អត្ថបទ៖ ស៊ីធី
កីឡាការិនិជម្រើសជាតិកម្ពុជា នៅ ស្រីពៅ ដែលកំពុងហ្វឹកហាត់នៅប្រទេសជប៉ុនដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ បានសរសើរកីឡាការិនីជើងចាស់ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ថាមានវ័យចំណាស់ហើយតែនៅ។ ការលើកសរសើរនេះបន្ទាប់ពី ស្រីពៅ ចាញ់ក្រោមកណ្ដាប់របស់ Priscilla កាលខែដើមឧសភា ហើយបន្តឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Bozhena Antoniyar កាលថ្ងៃទី ២៥ ខែ តុលាកន្លងទៅថ្មីៗនេះក្នុងកម្មវិធី ONE:DAWN OF VALOR។
Priscilla Hertati Lumban Gaol បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំទៅហើយប៉ុន្តែនៅតែបង្ហាញក្បាច់គុនទាក់ភ្នែក និង ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រឥណ្ឌូណេស៊ី។ Priscilla ជាកីឡាការិនីម្នាក់មានក្បាច់គុនបាត វូស៊ូ បន្ទាប់ពីហ្វឹកហាត់តាំងពីអាយុ ១៧ឆ្នាំមក។ កីឡាការិនីមកពីក្លិប Siam Tigershark រូបនេះចុះហត្ថលេខាប្រកួតជាផ្លូវការឲ្យសង្វៀន ONE Championship តាំងពីដើមឆ្នាំ ២០១៧ មក។ កីឡាការិនីម្ចាស់មេដាយពិភពលោក Wushu World Championship រូបនេះឡើងសង្វៀន ONE បានចំនួន ១១ លើក ក្នុងនោះឈ្នះ ៧ លើកនិងចាញ់ ៤ លើកប៉ុណ្ណោះ។
កីឡាការិនីជើងខ្លាំងកម្ពុជាបានសរសើរថា៖«បង! ខ្ញុំនៅសរសើរគាត់មានចំណុចល្អច្រើនណាស់។ គាត់ [Priscilla] មានកូនមានប្ដី ប៉ុន្តែកម្លាំងរបស់គាត់រក្សាបានល្អដដែល។ និយាយរួមកីឡាការិនីខ្លះទៀតមានកូនមានប្ដី គេបោះបង់ចោលហើយ និង កម្លាំងធ្លាក់ចុះខ្លាំង។ ខ្ញុំមើលទៅគាត់ ...គាត់ចាស់មែនប៉ុន្តែខ្ញីចាស់តែម្ដង»។ ស្រីពៅ បញ្ជាក់ថា កីឡាការិនី Priscilla ស្អិតខាងក្បាច់ចាប់ឃ្លេជាងកីឡាការិនីថៃ Rika Ishige ដែលគេធ្លាប់យកឈ្នះនៅសង្វៀន ONE ទៅទៀត។
នៅ ស្រីពៅ ដែលឈ្នះពានក្នុងនាមកីឡាការិនីឆ្នើមប្រចាំសង្វៀននៅមីយ៉ាន់ម៉ា ២០១៨ បានរំលឹកថា ពេលប្រកួតប៉ះ Priscilla គឺចាញ់បច្ចេកទេសចូលចាប់ បោក និង ក្បាច់ឃ្លេព្រោះហ្វឹកហាត់បានតិចមុនចេញទៅប្រកួត ហើយម្យ៉ាងវិញទៀតក្បាច់បាតរបស់ ស្រីពៅ គឺ ក្បាច់គុនខ្មែរមិនមែនក្បាច់ MMA ដូចវីរនារីឥណ្ឌូណេស៊ីនោះឡើយ។ មុនប្រកួតជាមួយ Priscilla នៅ ស្រីពៅ ហ្វឹកហាត់ត្រៀមបានប្រហែលមួយសប្ដាហ៍ដោយសារមានឈ្មោះទៅប្រកួតប្រដាល់នៅថៃ មិនដូច កាលរូបគេត្រៀមបានល្អពេលឈ្នះ Riga នោះឡើយ។
កីឡាការិនី វ័យ ២៤ ឆ្នាំរបស់កម្ពុជាបានប្រៀបធៀបខ្លួនឯងថា៖«បើខ្ញុំមានគ្រួសារនៅថ្ងៃមុខ បើគេបន្តឲ្យប្រកួតទៀត ខ្ញុំនឹងដើរតាមគន្លងរបស់Priscilla ខ្ញុំបានដាក់ចិត្តស្រលាញ់ក្បាច់គុនទៅហើយ។ ខ្ញុំមិនខ្លាចរឿងឈឺសាច់ ខ្ញុំនៅតែចង់វ៉ៃទៅថ្ងៃអនាគត បើគ្រួសារខ្ញុំផ្ដល់ឱកាសឲ្យ»។
គួរដឹងថា កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣១ ឆ្នាំ ហើយរូបគេចូលហាត់ក្បាច់គុនដំបូង គឺ វូស៊ូ ដែលស្ថិតក្នុងវ័យ ១៧ ឆ្នាំគ្រានោះ។ រំលឹកទៅរឿងដើម Priscilla ធ្លាប់គេចសាលារយៈពេល មួយសប្ដាហ៍ដើម្បីទៅសំងំហ្វឹកហាត់ក្បាច់គុន វូស៊ូ មិនឲ្យឳពុកម្ដាយដឹង។ Priscilla តែងតែដាក់ចិត្តចង់ក្លាយជាកីឡាការនីផង និង ជាអ្នករៀនសូត្រផង បន្ទាប់ពីឳពុកម្ដាយយល់ព្រម។ កូនសិស្សប្រចាំក្លឹប Siam Tigershark ជាជើងឯកកីឡាវូស៊ូ ថ្នាក់ជាតិឥណ្ឌូណេស៊ី និង ជាម្ចាស់មេដាយសំរឹទ្ធពិភពលោកWushu World Championship ទៀតផង៕
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