អន្តរជាតិ
អាមេរិក​បញ្ចេញ​វីដេអូ​វាយឆ្មក់​សម្លាប់​មេក្រុម ISIS បាក់​ដា​ឌី​
31, Oct 2019 , 8:39 pm        
រូបភាព
ដោយ:
​មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​បញ្ចេញ​វីដេអូ និង​រូបភាព​ប្រតិបត្តិការ​វាយឆ្មក់​កាលពី​សៅ​រ៏​ទី​២៦ តុលា ដែល​បានសម្លាប់​ប្រមុខ​ក្រុម ISIS អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី (Abu Bakr al-Baghdadi) ។

 
​កងកម្លាំង​ពិសេស​អាមេរិក ប្រើ​កាំភ្លើង​បាញ់រះ​ហ៊ុមព័ទ្ធ​ទីតាំង​របស់លោក បាក់​ដា​ឌី ខណៈ​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ហោះ​សំកាំង​ពីលើ​នោះ​។ វីដេអូ​ដែល​ថត​ចេញពី​ដ្រូ​ន ក៏​បង្ហាញ​ពី​ទិដ្ឋភាព​ការវាយប្រហារ​ពីលើ​អាកាស​ដែល​បាញ់​ចេញពី​យន្តហោះ​ចម្បាំង F-15 អាមេរិក​ផងដែរ​។ ចុងក្រោយ ដ្រូ​ន​ប្រយុទ្ធ​ប្រភេទ MQ-9 Reaper បាន​បាញ់​មី​ស៊ី​ល​កម្ទេច​ទីតាំង​នោះ​ចោល​នៅពេល​ប្រតិបត្តិ​ការសម្រេច​ជោគជ័យ​។ 
 
​បើតាម​វីដេអូ ស​-​ខ្មៅ ហើយ​ព្រាលៗ ដែល​ទើប​ត្រូវបាន​មន្ទីរ​បញ្ច​កោណ​អាមេរិក​បញ្ចេញ​ជា​សាធារណៈ នៅ​ថ្ងៃទី​៣០ ខែតុលា ឧទ្ធម្ភាគចក្រ​អាមេរិក​បាន​បាញ់រះ​លើ​សកម្មប្រយុទ្ធ​ស្មោះស្ម័គ្រ​នឹង បាក់​ដា​ឌី ។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ Frank Mckenzie មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​តំបន់​កណ្តាល​របស់​អាមេរិក ការបាញ់ប្រហារ​ពីលើ​អាកាស​នេះ សម្លាប់​មនុស្ស​យ៉ាងតិច​១០​ទៅ​១៥​នាក់​។ ទន្ទឹមនេះ យន្តហោះ​ចម្បាំង​អាមេរិក ក៏​បាញ់​កម្ទេច​រថយន្ត​សត្រូវ​មួយគ្រឿង​ដែល​បើក​ទៅជិត​ទីតាំង​បើក​ប្រតិបត្តិការ​។ 
 
តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​អាមេរិក CNN ឧ​ត្ត​ម​សេនីយ៍ McKenzie អះអាងថា DNA ដែល​ប្រើ​កំណត់​អត្តសញ្ញាណ​របស់ បាក់​ដា​ឌី គឺជា​សំណាក​ដែល​ប្រមូលបាន អំឡុងពេល​ឃុំខ្លួន​របស់​មេក្រុម​រដ្ឋ​ឥស្លាម​រូបនេះ នៅឯ​មន្ទីរឃុំឃាំង Camp Bucca ក្នុងប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០០៤​។ ម្យ៉ា​លោក​ពុំ អាច​បញ្ជាក់បាន​ថា បាក់​ដា​ឌី ទួញ​សោក​បោក​ខ្លួន នៅ​នាទីចុងក្រោយ​មុន​ស្លាប់ ដូចដែល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាង​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ឡើយ​។ យ៉ាងណាមិញ លោក​ឧ​ត្ត​ម​សេនីយ៍ McKenzie បន្ថែមថា មេ​ភេរ​វករ​រូបនេះ​បាន​លូន​ចូលទៅក្នុង​រូង​មួយ​ជាមួយ​កូនតូច​២​នាក់ និង​បាន​បំផ្ទុះ​ខ្លួនឯង​៕
 
​ខាងក្រោម​ជា​វីដេអូ ដែល​បង្ហោះ​លើ​ឆា​ណែ​ល​របស់​សារព័ត៌មាន The Guardian៖
 

Tag:
 សហរដ្ឋអាមេរិក​
  ISIS
  មន្ទីរ​បញ្ជ​កោណ
© រក្សាសិទ្ធិដោយ thmeythmey.com