ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូត​៖ ពលករ​ខ្មែរ​នៅ​ថៃ មិនបាន​សម្រុក​មក​ស្រុកកំណើត​ឡើយ
31, Oct 2019 , 7:19 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បដិសេធថា ពលករ​ខ្មែរ​នៅ​ថៃ ពុំបាន​ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា​ជា​គំហុក ដូច​ការចុះផ្សាយ​របស់​សារព័ត៌​មា​នានា និង​នៅតាម​បណ្តាញ​សង្គម​នោះទេ​។ ស្ថានទូត បញ្ជាក់ថា ពលករ​ខ្មែរ កំពុង​បម្រើ​ការងារ​ជាធម្មតា​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ស្ថានទូត បកស្រាយ​ថា រូបភាព​និង​វីដេអូ ដែល​ពលករ​ខ្មែរ​ត្រឡប់មក​កម្ពុជា​នោះ គឺជា​រូបភាព​និង​វីដេអូ​ចាស់ ដែល​ពលករ​ខ្មែរ ត្រឡប់មក​កម្ពុជា ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ជា​សកម្មភាព​អាជ្ញាធរ​ថៃ ចុះទៅ​ត្រួតពិនិត្យ​ពលករ​ខ្មែរ​នាពេល​កន្លងមក​។ ស្ថានទូត ចាត់ទុក​ការយក​រូបភាព​និង​វីដេអូ​ទាំងនោះ​ទៅ​ផ្សព្វផ្សាយ ថា​ជា​ចេតនា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​អូសទាញ​ពលករ​ឲ្យ​មក​កម្ពុជា​វិញ ដើម្បី​កេងចំណេញ​នយោបាយ​។ 
 
​ស្ថានទូត បាន​អំពាវនាវ​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ពលករ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​និង​បន្តធ្វើ​ការងារ​ជាធម្មតា កុំ​ជឿ​តាម​ការផ្សព្វផ្សាយ​និង​ការ​ញុះញង់​របស់​សារព័ត៌មាន​មួយចំនួន ដែលជា​ហេតុ​បង្ក​ឲ្យ​បងប្អូន​ខាតបង់​ថវិកា ពេលវេលា និង អាច​ត្រូវ​និយោជក​បញ្ឈប់​ពី​ការងារ​ទៀតផង​»​។ 
 
​រយៈពេល​ប៉ុន្មាន​ថ្ងៃ មានការ​ផ្សព្វផ្សាយ​តៗ​គ្នា​ថា ពលករ​ខ្មែរ​នៅ​ថៃ សម្រុក​ចូលមក​ស្រុកកំណើត​វិញ ពិសេស​តាម​ច្រកព្រំដែន​អន្តរជាតិ​ដូង​។ ការផ្សព្វផ្សាយ​នេះ គឺ​ចំពេល​ដែ​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង អះអាងថា ពលករ​ខ្មែរ​នៅ​ថៃ​ភាគច្រើន នឹង​វិល​ត្រឡប់មក​កម្ពុជា​ជាមួយ​លោក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ផ្តាស់​ប្តូរ​រដ្ឋាភិបាល​។ 
 
​វរសេនីយ៍ឯក ផាត សុផាន់​ណា នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ក៏បាន​បដិសេធ​ដែរ ថា​គ្មាន​ករណីនេះ​កើតឡើង​នោះទេ ហើយ​លោក បកស្រាយ​ដូច​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ថា រូបភាព​និង​វីដេអូ​ទាំងនោះ គឺជា​រូបភាព​និង​វីដេអូ​ចាស់​។ ក្នុង​សេចក្តីបំភ្លឺ ដែល​ចេញ​នៅ​ថ្ងៃទី​៣០ ខែតុលា លោក ផាត សុផាន់​ណា ស្នើ​ឲ្យ​សារព័ត៌មាន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កុំ​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​។ 
 
​លោក សម រង្ស៊ី បង្ហើប​នាពេល​កន្លងមក​ថា លោក នឹង​ចូលមក​ទឹកដី​ថៃ ដើម្បី​នាំ​ពលករ​ដើរ​ឆ្លងកាត់​ព្រំដែន ចូលមក​កម្ពុជា​។ យ៉ាងណា ថ្មីៗ​នេះ អាជ្ញាធរ​ថៃ បាន​ហាម​អ្នកស្រី មូរ សុខ​ហួរ ដែលជា​ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្ត មិន​ឲ្យ​ចូល​ទឹកដី​ថៃ​។ 
 
​អ្នកស្រី មូរ សុខ​ហួរ បកស្រាយ​ថា ថ្នាក់ដឹកនាំ​ប្រឆាំង នៅមាន​ផ្លូវ​និង​មធ្យោបាយ​ផ្សេងទៀត ដើម្បី​បាន​ចូលមក​កម្ពុជា​តាម​គ្រោងទុក បើទោះបី​អាជ្ញាធរ​ថៃ មិន​ឲ្យ​ក្រុម​អ្នកស្រី យក​ទឹកដី​ថៃ​ធ្វើជា​កន្លែង​ឈរជើង​ក៏ដោយ​។ រដ្ឋាភិបាល​កម្ពុជា ត្រៀមកម្លាំង​រួចហើយ ដើម្បី​ចាប់​ក្រុមប្រឆាំង ឲ្យ​តែ​ពួកគេ​ចូល​មកដល់​កម្ពុជា​៕ 

Tag:
 ពលករ​ខ្មែរ​
  ថៃ​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com