ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ថប់​អារម្មណ៍​? កុំ​រំលង​អត្ថបទ​នេះ​
31, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​ថប់​អារម្មណ៍​មែន​ទេ​? ហើយ​មិន​ថា​អ្នក​ព្យាយាម​ប្រឹងប្រែង​យកឈ្នះ​លើ​អាកា​រៈ​នៃ​ជំងឺ​ប៉ុណ្ណា ក៏​វា​ហាក់ដូចជា​មិន​ប្រសើរឡើង​ឬ​? នោះ​អាច​ប្រហែល​មកពី​អ្នក​មិន​ព្រម​កាត់បន្ថយ ឬ​បញ្ឈប់​ទម្លាប់​មួយចំនួន​ដែល​បង្ក​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​ថប់​អារម្មណ៍​កាន់តែ​ធ្ងន់ធ្ងរ​! ហើយ​ភាគច្រើន​អ្នកធ្វើ​សកម្មភាព ឬ​ទម្លាប់​មិនល្អ​ទាំងនោះ​ដោយ​មិនដឹង​ខ្លួន​ថា​វា​អាច​បង្ក​ផលប៉ះពាល់​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​បញ្ឈប់ ប្រសិនបើ​មិន​ចង់ឱ្យ​ស្ថានភាព​នៃ​ជំងឺ​ថប់​អារម្មណ៍​កាន់តែ​យ៉ាប់យ៉ឺន ៖
 
១. ចំណាយពេល​នៅតែ​ម្នាក់ឯង​ច្រើនពេក​

​ការជ្រើសរើស​នៅតែ​ម្នាក់ឯង​សឹង​គ្រប់ពេល គឺ​មិនមែនជា​គំនិតល្អ​ឡើយ ជាពិសេស​ប្រសិនបើ​អ្នកមាន​បញ្ហា​ជំងឺ​ថប់​អារម្មណ៍​។ ក្រុម​អ្នកជំនាញ​ក៏បាន​ឱ្យដឹងថា ដូចគ្នានេះ​ផងដែរ​ថា ការចំណាយ​ពេល​នៅតែ​ម្នាក់ឯង​ច្រើនពេក គឺ​មិនល្អ​សោះឡើយ​សម្រាប់​អ្នកជំងឺ​ថប់​អារម្មណ៍ ដោយ​វា​អាចធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ជំនួស​មកវិញ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ចំណាយពេល​ជាមួយ​សមាជិកគ្រួសារ និង​មិត្តភក្តិ ហើយ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេងៗ ឬ​សាង​ការចងចាំ​ល្អៗ​ជាមួយ​ពួកគេ​ដើម្បី​រក្សា​ចិត្ត​ឱ្យ​រវល់​ភ្លេច​ទុក្ខ​កង្វល់ ក៏ដូចជា​ការ​ខ្វល់ខ្វាយ​ហួសហេតុ​។​
 
២. មិន​ចំណាយ​ពេលធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​សោះ​

​មនុស្ស​សឹងតែ​គ្រប់គ្នា​ដឹង​ហើយ​ថា ការធ្វើ​លំ​ហាត់ប្រាណ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្រស់ស្អាត​សុខភាព​ផ្លូវកាយ​ល្អប្រសើរ​ឡើយ ប៉ុន្តែ​ក៏​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយចិត្ត​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ខួរក្បាល​ពោរពេញ​ទៅដោយ​អ័រម៉ូន​រីករាយ​នៅពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ​ណាមួយ​។ សកម្មភាព​រាងកាយ​ភាគច្រើន​អាច​រាប់​ជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ ដូច្នេះហើយ​ទើប​ការដើរ ឬ​គ្រាន់តែ​រត់​ត្រឹកៗ​ជំនួស​ការ​អង្គុយ ឬ​គេង​អាចជួយ​លើក​អារម្មណ៍​របស់​អ្នក​ជៀស​ផុតពី​អាកា​រៈ​នៃ​ជំងឺ​ថប់​អារម្មណ៍​។ វា​ក៏​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ដែរ​ក្នុងការ​ចំណាយពេល​នៅក្រោម ឬ​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លះ ក៏​ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សា​អារម្មណ៍​ស្រស់ស្រាយ​។​
 
