ជាតិ
បុណ្យអុំទូក
​​​ន​យោ​បាយ​ជាតិ​
៩​វិច្ឆិកា​៖ រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជា​គ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ប្រើ​កម្លាំង​ទប់ទល់​នឹង​ក្រុមប្រឆាំង
01, Nov 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សរសេរ​លិខិត​ជូនទៅ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដោយបាន​ណែនាំ​ពួកគេ ឲ្យ​ប្រើប្រាស់​កងកម្លាំង​ក្នុង​រាជធានី​-​ខេត្ត​របស់ខ្លួន ដើម្បី​បង្ការ ទប់ស្កាត់ និង បង្ក្រាប់​បទល្មើស​នានា ក្នុងអំឡុង​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ និង ពិធីបុណ្យ​អុំទូក ហើយ​ទន្ទឹមនឹងនេះ ក៏ត្រូវ​ទប់ទល់​នឹង​ក្រុមប្រឆាំង​ផងដែរ ដែល​ប្រកាស​ដឹកនាំ​កម្លាំង​ចូលមក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល នៅ​ថ្ងៃ​៩ ខែវិច្ឆិកា​។​


 
​តាមរយៈ​លិខិត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែតុលា សម្តេច ស ខេង ប្រាប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​មាន​វត្តមាន​ក្នុង​រាជធានី​-​ខេត្ត​របស់ខ្លួន​ជាប់​ជានិច្ច ចាប់ពី​ដើមខែ​វិច្ឆិកា​ទៅ រហូតដល់​ចប់​ពិធី​បុណ្យជាតិ​ទាំងពីរ​នេះ​។ សម្តេច​រដ្ឋមន្ត្រី បន្តថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ជំនាញ​នានា ត្រូវ​បង្កើន​ការគ្រប់គ្រង​វត្តមាន​និង​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​ឲ្យ​បាន​ហ្មត់ចត់​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ ដែលមាន​សិទ្ធិអំណាច​គ្រប់គ្រង​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ត្រូវ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​រាជធានី​-​ខេត្ត​នីមួយៗ តាមដាន​ក្តាប់​សភាពការណ៍​សកម្ម​ភាព​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​អប់រំ​ប្រជាជន​ឲ្យ​ចៀសវៀង​ការចូលរួម​ក្នុង​សកម្មភាព​ណាមួយ នៃ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។​
 
​បន្ថែម​ពីនេះ សម្តេច ស ខេង បាន​បង្គាប់​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​បង្កើន​ការគ្រប់គ្រង​លើ​ការចេញ​-​ចូល​របស់​ប្រជាជន និង​គ្រប់គ្រង​មុខសញ្ញា​នានា​។ សម្តេច ដាស់តឿន​ថា​៖«​សូម​ឯកឧត្តម លោកជំទាវ ចាត់ចែង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។ 
 
​លោក សម រង្ស៊ី ប្រកាសថា ថ្ងៃ​៩​វិច្ឆិកា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ការផ្លាស់ប្តូរ ឯ​រដ្ឋាភិបាល ប្រកាស​តប​វិញ​ថា ថ្ងៃ​៩​វិច្ឆិកា ជា​ថ្ងៃ​ហូប​អំបុក​ទូទាំងប្រទេស ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​៕ 

Tag:
 ស ខេង​
  សន្តិសុខ​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  បុណ្យ​ឯករាជ្យ​
  បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com