ជាតិ
នយោបាយជាតិ
សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ រួបរួមគ្នាជាថ្មី សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ កាលពីមិនទាន់បែកគ្នា
× សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរួបរួមជាតិ បានដឹកនាំសហការីរៀងខ្លួន ទៅជួបគ្នានៅភោជនីយដ្ឋានរេស៊ីដង់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាពីការរួបរួមគ្នាឡើងវិញ ក្រោយបែកបាក់គ្នាជាច្រើនឆ្នាំកន្លងមក។
លោក ផាន់ សិទ្ធី អគ្គលេខាធិការរងនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣១ ខែតុលាថា សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ សម្រេចបើកគណៈកម្មការបច្ចេកមួយ ដើម្បីធ្វើកិច្ចការពីការបង្រួបបង្រួមនេះ។ លោក បញ្ជាក់ថា៖«ការបែកបាក់គ្នាកន្លងមក ជារឿងនយោបាយ។...ឥឡូវយើងរួបរួមគ្នាវិញ ដើម្បីបម្រើប្រទេសជាតិ និង ដើម្បីចៀសវាងការបែកបាក់ជាតិ ហើយក៏ដើម្បីរួមកម្លាំងគ្នាសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយដែរ»។
អគ្គលេខាធិការរងរូបនេះ បន្តថា លោក ញឹក ប៊ុនឆៃ បានយកបញ្ជីឈ្មោះសមាជិកជាង១ពាន់នាក់នៃគណបក្សខ្មែររួបរួមជាតិ ទៅថ្វាយសម្តេចក្រុមព្រះ ដើម្បីដាក់បញ្ជូលទៅជាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោក បន្ថែម ឆាប់ៗនេះ គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជ ដើម្បីសម្រេចថា សមាជិកណាខ្លះ នឹងត្រូវទៅចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយសមាជិកណាខ្លះ នឹងត្រូវស្ថិតនៅក្នុងគណបក្សខ្មែររួបរួមជាតិសិន។
លោក ពន្យល់ថា បច្ចុប្បន្ន គណបក្សខ្មែររួបរួមជាតិ នៅមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៣០០នាក់ ដូច្នេះ មិនទាន់អាចរំលាយគណបក្សបានទេ ពីព្រោះថា បើរំលាយ នឹងត្រូវបាត់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងនោះ។ លោក អះអាង រហូតជិតដល់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី នៅ២០២២ឯណោះ ទើបគណបក្សហ្វុនសិនបិចនិងគណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជរួមគ្នា ហើយគណបក្សខ្មែររួបរួមជាតិ នឹងរំលាយចូលទៅគណបក្សហ្វ៊ុនស៊ិនប៉ិច។
មន្ត្រីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ លើកឡើងថា លោក ញឹក ប៊ុនឆៃ មិនទាមទារឋានៈអ្វីឡើយ ពេលចូលទៅគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ លោក ថ្លែងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នៅតែត្រូវរកតំណែងណាមួយ ដែលសមស្របនឹងលោក ញឹក ប៊ុនឆៃ។ យ៉ាងណា ភ្លាមៗនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់សម្រេចនៅឡើយទេចំពោះតំណែងរបស់លោក ញឹក ប៊ុនឆៃ។
លោក ញឹក ប៊ុនឆៃ ដែលធ្លាប់ជាកូនចៅរបស់សម្តេចក្រុមព្រះ បានចាកចេញពីសម្តេចក្រុមព្រះ ក្រោយទាស់គ្នា ហើយលោក បានបង្កើតគណបក្សខ្លួនឯង គឺគណបក្សខ្មែររួបរួមជាតិ កាលពីដើមឆ្នាំ២០១៦។ គណបក្សខ្មែររួបរួមជាតិ និង គណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ និង ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ តែសុទ្ធតែមិនបានទទួលអាសនៈ៕
Tag:
សម្តេចក្រុមព្រះ
ញឹក ប៊ុនឆៃ
រួមរួម
© រក្សាសិទ្ធិដោយ thmeythmey.com