៣. ការទទួល​ទាន​អាហារ​កែច្នៃ​

​យោងតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា ទោះបី​ជាការ​ទទួលទាន​ដំឡូងបារាំង​បំពង ដំឡូងបារាំង​ចៀន ឬ​អាហារ​កែច្នៃ​ដទៃទៀត​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយ​ចិត្តបាន ប៉ុន្តែ​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​សឹង​គ្រប់ពេល​អាច​បង្ក​ជា​បញ្ហា​ថប់​អារម្មណ៍ ឬ​ធ្លាក់​ទឹកចិត្ត​នៅ​ថ្ងៃ​ណាមួយ​នាពេល​អនាគត​។ មកទល់នឹង​ពេល​សព្វថ្ងៃនេះ ការសិក្សា​ស្រាវជ្រាវ​កាន់តែ​ច្រើនឡើងៗ​កំពុង​ព្យាយាម​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ជំងឺ​ថប់​អារម្មណ៍ និង​ការ​ទទួលទាន​អាហារ​កែច្នៃ​។ វេជ្ជបណ្ឌិត​ជាច្រើន​ជឿថា គ្រឿងផ្សំ​មួយចំនួន​នៅក្នុង​អាហារ​កែច្នៃ រួមបញ្ចូល​ទាំង​ស្ករ​ចម្រាញ់ សារធាតុ GMO’s សារធាតុ​គ្លូ​ទែន (Gluten) និង​គ្រឿងផ្សំ​សិប្បនិម្មិត​បន្ថែម​រសជាតិ​ផ្សេងទៀត គឺអាច​បង្ក​ការរំខាន​ដល់​សារធាតុ​គីមី​របស់​ខួរក្បាល​ដែល​នឹង​នាំឱ្យ​កើតមាន​ជំងឺ​ថប់​អារម្មណ៍ ក៏ដូចជា​ធ្លាក់​ទឹកចិត្ត​។​
 
៤. ការ​ទទួលទាន​កាហ្វេ​ច្រើន​ហួស​

​វា​មិនមែនជា​រឿង​ចំលែក​អ្វី​ឡើយ​ដែល​ការ​ទទួលទាន​កាហ្វេ​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ញ័រ ចង្អោរ​ចង់​ក្អួត និង​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ជាពិសេស​ចំពោះ​អ្នក​ដែល​ចាញ់​ជាតិ​កាហ្វេ​អ៊ី​ន​។ ជាតិ​កាហ្វេ​អ៊ី​ន​អាច​បង្កបញ្ហា​នៃ​ជំងឺ​ថប់​អារម្មណ៍ ឬ​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​នេះ​ស្រាប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ​តែម្ដង​។ ហើយ​អ្នក​ក៏​គួរតែ​កម្រិត​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដទៃ​ដូចជា​តែ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផង​។​
 
៥. រំលង​ម៉ោង​អាហារ​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ភ្លេច ឬ​រំលង​ម៉ោង​ទទួលទាន​អាហារ​អាច​ណ្ដា​ល​ឱ្យ​អ្នក​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​ថប់​អារម្មណ៍ ឬ​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​? នោះ​ក៏​ព្រោះតែ​នៅពេល​អ្នក​មិន​ទទួលទាន​អាហារ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវ​ថយចុះ ហើយ​អាច​បង្ក​ជា​អាកា​រៈ​នៃ​ជំងឺ​ថប់​អារម្មណ៍​។​
 
៦. គេង​មិន​គ្រប់ ឬ​ចូល​គេង​យប់​ជ្រៅ​

​ការមិន​ងងុយគេង​ជា​រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​អារម្មណ៍​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​គួរ​ព្យាយាម​យកឈ្នះ​លើ​បញ្ហា​នេះ​ឱ្យបាន​។ កង្វះ​នៃ​ការ​គេង​អាច​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ដែល​ធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​យ៉ាប់​ឡើង​គួរឱ្យ​ព្រួយបារម្ភ​។​
 
៧. ការ​ចំណាយពេល​ច្រើនពេក​លើ​បណ្ដាញ​សង្គម​

​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានឱ្យដឹងថា​ការចំណាយ​ពេល​ច្រើន​លើ​បណ្ដាញ​សង្គម​អាចធ្វើឱ្យ​អ្នក​ងាយ​នឹងមាន​អារម្មណ៍​តានតឹង មិន​សប្បាយចិត្ត ក៏ដូចជា​ថប់​អារម្មណ៍​។ នោះ​ក៏​ព្រោះតែ​ពេលខ្លះ​ក្រោយ​ឃើញ​ស្ថានភាព​ជោគជ័យ​របស់​ន​រណា​ម្នាក់​ហើយ អ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​គិតថា​ខ្លួនឯង​អន់​ជាងគេ​ខ្លាំង​ដែល​ធ្វើឱ្យ​ក្លាយជា​កង្វល់​ក្នុង​ចិត្ត ឬ​ថប់​អារម្មណ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com