អន្តរជាតិ
ស្ត្រី​ជប៉ុន​ដំបូង​ដែល​កាន់តំណែង​ប្រធាន UNHCR ទទួលមរណភាព​ក្នុង​អាយុ​៩២​ឆ្នាំ​
31, Oct 2019 , 8:19 pm        
រូបភាព
លោកស្រី Sadako Ogata នាកិច្ច​សម្ភាសមួយកាលពី​ឆ្នាំ២០១៥ និង​រូបនាពេល​ចុះទៅស្ថានភាពពលរដ្ឋខ្មែរនៅជំរុំភៀសខ្លួនកាលពីឆ្នាំ​១៩៧៩។ រូបថត Asahi Shimbun
លោកស្រី Sadako Ogata នាកិច្ច​សម្ភាសមួយកាលពី​ឆ្នាំ២០១៥ និង​រូបនាពេល​ចុះទៅស្ថានភាពពលរដ្ឋខ្មែរនៅជំរុំភៀសខ្លួនកាលពីឆ្នាំ​១៩៧៩។ រូបថត Asahi Shimbun
ដោយ: រួបរួម
​លោកស្រី Ogata Sadako ស្ត្រី​ដំបូង​របស់​ជប៉ុន​ដែល​កាន់តំណែង​ជា​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បានទទួល​មរណភាព​ក្នុង​អាយុ​៩២​ឆ្នាំ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្រុង​តូ​ក្យូ ដែល​ជាទី​កំណើត​របស់​លោកស្រី​។​

 
​លោកស្រី Ogata ដែលជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ អ្នកការទូត និង​ជា​សាស្ត្រាចារ្យ​ផងដែរ​នោះ បាន​បំពេញ​តួនាទី​ជាច្រើន​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន ជាពិសេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស តំបន់​អាហ្វ្រិក ក៏ដូចជា​កម្ពុជា ផងដែរ​។​
 
​នៅ​ឆ្នាំ​១៩៧៦ លោកស្រី​ក្លាយជា​ស្ត្រី​ជប៉ុន​ដំបូង ដែល​ទទួលបាន​បំពេញបេសកកម្ម​ការទូត​ប្រចាំ​អង្គការសហប្រជាជាតិ និង​ជា​តំណាង​រដ្ឋាភិបាល​ជប៉ុន​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ  ក៏ដូចជា​តំណែង​ផ្សេងៗ​ទៀត​។​


 
​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០០ លោកស្រី Ogata បាន​កាន់តំណែង​ជា​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) និង​បន្ត​កាន់​តួនាទី​ជា​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១២​។​
 
​ក្នុង​បេសកកម្ម​មនុស្សធម៌​អន្តរជាតិ លោកស្រី Ogata បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ច​គាំពារ​ប្រជាពលរដ្ឋ​ពី​បញ្ហា​ជម្លោះ ភាពក្រីក្រ និង​ការគំរាមកំហែង​ផ្សេងៗ ដូចជា​ការគាំទ្រ​ដល់​ជនជាតិ​ឃឺ​ត​ក្នុងប្រទេស​អ៊ីរ៉ាក់ ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស ជាដើម​។​
 
​ទាក់ទង​នឹង​កម្ពុជា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​រំលឹកថា លោកស្រី Ogata បាន​ដឹកនាំ​ការិយាល័យ​UNHCR ដើម្បី​សម្រេចបាន​នូវ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​កម្ពុជា​ប្រមាណ​៣៧០.០០០ នាក់​ពី​ជំរុំ​ជនភៀសខ្លួន​នៅ​តំបន់​ព្រំដែន​ជាមួយ​ថៃ​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៩២-១៩៩៣ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​អាច​ចូលរួម​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​។​


 
«​បន្ទាប់ពី​ចាកចេញ​ពី​តំណែង​ជា​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន លោកស្រី​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​ជប៉ុន​ដល់​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អង្គការ​JICA ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១២»​។ នេះ​បើតាម​ការអះអាង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​
 
 
​ស្វាមី​របស់លោក​ស្រី Ogata គឺ​លោក Shijuro Ogata អតីត​ប្រធាន​ធនាគារ​អភិវឌ្ឍ​ជប៉ុន ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៤ ក្នុង​អាយុ​៨៤​ឆ្នាំ​។ ពួកគាត់​មានកូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។​
 
​តាមរយៈ​បេសកកម្ម​របស់ខ្លួន លោកស្រី Ogata បានទទួល​ពានរង្វាន់ និង​ឥស្សរិយយស​ជាច្រើន ក្នុងនោះ​មានដូចជា ពាន UNESCO Felix Houphovet-Boigny Peace Prize, ពាន Asahi Prize Special Award និង Japanese Order of Culture ជាដើម​៕

Tag:
 UNHCR
© រក្សាសិទ្ធិដោយ thmeythmey.com