ជាតិ
សង្គមជាតិ
អង្គការ HRW គ្រោង​សម្ពោធ​សៀវភៅ​បែប​គំនូរ​«​ក្បត់​ពាក្យ​ស​ន្យា​»​ពី​រឿងរ៉ាវ​របស់​អ្នកនាង​តាត ម៉ា​រី​ណា​
31, Oct 2019 , 7:59 pm        
រូបភាព
គម្រប​សៀវភៅ​បែប​គំនូរ​ដែល​មាន​ចំណង​ជើង​ថា «ក្បត់ពាក្យសន្យា៖ រឿងពិត‍» ដែល​និពន្ធដោយ​លោក Eric Pape និង​អ្នក​គំនូរ Vrej Kassouny សហការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ (រូបថតដោយ Human Rights Watch)
គម្រប​សៀវភៅ​បែប​គំនូរ​ដែល​មាន​ចំណង​ជើង​ថា «ក្បត់ពាក្យសន្យា៖ រឿងពិត‍» ដែល​និពន្ធដោយ​លោក Eric Pape និង​អ្នក​គំនូរ Vrej Kassouny សហការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ (រូបថតដោយ Human Rights Watch)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ កាលពីដើម​ខែធ្នូ ឆ្នាំ​១៩៩៩ នៅ​ផ្សារ​អូឡាំពិក រាជធានី​ភ្នំពេញ យុវតី​វ័យក្មេង​ម្នាក់ ត្រូវបាន​ស្ត្រី​ម្នាក់​និង​អង្គរក្ស​ពីរ​នាក់ ជះ​ទឹក​អាស៊ីដ​ចំណុះ​៥​លីត្រ ស្រោច​ពេញ​ក្បាល មុខ និង​ដងខ្លួន​។​

 
​ឥឡូវ​ជិត​២០​ឆ្នាំ​ក្រោយមក រឿងរ៉ាវ​ផ្ទាល់ខ្លួន​និង​បទពិសោធន៍​ដ៏​ខ្លោចផ្សារ​របស់​យុវតី​ខ្មែរ​ម្នាក់នេះ ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​វ័យ​កណ្តាល ត្រូវបាន​រៀបរាប់​នៅក្នុង​សៀវភៅ​បែប​គំនូរ​មួយ ដែល​នឹង​ចេញផ្សាយ​ជា​សាធារណៈ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើ​យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch​។​
 
​សៀវភៅ​ដែលមាន​ចំណងជើង​ថា “He Promised to Protect Me: A True Story” ឬ​ជា​ភាសា​ខ្មែរ​ថា «​ក្បត់ពាក្យសន្យា​៖ រឿង​ពិ​ត‍​» បង្ហាញ​ពីបទ​ពិសោធន៍​របស់​អ្នកនាង តាត ម៉ា​រី​ណា ដែលជា​ជនរងគ្រោះ​ម្នាក់ ដោយសារ​ការ​ជះ​ទឹក​អាស៊ីដ​នៅ​កម្ពុជា​។​
 
​សៀវភៅ​នេះ​ត្រូវបាន​និពន្ធ​ឡើង​ដោយ​លោក Eric Pape ដែលជា​អ្នកកាសែត និង​អ្នកនិពន្ធ​បែប​រូបភាព​ជនជាតិ​អាមេរិកាំង​ម្នាក់​។ លោក​បាន​រៀបរៀង​សៀវភៅ​នេះ​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​សហការ​ជាមួយនឹង​អ្នក​គូររូប​ជនជាតិ​អាមេរិកាំង​ឈ្មោះ Vrej Kassouny និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch​។​
 
​សៀវភៅ​ដែលមាន​កម្រាស់​ចំនួន​១៣២​ទំព័រ​នេះ ត្រូវបាន​បោះពុម្ពផ្សាយ​ជា​បី​ភាសា​គឺ​ភាសា​អង់គ្លេស ភាសា​ខ្មែរ និង​ភាសា​ថៃ​។​
 
​បុព្វកថា​របស់​អ្នកនិពន្ធ​នៅក្នុង​សៀវភៅ​នេះ ឲ្យ​ដឹងថា តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ និង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​នេះ អ្នកនាង តាត ម៉ា​រី​ណា សង្ឃឹមថា «​ក្មេងស្រី​និង​ស្ត្រី​ដទៃទៀត អាច​គេច​ផុតពី​ទុក្ខភ័យ​ដែល​នាង​បាន​ស៊ូ​ទ្រ‍ាំ​» ក្រោយពី​សោកនាដកម្ម​នៃ​ការ​ជះ​ទឹក​អាស៊ីដ​មកលើ​រូបនាង ក្នុងពេល​ដែលមាន​អាយុ​ត្រឹមតែ​១៧​ឆ្នាំ​ប៉ុណ្ណោះ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com