កីឡាជាតិ
ជាតិ
​អតីត​កីឡាការិនី​តេ​ក្វាន់​ដូ ឈឿង ពុទ្ធា​រី​ម ក្លាយជា​អាជ្ញាកណ្តាល​កីឡា​ហុក​គី​នៅ​ស៊ី​ហ្គេម​លើក​ទី​៣០
31, Oct 2019 , 9:19 pm        
រូបភាព
ដោយ:
​វា​ជា​កំណត់ត្រា​ថ្មី​សម្រាប់​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​ដែលមាន​អាជ្ញាកណ្តាល​ខ្លួន​ចូលរួម​កាត់សេចក្តី​ក្នុង​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​លើកដំបូង​។ កំណត់ត្រា​ថ្មី​នេះ កើតឡើង​ក្រោយ​លោកស្រី ឈឿង ពុទ្ធា​រី​ម ត្រូវបាន​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី​(AHF)​ជ្រើសរើស​ឲ្យ​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ​។ ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​សហព័ន្ធ​សា​ម៉ី​សុទ្ធតែ​បានបង្ហាញ​មោទកភាព និង​ចាត់ទុកជា​ឱកាស ដើម្បី​បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​វិស័យ​កីឡា​របស់​កម្ពុជា​ទៅកាន់​ពិភពលោក និង​ជួយ​បង្កើត​ទំនុកចិត្ត​ដល់​កីឡាករ​ហុក​គី ដែល​ចូលរួម​ប្រកួត​ឆ្នាំនេះ​។

 
​លោកស្រី ឈឿង ពុទ្ធា​រី​ម អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​ប្រចាំ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា នឹង​ស្ថិត​ក្នុងចំណោម​អាជ្ញាកណ្តាល​អន្តរជាតិ​ជាច្រើនរូប​ទៀត ដែល​ត្រូវ​ចូលរួម​កាត់សេចក្តី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន លើ​វិញ្ញាសារ​ហុក​គី​។ ការបង្ហាញ​វត្តមាន​ជា​លើកដំបូង​នេះ ធ្វើឡើង​ក្រោយ នាង​ទទួលបាន​ការជ្រើសតាំង​ពី​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី​។ នេះ​បើតាម​លិខិត​របស់​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី ដែល​បាន​ផ្ញើមក​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​។​
 
​ការបង្ហាញ​ខ្លួន​ក្នុងនាម​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​នេះដែរ ជួយ​ឲ្យ​លោកស្រី ពុទ្ធា​រី​ម អតីត​កីឡាការិនី​ជម្រើសជាតិ​តេ​ក្វាន់​ដូ ក្លាយជា​ស្ត្រី​ដំបូង​គេ​របស់​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ដែល​ទទួលបាន​ការវាយតម្លៃ និង​ទុកចិត្ត​ពី​ស្ថាប័ន​អន្តរជាតិ​។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញថា ធនធានមនុស្ស ក៏ដូចជា​វិស័យ​កីឡា​កម្ពុ​ជាមាន​ការរីក​ចម្រើន​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ​។ លើសពីនេះ គឺ​សបញ្ជាក់​ឲ្យ​ឃើញថា ស្ត្រី​មាន​សមត្ថ​ភាពមិន​ចាញ់​បុរស​នោះឡើយ​។ 


 
​បើតាម​លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា មុន​ត្រូវបាន​ជ្រើសរើស​ជា​អាជ្ញាកណ្តាល​អន្តរជាតិ​ឲ្យ​ចូលរួម​កាត់ក្តី​នៅ​លើក​នេះ​លោកស្រី ឈឿង ពុទ្ធា​រី​ម ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​លើ​សមត្ថភាព​ពី​គណៈកម្មការ​ជំនាញ​រប​ស់​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី និង​ប្រកួតប្រជែង​ជា​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​មកពី​ប្រទេស​ផ្សេងៗ​ជាច្រើនរូប​ទៀត​។ លោក​បន្ថែមថា ពុទ្ធា​រី​ម ជា​អាជ្ញាកណ្តាល​តែ​ម្នាក់​គត់ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​កីឡា​ហុក​គី​។ 
 
«​ខ្ញុំ​មាន​មោទកភាព​ខ្លាំង​មែនទែន ដែល​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី​បានផ្តល់​ការទុកចិត្ត​លើ​ជនជាតិខ្មែរ​មួយរូប ឲ្យ​ចូលរួម​កាត់ក្តី​ជា​លក្ខណៈ​អន្តរជាតិ ព្រោះ​កន្លងមក​យើង​មិន​ធ្លាប់មាន​នោះទេ មានតែ​អាជ្ញាកណ្តាល​មកពី​ប្រទេស​ផ្សែងៗ​។ ខ្ញុំ​យល់ថា ការ​ក្លាយជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ជា​លើកដំបូង​នេះ នឹង​ជួយ​ឲ្យ​កីឡាករ​យើង​កាន់​តែមាន​ទំនុកចិត្ត និង​មានរ​ម្មណ៍​ស្ងប់​ក្នុង​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់លោក កាំ​ង សុធា ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៣១ ខែតុលា​។  
 
​ជាមួយគ្នានេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចាត់ទុក​ការចូលរួម​កាត់ក្តី​រប​ស់លោក​ស្រី ឈឿង ពុទ្ធា​រី​ម ថា គឺជា​ការបង្ហាញ​ពី​សមត្ថភាព និង​ការរីកចម្រើន​លើ​វិស័យ​កីឡា​ថ្មី​មួយទៀត​របស់​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ​។ លោក​បានបង្ហាញ​មោទកភាព​យ៉ាងខ្លាំង​ចំពោះ អតីត​កីឡាករ​តេ​ក្វាន់​ដូ​រូបនេះ ដែល​ទទួលបាន​ការទុកចិត្ត​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​។  
 
​តាមរយៈ​ហ្វេ​ស​ទំព័រ​ប៊ុ​ក​ផ្លូវ​ការខ្លួន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​អ្នកស្រី ឈឿង ពុទ្ធា​រី​ម ត្រូវបាន​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី ជ្រើសរើស​ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល​អន្តរជាតិ​កាត់ក្តី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ នេះ​ជា​កិត្តិយស និង​មោទនភាព​ដ៏​អស្ចារ្យ​មួយទៀត​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ សបញ្ជាក់​ថា កីឡាករ​កីឡាការិនី ក៏ដូចជា​វិស័យ​កីឡា​នៅ​កម្ពុជា​មិន​ចាញ់​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​ឡើយ​»​។​
 
​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ចំនួន​១២​រូប ឲ្យ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ ខណៈ​បច្ចុប្បន្ន​ក្រុម​កីឡាករ​ហុក​គី​កំពុង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ថៃ​៕ 

Tag:
 ហុក​គី​
  ឈឿង ពុទ្ធា​រី​ម​
  កាំ​ង សុធា​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com