អន្តរជាតិ
Abu Ibrahim al-Hashimi al-Quraishi ក្លាយជាមេដឹកនាំថ្មីរបស់ ISIS អាប៊ូ អាកើ អាល់-បាក់ដាឌី (Abu Bakr al-Baghdadi) ប្រមុខដឹកនាំក្រុមរដ្ឋឥស្លាម ដែលត្រូវបានសម្លាប់ កាលពីថ្មីៗនេះ
× ក្រុមរដ្ឋឥស្លាម (ISIS) បានបញ្ជាក់ការស្លាប់របស់មេដឹកនាំខ្លួន អាប៊ូ អាកើ អាល់-បាក់ដាឌី (Abu Bakr al-Baghdadi) ហើយបានជ្រើសរើសអ្នកជំនួសថ្មី ឈ្មោះថា អាប៊ូ អ៊ីប្រាហ៊ីម អាល់-ហាស៊ីមី អាល់-ឃួរ៉ៃស៊ី (Abu Ibrahim al-Hashimi al-Quraishi) ។ ទន្ទឹមនេះ ពួកគេក៏ប្តេជ្ញាសងសឹកប្រឆាំងសហរដ្ឋអាមេរិកផងដែរ។
«យើង ទួញយំសោកចំពោះ[មរណភាព]អ្នក […] មេបញ្ជាការដ៏ស្មោះត្រង់»។ អ្នកនាំពាក្យថ្មីរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម អាប៊ូ ហាំសា អាល់-ឃួរ៉ៃស៊ី (Abu Hamza al-Quraishi) និយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ជាសំឡេងមួយ។ ក្នុងសាររយៈពេល៧នាទី ក្រុម ISIS អះអាងថា ក្រុមប្រឹក្សា Shura របស់ក្រុមរដ្ឋឥស្លាម បានកោះប្រជុំភ្លាមៗក្រោយមានការបញ្ជាក់ពីការស្លាប់របស់ បាក់ដាឌី ហើយសមាជិកជាន់ខ្ពស់បានព្រមព្រៀងលើការជ្រើសរើសមេដឹកនាំថ្មី។
គេដឹងតិចតួចណាស់អំពី ប្រមុខដឹកនាំ ISIS ថ្មី ហាស៊ីមី ដែលឈ្មោះបុគ្គលរូបនេះសឹងតែគ្មានអ្នកណាធ្លាប់លឺផង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកជំនាញអ៊ីរ៉ាក់ម្នាក់ដែលតាមដានក្រុមឧទ្ទាម ISIS នេះ លើកឡើងថា៖«យើងមិនដឹងច្រើនឡើយអំពលោក [ហាស៊ីមី] ដែលកំពុងដឹកនាំគណៈចៅក្រមនៃរដ្ឋឥស្លាម ហើយលោកដឹកនាំគណៈកម្មធិការ Sharia (ច្បាប់ឥស្លាម)»។
ទន្ទឹមនឹងការប្រកាសរើសមេដឹកនាំថ្មី ក្រុមរដ្ឋឥស្លាម ក៏គំរាមខ្លាំងៗប្រឆាំងសហរដ្ឋអាមេរិកដែលជាអ្នកសម្លាប់មេដឹកនាំខ្លួន។ ពួកគេបានព្រមានថា អ្នកគាំទ្ររបស់ក្រុមរដ្ឋឥស្លាម នឹងសងសឹកចំពោះការស្លាប់របស់បាក់ដាឌី។ ត្រង់នេះ អ្នកនាំពាក្យក្រុមរដ្ឋឥស្លាម ហាំសា លើកឡើងបែបនេះ៖«កុំទាន់អរសប្បាយពេកអាមេរិក។ អ្នកដែលបានជ្រើសរើសថ្មីនឹងធ្វើឱ្យអ្នកភ្លេចភាពភ័យរន្ធត់ដែលអ្នកបានឃើញ [...] ហើយធ្វើឱ្យសមិទ្ធផលនៃថ្ងៃបាក់ដាឌី មានរសជាតិផ្អែម»។
សូមបញ្ជាក់ថា បាក់ដាឌី ដែលបានដឹកនាំក្រុមរដ្ឋឥស្លាម តាំងពីឆ្នាំ២០១៤ និងមនុស្សដែលអាមេរិកតាមប្រមាញ់ជាយូរមកហើយនោះ បានបំផ្ទុះខ្លួនឯងក្នុងប្រតិបត្តិការវាយឆ្មក់របស់កម្លាំងពិសេសអាមេរិក ក្នុងខេត្តពាយ្យនៃប្រទេសស៊ីរី Idlib កាលពីថ្ងៃអាទិត្យ ២៧ តុលា។ ក្រោយមក នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ មន្ត្រីអាមេរិក បានបញ្ជាក់ថា សពរបស់បាក់ដាឌី ត្រូវយកទៅបោះចោលក្នុងសមុទ្រ៕
Tag:
សហរដ្ឋអាមេរិក
ក្រុមរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com