​លោក គីម ផ្ញើ​សារ​រំលែក​ទុក្ខ​ការស្លាប់​ម្តាយ​លោក​មូ​ន តែ​ថ្ងៃ​បន្ទាប់ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​លោក គីម ផ្ញើ​សារ​រំលែក​ទុក្ខ​ការស្លាប់​ម្តាយ​លោក​មូ​ន តែ​ថ្ងៃ​បន្ទាប់ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​
31, Oct 2019 , 10:59 pm        
រូបភាព
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការស្លាប់​របស់​ម្តាយបង្កើត​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន​។ ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការផ្ញើ​សារ​ដ៏​ភ្ញាក់ផ្អើល​បែបនេះ យោធា​កូរ៉េខាងត្បូង បានប្រកាសថា ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត​។​

 
​លោក គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​តាមរយៈ​ភូមិ​សន្តិភាព ប៉ាន់​មុន​ជុ​ម (Panmunjom) កាលពី​រសៀល ថ្ងៃ​ពុធ ៣០ តុលា មិន​ដល់​មួយថ្ងៃ​ផង​ក្រោយ​ម្តាយ​របស់លោក មូ​ន គឺ​លោកស្រី Kang Han-ok ទទួលមរណភាព​។ ក្នុង​សារ​នេះ លោក គីម បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មរណភាព​របស់លោក​ស្រី Kang ។ នេះ​បើតាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ 
 
​សម្រាប់​​កាយវិការ​នេះ អ្នកជំនាញ​កូរ៉េខាងត្បូង យល់ឃើញថា វា​អាច​បកស្រាយ​ក្នុង​បរិបទ​មិត្តភាព​មេដឹកនាំ​ទាំងពីរ ដែល​កសាងឡើង​តាមរយៈ​កិច្ចប្រជុំ​កំពូល​៣​លើក​កាលពី​ឆ្នាំមុន​។ ក៏ប៉ុន្តែ​ពួកគេ ព្រមាន​ទៀតថា វា​ប្រហែលជា​មិន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ដ៏​មាន​ធំធេង​នៅក្នុង​ឥរិយាបថ​អនាគត​របស់​ក្រុង​ព្យុងយ៉ាង​ចំពោះ​ទីក្រុង​សេ​អ៊ូ​ល​ឡើយ​។ 
 
​ដូច​ការគិត​ទុក​មែន​! រំលង​មួយថ្ងៃ​ប៉ុណ្ណោះ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់ ដែល​បាញ់​ចេញពី​ខេត្ត South Pyongan តម្រង់​ផ្ទាល់​ទៅកាន់​សមុទ្រ​។ អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង លើកឡើង​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ តុលា ដោយ​សង្កត់ធ្ងន់ថា​៖«​យើង​រក្សា​ការត្រៀមខ្លួន​ជានិច្ច​និង​តាមដាន​យ៉ាង​ដិតដល់​ក្នុងករណី​មានការ​បើក​ការបាញ់​មី​ស៊ី​ល​បន្ថែមទៀត​»​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​យ៉ាងណាមិញ ភ្លាមៗ​នេះ គេ​ពុំទាន់​មាន​ព័ត៌មាន​លម្អិត​ផ្សេងទៀត​អំពី​ការបាញ់​នេះ​នៅឡើយ​ទេ រួមមាន ប្រភេទ​មី​ស៊ី​ល និង​រយៈ​ចម្ងាយ​ជាដើម​។ នេះ​ជា​លើក​ទី​១២​ហើយ​ដែល​របប​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​អាវុធ​បែបនេះ ជា​មួ​​យ​ការបាញ់​លើកចុងក្រោយ​គឺធ្វើឡើង​នៅ​ថ្ងៃ​២ តុលា ។ ពេលនោះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នៃ​អាវុធ​ប្រភេទ​ថ្មី មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​បាញ់​ចេញពី​នាវាមុជទឹក ប្រភេទ Pukguksong-3 ចេញពី​ឆ្នេរ​ខាងកើត​៕

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម​ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com