ជាតិ
សង្គមជាតិ
សមត្ថកិច្ច ប្រើឧទ្ធម្ភាគចក្រ កាណូត អ្នកមុជទឹក និង សុនខ ស្វែងរកនារីអង់គ្លេស ដែលបាត់ខ្លួន រូបពី BTV
× សមត្ថកិច្ច នៅតែបន្តស្វែងរកនារីជនជាតិអង់គ្លេស Bambridge Amelia Louise ដែលបានបាត់ខ្លួននៅកោះរ៉ុងសន្លឹម ដោយបានប្រើប្រាស់ស្ទើរតែគ្រប់មធ្យោបាយហើយ ដែលរួមមាន តាមផ្លូវទឹក ផ្លូវគោក រួមទាំងបានប្រើប្រាស់ឧទ្ធម្ភាគចក្រផងដែរ។
ចំពោះវិធាការស្វែងរកនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងស្វែងរកលើគោក កម្លាំងជំនាញស៊ើបតាមបទព្រហ្មទណ្ឌ អ្នកមុជទឹក កាណូត ឧទ្ធម្ភាគចក្រ និងសត្វសុនខ ដើម្បីស្វែងរកឲ្យឃើញនិងដឹងមូលហេតុជុំវិញករណីបាត់ខ្លួនរបស់ Bambridge Amelia Louise នៅកោះរ៉ុងសន្លឹម។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
លោក គួច ចំរើន បានបញ្ជាក់ថា កាលពីថ្ងៃទី៣០នេះ សមត្ថបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីស្វែងរកនារីអង់គ្លេសនោះ បន្ទាប់ពីក្រុមគ្រួសាររបស់នាង បានស្នើឲ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ ដែលឪពុកម្ដាយរបស់នាង ក៏ជិះស្វែងរកជាមួយដែរ។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រើសត្វសុនខ ដើម្បីស្វែងរកលើគោក តាមការស្នើសុំពីគ្រួសាររបស់នាងដដែល។
ចាប់តាំងពីថ្ងៃបាត់ខ្លួននារីអង់គ្លេស កម្លាំងជំនាញបានចុះស្វែងរកតាមតំបន់ដែលមានពលរដ្ឋរស់នៅ តំបន់ព្រៃភ្នំនៃកន្លែងកើតហេតុ រួមទាំងប្រើកាណូតនិងអ្នកមុជទឹកទៀតផង។ បើទោះបីមានការសាកសួរលើបុរសខ្មែរ៦នាក់ហើយក៏ដោយ ក៏នៅតែមិនទាន់រកឃើញនារីជនជាតិអង់គ្លេសនោះដែរ។ ចំពោះបុរស៦នាក់មិនបានឃាត់ខ្លួនទេ គឺគ្រាន់តែហៅទៅសាកសួរជុំវិញករណីបាត់ខ្លួនរបស់នារីជនជាតិអង់គ្លេស។ នេះជាការលើកឡើងរបស់លោក គួច ចំរើន។
ជុំវិញតម្រុយដែលទទួលបាន លោក គួច ចំរើន បានឲ្យដឹងថា មានអ្នកនេសាទ បានប្រទះឃើញសាកសពអណ្ដែតនៅក្បែរកោះស្ដេច កាលពីថ្ងៃទី២៧តុលា។ អ្នកនេសាទថា សាកសពដែលប្រទះឃើញ អាចជាសពមនុស្សស្រីព្រោះអណ្តែតផ្ងារ សក់ពណ៌លឿង។ សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន បានចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម កាលពីល្ងាចថ្ងៃទី១៩ខែតុលា ហើយចូលស្នាក់នៅផ្ទះសំណាក់ Ness Beach។
កម្លាំងជំនាញថា គេប្រទះឃើញនាងលើកចុងក្រោយនៅក្នុងកម្មវិធីជប់លៀង នៅឆ្នេរកោះរ៉ុងសន្លឹមម៉ោងប្រមាណ៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ឆ្នាំ២០១៩។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានរកឃើញកាបូប និងសម្ភារមួយចំនួន នៅលើផ្ទាំងថ្មក្បែរឆ្នេរជិតកន្លែងជប់លៀង៕ Tag:
នារីអង់គ្លេស
បាត់ខ្លួន
កោះរ៉ុងសន្លឹម
បាត់ខ្លួនជនជាតិអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com