ហ្វីលីពីន​តែងតាំង​ឲ្យ​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​
31, Oct 2019 , 8:59 am        
រូបភាព
លោក​ វី តារ៉ា ពេលធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតមិត្តភាពអន្តរជាតិរបស់កីឡាករកម្ពុជាជាមួយហ្វីលីពីន
លោក​ វី តារ៉ា ពេលធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតមិត្តភាពអន្តរជាតិរបស់កីឡាករកម្ពុជាជាមួយហ្វីលីពីន
​លោក វី តា​រ៉ា ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​គុន​ល្បុក្កតោ ត្រូវបាន​ហ្វីលីពីន តែងតាំង​ឲ្យ​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម ដើម្បី​កាត់សេចក្តី​ក្នុងការ​ប្រកួត​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន Arnis ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​។ សម្រាប់​តំណែង​នេះ លោក តា​រ៉ា ជឿជាក់ថា វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ខ្លួន និង​កីឡាករ​ដែល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។

 
​លោក វី តា​រ៉ា នឹង​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​កាត់សេចក្តី​ក្នុងការ​ប្រកួត​កីឡា​ដំបង​ខ្លី Arnis ដែលជា​កីឡា​វប្បធម៌​ប្រពៃណី​របស់​ហ្វីលីពីន ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​។ ការទទួលបាន​សិទ្ធិ​នេះ ធ្វើ​ឡើយ​ក្រោយ លោក ត្រូវបាន​សហព័ន្ធ​កីឡា Arnis ហ្វីលីពីន​តែងតាំង​ឲ្យ​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​កីឡា​កម្រិត​អន្តរជាតិ នៅ​ថ្ងៃទី​៣០ ខែតុលា​នេះ​។ 
 
​ការតែងតាំង​នេះ គឺជា​លក្ខខណ្ឌ​តម្រូវ​របស់​ម្ចាស់ផ្ទះ​ហ្វីលីពីន ដែល​តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​នេះ ត្រូវតែមាន​អាជ្ញាកណ្តាល​ចៅក្រម​ម្នាក់​ចូលរួម​កាត់សេចក្តី​។ លោក វី តា​រ៉ា ជា​បេក្ខភាព​តែ​ម្នាក់​គត់ ដែល​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​បានដាក់​ស្នើ​ទៅ​សហព័ន្ធ​កីឡា Arnis ហ្វីលីពីន ដើម្បី​សុំ​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​។ ការជ្រើសរើស​លោក តា​រ៉ា ដោយសារ​លោក​មាន​បទ​ពិសោធ​ធ្វើ​អាជ្ញាកណ្តាល​ចៅក្រម​កន្លងមក និង​តាមរយៈ​សមត្ថភាព​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​លើ​ជំនាញ​នេះ​។​


 
​សម្រាប់​លោក វី តា​រ៉ា នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​លោក​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ក៏ដូចជា​សិក្សា​ពី​របៀប​រៀបចំ ការដាក់​ពិន្ទុ និង​កាត់ក្តី​របស់​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​ដទៃ ដើម្បី​ធ្វើជា​បទពិសោធ​ក្នុងការ​អភិវឌ្ឍន៍​ប្រព័ន្ធ​កាត់ក្តី​របស់​គុន​ល្បុក្កតោ​ឲ្យ​កាន់តែ​ប្រសើរ​។ វា​ក៏​ជា​មេរៀន​សម្រាប់​លោក​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។ 
 
«​យើង​ធ្លាប់តែ​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស តែ​យើង​មិន​ធ្លាប់​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​នោះទេ​។ ដូច្នេះ​ការចូលរួម​លើក​នេះ​ធ្វើ​ឲ្យ​យើង​បានដឹង​ពី​របៀបរបប​នៃ​ការធ្វើការ​របស់គេ បទដ្ឋាន​បច្ចេកទេស​នៃ​ការដាក់​ពិន្ទុ​របស់គេ ធ្វើ​យ៉ាងម៉េច​ឲ្យ​វា​កាន់​តែមាន​សុក្រឹតភាព​។ ខ្ញុំ​គិតថា​បទពិសោធ​នឹង​ល្អ​មែនទែន ក្នុង​ការយកមក​អភិវឌ្ឍន៍​គុន​ល្បុក្កតោ​យើង លើ​ផ្នែក​អាជ្ញាកណ្តាល​ចៅក្រម​»​។ នេះ​ជាការ​លើកឡើង​របស់លោក វី តា​រ៉ា ដែល​បាន​បន្ថែមថា​៖«​យើង​បាន​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​ផ្ទាល់ ដូច្នេះ​យើង​ដឹង​ច្បាស់​ពី​របៀបរបប​ដាក់ពិន្ទុ និង​ធ្វើ​ឲ្យ​ដឹងថា​កីឡាករ​ណា​មានប្រៀប​ជាង ឬ​មិនមាន​ប្រៀប ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​ផងដែរ ក្នុងការ​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ចំណុចខ្សោយ​របស់​កីឡាករ​យើង​»​។ 


 
​ក្រៅពី​សិក្សា​ទ្រឹស្តី​លើ​ជំនាញ​អាជ្ញាកណ្តាល​ចៅក្រម លោក តា​រ៉ា បាន​ចូលរួម​អនុវត្ត​ផ្ទាល់​ក្នុងការ​ប្រកួត​កីឡា Arnis មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ហ្វីលីពីន ដែល​រៀបចំ​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៦-៣០ ខែតុលា ទៀតផង​។ សម្រាប់​ការប្រកួត​មិត្តភាព​នេះ ហ្វីលីពីន​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​២០​រូប ឲ្យ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​កម្ពុជា​។ 
 
​បើតាម​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដកស្រង់​បច្ចេកទេស​គ្នា​ទៅវិញទៅមក ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​នឹង​ឈានចូល​មកដល់​នៅ​ចុងខែ​វិច្ឆិកា​នេះ​។ ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​សមត្ថភាព​អាជ្ញាកណ្តាល​ចៅក្រម និង​បញ្ជ្រាប​បទ​ការប្រកួត​ចុងក្រោយ​ដល់​កីឡាករ​កីឡាការិនី ក៏​ជា​គោលបំណង​នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ផងដែរ​៕   



Tag:
 ​ល្បុក្កតោ​
  វី តា​រ៉ា​
  Arnis
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com