ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កំពូល​អាហារ​ដែលជា​ប្រភព​ធម្មជាតិ​នៃ “​ជាតិ​កាល់ស្យូម​”
15, Apr 2022 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ហើយ​នោះ កាល់ស្យូម​ក៏​សំខាន់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ សារធាតុចិញ្ចឹម​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​ក្រចក ធ្មេញ សាច់ដុំ និង​សូម្បីតែ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ដូច្នេះ​ដើម្បី​ចៀស​ផុតពី​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ជាប្រចាំ គឺ​សំខាន់​ណាស់​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែលជា​ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ៖
 
១. បន្លែ​បៃតង​

​បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម​ដូច​ទៅនឹង​ម្សៅ​ធញ្ញជាតិ​ដែរ​។ ក្រៅពី​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​ហើយ​នោះ ការទទួល​ទាន​បន្លែ​បៃតង​ក៏​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ចំពោះ​សុខភាព​រាងកាយ​ផងដែរ​។ ដូច្នេះ​ការបន្ថែម​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក គឺ​សំខាន់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ឆ្អឹង​ល្អប្រសើរ​ចៀស​ផុតពី​បញ្ហា​ផ្សេងៗ​។​
 
២. ទឹកដោះគោ​

​ការ​ទទួលទាន​ទឹកដោះគោ​ស្រស់​មួយ​កែវ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​កាល់ស្យូម​ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៣១ ភាគរយ​ឯណោះ​។​
 
៣. ត្រី​សា​ឌី​ន​និង​ត្រី​សាល​ម៉ុ​ន​កំប៉ុង​

​ចង់ដឹង​មែន​ទេ​ថា​អ្វី​ទៅ​ដែល​ធ្វើ​ត្រី​សា​ឌី ឬ​ត្រី​សាល​ម៉ុ​ន​កំប៉ុង​ក្លាយជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម​? នោះ​ក៏​ព្រោះតែ​ឆ្អឹង​នៃ​ត្រី​កំប៉ុង​ទាំងពីរ​នេះ​អាច​ទទួលទាន​បាន​! ក៏​មិន​ខុសពី​ឆ្អឹង​របស់​មនុស្ស​ដែរ ឆ្អឹង​ត្រី គឺជា​ផ្នែក​ដែលមាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន​បំផុត​ក្នុង​ខ្លួន​ត្រី​។ ក្រៅពី​ជាតិ​កាល់ស្យូម​ហើយ​នោះ ត្រី​សាល​ម៉ុ​ន​ថែមទាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយទៀត​សម្រាប់​សុខភាព​ធ្មេញ និង​ឆ្អឹង​នោះ គឺ​វីតាមីន D​។ ត្រី​សាល​ម៉ុ​ន​និង​ត្រី​សា​ឌី​ន​ក៏​ជា​ប្រភព​ដ៏​ល្អប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ដែលមាន​សមត្ថភាព​ទ​ប់​ទល់នឹង​ការ​រលាក​ផងដែរ​។ ដូចដែល​បានដឹងហើយថា​ការ​រលាក​ភាគច្រើន គឺ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​បញ្ហា​ឆ្អឹង​ចុះខ្សោយ​។​
 
៤. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​

​ត្រឹម​មួយ​ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​កាល់ស្យូម​ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៤ ភាគរយ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សមាសធាតុ sulfuric ដែល​ជួយ​បន្សាប​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ​ទៀតផង​។​
 
៥. គ្រាប់​អាល់​ម៉ុ​ន​

​មួយ​ពែង​នៃ​គ្រាប់​អាល់​ម៉ុ​ន​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​កាល់ស្យូម​ចាំបាច់​ប្រចាំថ្ងៃ​ច្រើន​ដល់​ទៅ ៣៨ ភាគរយ​។ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន សារធាតុ folate វីតាមីន B2 វីតាមីន B3 និង​វីតាមីន B6 ផងដែរ​។​
 
៦. គ្រាប់ល្ង​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ហើយ​នោះ គ្រាប់ល្ង​ក៏មាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម ទប់ស្កាត់​ជំងឺមហារីក និង​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​គ្រាប់ល្ង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៧. សណ្ដែកសៀង ឬ​ទឹក​សណ្ដែក​

​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន​ទឹកដោះគោ ហេតុអ្វី​មិន​សាកល្បង​ទទួលទាន​ទឹក​សណ្ដែក​ជំនួស​វិញ​? ភេសជ្ជៈ​នេះ​សាក​សម​បំផុត​សម្រាប់​អ្នកចាញ់​ឡាក់​តូ​ស​។ សណ្ដែកសៀង ឬ​ទឹក​សណ្ដែក​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម និង​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើនជាង​ទឹកដោះគោ​ផ្សេងៗ​ផង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com