អន្តរជាតិ
ចិន​ណែនាំ​ពលរដ្ឋ​ខ្លួន​ឲ្យ​ពង្រឹង​សីលធម៌ និង​ប្រព្រឹត្ត​សមរម្យ​ពេល​ដើរហើរ​នៅ​បរទេស​
31, Oct 2019 , 3:41 pm        
រូបភាព
ប្រភពរូប៖ CNN
ប្រភពរូប៖ CNN
ដោយ:
​គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន បាន​ដាក់ចេញ​សេចក្តីណែនាំ​ថ្មី​ក្នុង​គោលដៅ​ពង្រឹងគុណភាព​ខាង​សីលធម៌​របស់​ពលរដ្ឋ​ខ្លួន ដែល​រាប់​ចាប់ពី​ការ​ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ  និង​មាន​អាកប្បកិរិយា​សមរម្យ​ពេល​ដើរហើរ​នៅក្រៅ​ប្រទេស​ជាដើម​។​

 
​ប៉ុន្មាន​ថ្ងៃក្រោយ​មាន​ប្រជុំ​បិទទ្វារ​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​ចិន នា​រដ្ឋធានី ប៉េកាំង ដែល​ពិភាក្សា​ពី​ទិសដៅ​អនាគត​របស់​ប្រទេស​ចិន ក្រុង​ប៉េកាំង បាន​បញ្ចេញ​សំណុំ​គោលការណ៍​ណែនាំ​មួយចំនួន​។ មាន​ចំណងជើង​ថា «​ផែនការ​សម្រាប់​អនុវត្ត​នៃ​ការកសាង​សីលធម៌​ពលរដ្ឋ​ក្នុង​សក​រាវ​ថ្មី​» រដ្ឋាភិបាល​ចិន មាន​គោលដៅ​ណែនាំ​ប្រជាជន​ចិន​ពី​របៀប​ប្រើប្រាស់​អ៊ីនធឺណិត​, ចិញ្ចឹម​កូន​, អបអរ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ និង​រៀបចំខ្លួន​សមរម្យ​ពេលធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP គោលការណ៍​ណែនាំ​ដដែល​នេះ ក៏​ស្នើ​ឲ្យ​បង្កើតឡើង​នូវ​អ្វីដែល​បក្ស​ក​ម្មុយ​នី​ស្ត​ហៅថា «​ព្រលឹង​ជនជាតិ​ចិន​, គុណ​តម្លៃ​ជនជាតិ​ចិន និង​អំណាច​ជនជាតិ​ចិន​»​។ ម្យ៉ាងទៀត​រដ្ឋាភិបាល​ចិន តាមរយៈ​សេចក្តីណែនាំ​នេះ ក៏​ទទូច​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការមើល​រឿង​អាសអាភាស​តាម​អន​ឡាញ ហើយ​គោរព​តាម​ក្រម​ប្រតិបត្តិ​ត្រឹមត្រូវ​នៅពេល​ឡើងកាន់​ទង់ជាតិ ឬ​ស្រែកច្រៀង​ចម្រៀង​ជាតិ​ជាដើម​។ 
 
​ចំណែកឯ ស្ថាប័ន​សាធារណៈ ដូចជា បណ្ណាល័យ​និង​មជ្ឈមណ្ឌល​សម្រាប់​យុវជន ត្រូវអនុវត្ត​ការអបរំ​ខាង​ផ្នែក​សីលធម៌ ដើម្បី​លើកកម្ពស់​ស្តង់ដារ​សីលធម៌​និង​ការយល់ដឹង​ខាង​ផ្នែក​មនោគមវិជ្ជា​។ នេះ​យោងតាម​កម្រង​ក្បួន​វិន័យ​នេះ ហើយ​វា​ក៏​សង្កត់ធ្ងន់​ពី​ស្នេហា​ជាតិ និង​ភាព​ស្មោះស្ម័គ្រ​ចំពោះ​មាតុភូមិ​ផងដែរ ដោយ​លើកឡើងថា​៖«​ប្រជាជន​[​ចិន​] ដែល​ប្រព្រឹត្តិ​អាកប្បកិរិយា​ច្រងេងច្រងាង​ទៅកាន់​ជាតិ​សាសន៍​ដទៃ​, បំផ្លាញ​ភាពថ្លៃថ្នូ​ជាតិ និង​លក់​ប្រយោជន៍​ជាតិ​នោះ ត្រូវតែ​ទទួលទោស​តាមច្បាប់​»​។​
 
​ក្នុង​គោលការណ៍​ណែនាំ​ដាច់ដោយឡែក​មួយ ចេញផ្សាយ​ក្នុង​សប្តាហ៍​នេះ មាន​គោលដៅ​ល់​តំបន់​ជនបទ​របស់​ចិន ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល​តំបន់​លុបចោល ទំនាមទម្លាប់​អាក្រក់ ចោល​។ នោះ​គឺ​រួមមាន ការ​បំពារបំពាន​មនុស្ស​ចាស់ជរា ក៏ដូចជា​ការ​ខ្ជះខ្ជាយ​លុយ​ជ្រុល​ហួសហេតុ​លើ​ពិធីមង្គលការ និង​បុណ្យសព​។ 
 
​ទូរទស្សន៍​រដ្ឋ​ចិន CCTV ចុះផ្សាយ​ថា ទំនៀមទម្លាប់​ក្នុងការ​ចំណាយលុយ​ច្រើន​លើ​ពិធីមង្គលការ និង​ផ្តល់​ផ្ទះ​និង​អំណោយ​សម្រាប់​កូនក្រមុំ​ថ្មី កំពុង​ដាក់​គំនាប​ខ្លាំង​លើ​បុរស​ដែល​ពុំទាន់​រៀបការ ព្រោះថា​ការចាយវាយ​ថ្លៃ​ពេក គឺ​ហួស​សមត្ថភាព​របស់​គ្រួសារ​អ្នក​ជនបទ ដែលមាន​ជីវភាព​ក្រីក្រ​៕

Tag:
 ចិន​
  បក្ស​ក​ម្មុយ​នី​ស្ត​
  សេចក្តីណែនាំ​
© រក្សាសិទ្ធិដោយ thmeythmey.com