អន្តរជាតិ
ការលុបចោល​កិច្ចប្រជុំ APEC នៅ​ស៊ី​លី ធ្វើ​ឲ្យ​រាំងស្ទះ​ពិធី​ចុះហត្ថលេខា​រវាង​អាមេរិក​និង​ចិន​
01, Nov 2019 , 8:29 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភិង, រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភិង, រូបភាព៖ AFP
​គម្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល បន្ទាប់ពី​ស៊ី​លី​ប្រកាស​លុបចោល​ការរៀបចំ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ។ 


​ប្រធានាធិបតី​ស៊ី​លី Sebastian Pinera សម្រេច​លុបចោល​កិច្ចប្រជុំ​មួយចំនួន ដោយ​ក្នុងនោះ​រួមមាន កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី ១៦ និង​១៧ ខែវិច្ឆិកា និង​សន្និសីទ​ស្តីពី​ការ​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ខែធ្នូ​។ ការសម្រេច​លុបចោល​បែបនេះ ដោយសារ​ប្រទេស​ស៊ី​លី​កំពុងស្ថិត​ក្នុង​ភាពវឹកវរ និង​បាតុកម្ម​របស់​ប្រជាជន​។ 
 
​បើទោះបី​ជាមាន​វិបត្តិ​នៅក្នុង​ប្រទេស​ស៊ី​លី​ក៏ពិតមែន តែ​វា​ពាក់ព័ន្ធ​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​។ តាម​ការគ្រោងទុក​រប​ស់លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជិន​ភីង រំពឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ ដើម្បី​បន្ថយកម្ដៅ​ជម្លោះ​ពាណិជ្ជកម្ម​។ អ្វីដែល​សំខាន់​នៅពេលនេះ គឺមាន​សំណួរ​ជាច្រើន កំពុងតែ​ចោទឡើង បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ស៊ី​លី ត្រូវបាន​លុបចោល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ចម្ងល់​ដែល​បាន​ចោទឡើង​ខាងលើ អ្នកនាំពាក្យ​សេត​វិមាន​បាន​ស្រាយ​បំភ្លឺ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា បើទោះជា​វេទិកា​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក ត្រូវ​ពន្យារពេល​ក៏ពិតមែន តែ​វា​មិនមាន​ផលប៉ះពាល់​ដល់ពេល​វេលា ដែល​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឡើយ​។ បើតាម​ការលើកឡើងរ​បស់​អ្នកនាំពាក្យ​ដដែល ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក ចិន នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ដដែល គ្រាន់តែ​មិនទាន់​ដឹង​ពី​ទីកន្លែង​ច្បាស់លាស់​។ 
 
​តាមពិតទៅ អស់ពី​ប្រទេស​ស៊ី​លី ទាំង​អាមេរិក និង​ចិន នៅតែមាន​ការខ្វែងគំនិត​គ្នា​ពាក់ព័ន្ធ​ទៅនឹង​កន្លែង​ចុះហត្ថលេខា​ង​កិច្ចព្រមព្រៀង​។ ជាក់ស្តែង​លោក Henrietta Treyz  នាយក​គោលនយោបាយ​សេដ្ឋកិច្ច នៅឯ​កន្លែង​ផ្តល់យោបល់​វិនិយោគ Veda Partners បាន​អះអាងថា លោក ត្រាំ ចង់​ចុះហត្ថលេខា​នៅ Mar-a-Lago ឬ​កន្លែង​សម្រាក​កម្សាន្ត​ផ្សេងទៀត​របស់គាត់ ខណៈពេល​លោក ស៊ី ចង់​ចុះហត្ថលេខា​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី ឬ​ប្រទេស​ទី​បី​។ បានន័យថា មន្ត្រី​ភាគី​ទាំងពីរ ត្រូវ ស្វែងរក​កន្លែង​ដ៏​សាក​សម​មួយ​សម្រាប់​ចុះហត្ថលេខា​។​
​សូមបញ្ជាក់ថា បើតាម​ការអះអាង​រប​ស់ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានលើកឡើង​នៅ​ថ្ងៃទី​២៩ ខែតុលា ថា ការពិភាក្សា​បច្ចេកទេស នៅលើ​កិច្ចព្រមព្រៀង​បានបញ្ចប់​រួចរាល់​ហើយ​៕

Tag:
 ចិន​
  អាមេរិក​
 ​ស៊ី​លី​
© រក្សាសិទ្ធិដោយ thmeythmey.com