ស្ពានបេតុង​គៀន​ជ្រៃ​នៅ​កំពង់សៀម ទ្រុឌទ្រោម​, ក្រសួង មិន​ឲ្យ​ឆ្លងកាត់​បណ្តោះអាសន្ន​
ជាតិ
សង្គមជាតិ
ស្ពានបេតុង​គៀន​ជ្រៃ​នៅ​កំពង់សៀម ទ្រុឌទ្រោម​, ក្រសួង មិន​ឲ្យ​ឆ្លងកាត់​បណ្តោះអាសន្ន​
01, Nov 2019 , 11:59 am        
រូបភាព
ស្ថានភាពស្ពានបេតុងគៀនជ្រៃ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងតែ​មានភាព​ទ្រុឌ​ទ្រោម រូបភាពពីក្រសួងអភិវឌ្ឍន៍ជនបទ
ស្ថានភាពស្ពានបេតុងគៀនជ្រៃ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងតែ​មានភាព​ទ្រុឌ​ទ្រោម រូបភាពពីក្រសួងអភិវឌ្ឍន៍ជនបទ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ពានបេតុង​គៀន​ជ្រៃ នៅ​ស្រុក​កំពង់សៀម  ខេត្តកំពង់ចាម ដែលមាន​ប្រវែង​៩០​ម៉ែត្រ កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​ទ្រុឌទ្រោម ដោយ​កន្លងមក​នៅ​តំបន់​នោះ​ជួប​គ្រោះទឹកជំនន់ ដែល​បណ្តាល​ឲ្យ​បាក់​ដី​ផងដែរ​។ ក្រសួង​អភិវឌ្ឍន៍ជនបទ បានសម្រេច​ឲ្យ​ផ្អាក​ឆ្លងកាត់​ស្ពាន​នេះ​ជា​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ការជួសជុល​ឡើងវិញ ទើប​ឲ្យ​ដំណើរការ​វិញ​។


 
​លោក ចាន់ ដា​រ៉ុង អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា ក្រោយពី​ឃើញ​ស្ថានភាព​ស្ពានបេតុង​គៀន​ជ្រៃ​នេះ​មានការ​ខូចខាត ដែល​ងាយ​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ក្រុមមន្ត្រី​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ និង​រក​វិធីសាស្ត្រ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ហើយ ដោយ​មិន​បណ្តោយ​ឲ្យ​ពលរដ្ឋ​ណា​ម្នា​ក់មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។ 
 
​អ្នកនាំពាក្យ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ក្រុមការងារ​យើង​កំពុងតែ​ដុតដៃដុតជើង​ក្នុង​កិច្ច​ការជួសជុល​ហ្នឹងហើយ​។ ជាមួយគ្នានេះ​ក្រុមការងារ​យើង​ក៏​កំពុងតែ​សិក្សា​ជាបន្ទាន់​ដែរ ថា​ត្រូវធ្វើ​យ៉ាងម៉េច​ចំពោះ​ស្ពាន​ហ្នឹង ថា​តើ​វ៉ៃ​ចោល ឬក៏​ត្រូវ​ជួសជុល ឬក៏​ត្រូវធ្វើ​ថ្មី​។ បើតាម​ការសន្និដ្ឋាន​ប​ឋ​ម ស្ពាន​ហ្នឹង​ប្រហែលជា​មិនអាច​ជួសជុល​បានទេ​។ ហើយ​យើង​នឹងសិក្សា​ថា​តើ​យើង​ត្រូវការ​ថវិកា​ប៉ុន្មាន ហើយនឹង​ទាក់ទង​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដើម្បី​សុំ​ថវិកា​ក្នុងការ​សាងសង់​ស្ពាន​ថ្មី​នេះ​»​។ 
 
​បើតាម​លោក ចាន់ ដា​រ៉ុង បន្ទាប់ពី​ផ្អាក​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​ស្ពាន​នោះ​ហើយ ក្រុមមន្ត្រី​ជំនាញ នឹងធ្វើ​ផ្លូវ​វាង​ថ្មី​ជំនួស​វិញ សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​តាម​ធម្មតា​វិញ​។ ការសាងសង​ផ្លូវ​វាង​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា នេះ​តទៅ​៕ 

Tag:
 ​ក្រសួង​អភិវឌ្ឍន៍ជនបទ​
 ​ស្ពាន​
 ​ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com