ជាតិ
សេដ្ឋកិច្ច
ADB-​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ពីរ​ដែលមាន​ទឹកប្រាក់​៨៩​លាន​ដុល្លារ ដើម្បី​កែលម្អ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ
31, Oct 2019 , 10:29 am        
រូបភាព
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) នៅថ្ងៃទី៣០ តុលា ឆ្នាំ២០១៩។ រូបភាព៖ADB
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) នៅថ្ងៃទី៣០ តុលា ឆ្នាំ២០១៩។ រូបភាព៖ADB
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ ដែលមាន​ទឹកប្រាក់​ចំនួន ៨៩ លាន​ដុល្លារ សម្រាប់​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង​អនាម័យ​ជនបទ​ដំណាក់កាល​ទី​៣ និង​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​(​អនុ​កម្មវិធី​ទី​២) កាលពី​ថ្ងៃទី​៣០ ខែតុលា​។ កិច្ចព្រមព្រៀង​ទាំងពីរ នឹង​បង្កើន​លទ្ធភាព​របស់​តំបន់​ជនបទ ក្នុងការ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ព្រមទាំង​កែលម្អ​កិច្ចខិតខំ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

 
​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ ដែលមាន​ទឹកប្រាក់ ៨៩ លាន​ដុល្លារ  សម្រាប់​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង​អនាម័យ​ជន បទ​ដំណាក់កាល​ទី​៣ និង​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​(​អនុ​កម្មវិធី​ទី​២)​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៣០ ខែតុលា នៅឯ​ពិធី​មួយ ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB កិច្ចព្រមព្រៀង​ទាំងពីរ​នេះ នឹង​ជួយ​បង្កើន​លទ្ធភាព​របស់​តំបន់​ជនបទ ក្នុងការ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ព្រមទាំង​កែលម្អ​កិច្ចខិតខំ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ 
 
​លោកស្រី Sunniya Durrani-Jamal បាន​មានប្រសាសន៍​ក្នុង​ប្រកាស​ព័ត៌មាន​ដដែល​ថា កម្មវិធី​ទាំងពីរ​នេះ គាំទ្រ​ដល់​វិស័យ​អាទិភាព​ទាំង​៤​របស់​យុទ្ធសាស្ត្រ​ចតុកោណ រួមមាន​ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការកែលម្អ​ការថែទាំ​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ​, ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​, ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ឯកជន ការងារ និង​មុខរបរ តាមរយៈ​កិច្ច​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព តាមរយៈ​ការលើកកម្ពស់ វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB បញ្ជាក់​បន្តថា​៖«​ប្រជាពលរដ្ឋ​ប្រមាណ ៤០០,០០០​នាក់ នឹង​ទទួលបាន​ប្រយោជន៍ ពី​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង​អនាម័យ​ជនបទ ដំណាក់កាល​ទី​៣ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បានអនុម័ត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ តាម       រយៈ​ការសាងសង់ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ចំនួន ២,៥០០​កន្លែង ព្រមទាំង​ការអនុវត្ត​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង យ៉ាងហោចណាស់​ក្នុងភូមិ​ចំនួន ៤០០ នៃ​ខេត្ត​ចំនួន​១០ ក្នុងប្រទេស​កម្ពុជា​»​។ 
 
​បើតាម ADB សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព និង​គួរឱ្យ​ជឿជាក់​បាន នៅតែ​បន្ត​មាន​ភាពខ្វះខាត​នៅ​តំបន់​ជនបទ​កម្ពុជា ដែលមាន​ប្រជាជន​ប្រមាណ ៧៧% នៃ​ប្រជាជន​សរុប​ក្នុងប្រទេស​ចំនួន ១៦.៤ លាន​នាក់​រស់នៅ​។ ក្នុង​ឆ្នាំ​២០១៧ បើទោះបីជា​គ្រួសារ​ជនបទ​ចំនួន​៧៣% មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​ក៏ដោយ ប៉ុន្តែ​មានតែ ១១%​ប៉ុណ្ណោះ ដែល​ទទួលបាន​ការផ្គត់ផ្គង់​ទឹក តាមរយៈ​ការភ្ជាប់​បណ្តាញ​បំពង់​ទុយោ​។  ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជនបទ​ចំនួន ៥៦% មានលទ្ធភាព​ទទួលបាន​អនាម័យ​ប្រសើរ​ជាង​មុន ហើយ​ពលរដ្ឋ​ជនបទ​ប្រមាណ ៤១% នៅតែ​បន្ត​អនុវត្ត​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល ដែល​អាច​បង្កឱ្យមាន​ជំងឺ​រាករូស និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អនុ​កម្មវិធី​ទី​២ នៃ​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ដែល​អនុម័ត​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ គាំទ្រ​ដល់​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​មួយ​ប្រកបដោយ​ប្រសិទ្ធ​ផល និង​មាន​ស្ថិរភាព ដែល​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់តែ​ធំធេង​។ អន្តរាគមន៍​សំខាន់ៗ រួមមាន​ការធ្វើឱ្យ​ប្រសើរឡើង នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន ជាពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ​នៅ​ជនបទ និង​សហគ្រាស​ធុន​តូច និង​មធ្យម​។ កម្មវិធី​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់​ការណែនាំ​ឱ្យ​ស្គាល់​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​ផងដែរ​។ នេះ​បើតាម​ប្រភព​ដដែល​។ 
 
ADB បន្តថា វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា កំពុង​ស្ថិតនៅ​ដំណាក់​នៃ​ការអភិវឌ្ឍ​កាល​បឋម​នៅឡើយ និង រង​ការ​គ្របដណ្តប់​ពី​អនុវិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។ ហើយ​បើទោះជា​មានការ​សម្រេចបាន​សមិទ្ធផល​ការងារ​ជាច្រើន​កន្លងមក​ក៏ដោយ ប៉ុន្តែ​លទ្ធភាព​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន នៅមានកម្រិត​នៅឡើយ ជាពិសេស​នៅ​តំបន់​ជនបទ​។ ប្រជាជន​ស្ទើរ​តែមួយ​ភាគបី ត្រូវបាន​ផាត់​ចេញ​ទាំងស្រុង ដោយ​ពួកគេ​គ្មាន​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវាកម្ម ហិរញ្ញវត្ថុ​ក្នុង​ទម្រង់​ណាមួយ​ឡើយ​។ កិច្ចខិតខំ​ក្នុងការ​កែលម្អ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន បាន​ទទួលរង​ការរាំងស្ទះ​ពី​បញ្ហា​អក្ខរ​ភាព​ហិរញ្ញវត្ថុ ដែល​នៅមានកម្រិត​ទាប​នៅឡើយ​៕

Tag:
 ADB
 ​ហិរញ្ញវត្ថុ​
 ​ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com