អន្តរជាតិ
ជប៉ុន៖ អគ្គិភ័យបានលេបត្របាក់ប្រាសាទ Shuri ដែលមានអាយុច្រើនជាង៥០០ឆ្នាំ អគ្គិភ័យ កំពុងលេបត្របាក់ប្រាសាទShuri, រូបភាព៖ Reuters
× នាពេលព្រឹកថ្ងៃទី៣១ ខែតុលា អគ្គិភ័យមួយ បានលេបត្របាក់ប្រាសាទបុរាណជប៉ុន ដែលស្ថិតនៅភាគខាងត្បូងកោះអូគីណាវ៉ា។ ហេតុការណ៍នេះ បានបំផ្លាញទ្រព្យសម្បត្តិជាច្រើនរបស់ប្រាសាទ។ នេះបើតាមការអះអាងរបស់អាជ្ញាធរតំបន់។
ប្រាសាទ Shuri គឺជាសំណង់ប្រាសាទដ៏សំខាន់មួយ ដែលត្រូវបានគេកសាងឡើងនៅក្នុងសម័យអាណាចក្រ Ryukyu និងត្រូវបានដាក់ឲ្យប្រើប្រាស់ប្រហែលនៅក្នុងឆ្នាំ១៤០០ ។ ដោយសារមានការខូតខាត និងបាក់បែកផ្នែកខ្លះនៃស្នាដៃស្ថាបនកម្មមួយនេះ រដ្ឋាភិបាលជប៉ុនបានស្ថាបនាឡើងវិញ តាមគម្រោងដើម ដោយផ្អែកទៅតាមរូបថតនៃប្រាសាទ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី៣១ ខែតុលា នាវេលាប្រមាណជាម៉ោង ៣ទាបភ្លឺ ប្រាសាទShuri ត្រូវបានអភ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ ហើយរហូតមកដល់ពេលនេះអាជ្ញាធរជប៉ុន មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ឡើងទាក់ទិនទៅនឹងឧបទ្ទវហេតុនេះ។ ប្រាប់ទីភ្នាក់ងារព័ត៌មានAFP អ្នកនាំពាក្យរបស់ប៉ូលិសខេត្តអូគីណាវ៉ា បានអះអាងថា មកទល់ពេលនេះ មន្ត្រីប៉ូលិស មិនទាន់ដឹងមូលហេតុច្បាស់លាស់ទេ ប៉ុន្តែសញ្ញាអាសន្នបានរោទ៍ឡើងប្រហែលជានៅម៉ោង ២ និង៣០នាទីព្រឹក។ ប្រាសាទសំខាន់ជាងគេ ត្រូវបានភ្លើងឆេះ និងរីករាលដាលយ៉ាងលឿនទៅលើប្រាសាទផ្សេងៗទៀត ហើយពេលនេះក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ ។
លោកស្រី Mikiko Shiroma អភិបាលក្រុង បានបង្ហាញក្ដីភ័យបារម្ភពីបញ្ហានេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលផ្សាយដោយទូរទស្សន៍ជប៉ុន NHK លោកស្រីអភិបាលក្រុង Naha បានលើកឡើងថា៖ «ខ្ញុំមានការភ័យរន្ធត់ជាខ្លាំង ដោយសារតែរបាយការណ៍ភ្លើងឆេះប្រាសាទ Shuri»។ លោកស្រី និងប្រជាជនទាំងអស់ សន្យាថានឹងព្យាយាមជួយពន្លត់អគ្គិភ័យមួយនេះឲ្យទាល់តែបាន។
សូមបញ្ជាក់ថា ប្រាសាទ Shuri ត្រូវបានបំផ្លាញយ៉ាងខ្លាំងនៅក្នុងសង្គ្រាមលោកលើកទីពីរ ប៉ុន្តែត្រូវបានរដ្ឋាភិបាលជប៉ុនជួសជុលឡើងវិញ និងបើកជាឧទ្យានជាតិសារជាថ្មីនៅក្នុងឆ្នាំ១៩៩២។ រហូតមកដល់ឆ្នាំ២០០០ ស្នាដៃស្ថាបត្យកម្មមួយនេះ និងប្រាសាទផ្សេងទៀតនៅជុំវិញតំបន់នោះ ត្រូវបានគេចុះបញ្ជីដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP ៕
© រក្សាសិទ្ធិដោយ thmeythmey.com