អន្តរជាតិ
រដ្ឋមន្ត្រីជប៉ុនម្នាក់ទៀត លាលែងពីតំណែង ព្រោះប្រពន្ធបំពានច្បាប់ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន កាស៊ូយូគិ កាវ៉ាអ៊ិ បានសុំលាលែងពីតំណែង។ រូបភាព Kyodo
× រដ្ឋាភិបាលនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី៣១ ខែតុលា បានបាត់បង់រដ្ឋមន្ត្រីម្នាក់ទៀត បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មសុំលាលែងដោយសាររឿងផ្ដល់លុយកាក់ខុសច្បាប់បោះឆ្នោត។ លោក កាស៊ូយូគិ កាវ៉ាអ៊ិ (Katsuyuki Kawai) បានលាលែងពីតំណែងរដ្ឋមន្ត្រីយុត្តិធម៌ បន្ទាប់ពីមានព័ត៌មានថា ភរិយារបស់លោកផ្ដល់អំណោយឲ្យប្រជាជនក្នុងមណ្ឌលបោះឆ្នោតនាការបោះឆ្នោតព្រឹទ្ធសភាខែកក្កដា និងការផ្ដល់លុយឲ្យបុគ្គលិកលើសច្បាប់កំណត់។ ប៉ុន្តែលោកថា មិនដឹងរឿងនេះឡើយ។
មិនដល់មួយសប្ដាហ៍ផង រដ្ឋមន្ត្រីជប៉ុនពីរនាក់ បានលាលែងពីតំណែងជាបន្តបន្ទាប់។ ក្រោយលោក អ៊ីស៊ូ ស៊ូហ្កាវ៉ារ៉ា បានចុះចេញពីតំណែងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មកាលពី៦ថ្ងៃមុន ដោយរងការចោទប្រកាន់ថា ផ្ដល់លុយឲ្យប្រជាជនក្នុងមណ្ឌលបោះឆ្នោតដែលលោកឈរឈ្មោះជាតំណាងរាស្ត្រ ដែលក្រោយមកក៏មានការបកស្រាយថា លុយនេះជាលុយចូលបុណ្យសពប៉ុណ្ណោះ។ លោកក៏ត្រូវជាប់សង្ស័យថា បានផ្ដល់ក្ដាម និងឪឡឹកឲ្យប្រជាជនក្នុងមណ្ឌលរបស់លោកដែរ។
មកដល់ថ្ងៃទី៣១ ខែតុលា លោក កាស៊ូយូគិ កាវ៉ាអ៊ិ ក៏លាលែងពីរដ្ឋមន្ត្រីយុត្តិធម៌ទៀត។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន Japan Today ដែលស្រង់ប្រភពពីទស្សនាវដ្ដី Shukan Bunshun ការិយាល័យអ្នកស្រី អាន់រី កាវ៉ាអ៊ិ ភរិយាលោក កាវ៉ាអ៊ិ បានផ្ដល់អំណោយដល់មណ្ឌលដែលលោកឈរឈ្មោះជាតំណាងរាស្ត្រ។ អ្នកស្រី កាវ៉ាអ៊ិ ក៏ជាប់សង្ស័យថា ចាយលុយលើបុគ្គលិកបម្រើក្នុងយុទ្ធនាការបោះឆ្នោតលើសច្បាប់កំណត់ផងដែរ។
ទាក់ទិនរឿងនេះ លោក កាវ៉ាអ៊ិ អះអាងថា លោក និងភរិយាមិនបានដឹងរឿងអ្វីទេ។ ប៉ុន្តែលោកលាលែងពីតំណែងដើម្បីបញ្ចៀសការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ អំឡុងពេលការស៊ើបអង្កេតដែលកំពុងធ្វើឡើង។
ចំណែកឯនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ក៏ចេញមុខសុំទោសជាលើកទីពីរផងដែរ ហើយប្រកាសទទួលខុសត្រូវចំពោះការតែងតាំងលោក ស៊ូហ្កាវ៉ារ៉ា និងលោក កាវ៉ាអ៊ិ ជារដ្ឋមន្ត្រីក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីខែមុន។ «ខ្ញុំសុំទោសប្រជាជនជាសាធារណៈ។ ខ្ញុំនឹងបំពេញការទទួលខុសត្រូវដើម្បីបង្កើនទំនុកចិត្តពីប្រជាជនឡើងវិញ។» នេះជាការសន្យារបស់លោក អាបេ ដែលបានប្រកាសតែងតាំងលោក ម៉ាសាកុ ម៉ូរី ជារដ្ឋមន្ត្រីយុត្តិធម៌ថ្មី៕
Tag:
ជប៉ុន
ស៊ិនហ្សូ អាបេ
Katsuyuki Kawai
© រក្សាសិទ្ធិដោយ thmeythmey.com