ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧​វិច្ឆិកា លើ​បណ្តឹង​សម្តេច ស ខេង
31, Oct 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ លើ​បណ្តឹង​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ការកោះហៅ​នេះ គឺ​មុន​២​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី ពោលគឺ​លោក សម រង្ស៊ី ប្រកាសថា​លោក នឹង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។

 
​សម្តេច ស ខេង បាន​ប្តឹង​លោក សម រង្ស៊ី  ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការរង​ណ្តឹ​ង គឺ​ដោយសារតែ​លោក សម រង្ស៊ី លើកឡើងថា សម្តេច ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បំផ្ទុះ​ឧទ្ធម្ភាគចក្រ​របស់លោក ហុក ឡុង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បណ្តាល​លោក ហុក ឡុង​ឌី ស្លាប់​កាលពី​ចុងឆ្នាំ​២០០៨ ហើយ​លោក សម រង្ស៊ី អះអាងថា លោក ឌី វិជ្ជា អគ្គ​ស្នងការរង ដែលជា​កូនបង្កើត​របស់លោក ហុក ឡុង​ឌី មាន​គម្រោង​សងសឹក​ឲ្យ​ឪពុក ដោយមាន​ការគាំទ្រ​ពីស​ម្តេច ស ខេង​។ 
 
​មិនមែន​តែ​សម្តេច ស ខេង ទេ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ឌី វិជ្ជា ក៏​ប្តឹង​លោក សម រង្ស៊ី ដែរ តែ​មិនមែន​ប្តឹង​នៅ​តុលាការ​ស្រុក​ខ្មែរ ដូច​សម្តេច ស ខេង ឡើយ គឺ​ប្តឹងទៅ​តុលាការ​បារាំង​។ បណ្តឹង​របស់​អ្នក​ទាំង​៣ គឺធ្វើឡើង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩​។ ចំពោះ​បណ្តឹង​នៅ​តុលាការ​បារាំង នៅ​មិនទាន់​ព័ត៌មាន​អ្វី​ឡើយ​៕ 

Tag:
 ស ខេង​
  សម រង្ស៊ី​
  តុលាការ​
  កោះហៅ​
© រក្សាសិទ្ធិដោយ thmeythmey.com