ជាតិ
សង្គមជាតិ
ស្ពានបេតុងគៀនជ្រៃនៅកំពង់សៀម ទ្រុឌទ្រោម, ក្រសួង មិនឲ្យឆ្លងកាត់បណ្តោះអាសន្ន ស្ថានភាពស្ពានបេតុងគៀនជ្រៃ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងតែមានភាពទ្រុឌទ្រោម រូបភាពពីក្រសួងអភិវឌ្ឍន៍ជនបទ
× ភ្នំពេញ៖ ស្ពានបេតុងគៀនជ្រៃ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង៩០ម៉ែត្រ កំពុងតែស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម ដោយកន្លងមកនៅតំបន់នោះជួបគ្រោះទឹកជំនន់ ដែលបណ្តាលឲ្យបាក់ដីផងដែរ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឲ្យផ្អាកឆ្លងកាត់ស្ពាននេះជាបណ្តោះអាសន្នសិន ដោយរង់ចាំការជួសជុលឡើងវិញ ទើបឲ្យដំណើរការវិញ។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ក្រោយពីឃើញស្ថានភាពស្ពានបេតុងគៀនជ្រៃនេះមានការខូចខាត ដែលងាយនឹងប្រឈមហានិភ័យខ្ពស់ ក្រុមមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យ និងរកវិធីសាស្ត្រដោះស្រាយឲ្យបានទាន់ពេលវេលាហើយ ដោយមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតឡើយ។
អ្នកនាំពាក្យរូបនេះ និយាយដូច្នេះថា៖«ក្រុមការងារយើងកំពុងតែដុតដៃដុតជើងក្នុងកិច្ចការជួសជុលហ្នឹងហើយ។ ជាមួយគ្នានេះក្រុមការងារយើងក៏កំពុងតែសិក្សាជាបន្ទាន់ដែរ ថាត្រូវធ្វើយ៉ាងម៉េចចំពោះស្ពានហ្នឹង ថាតើវ៉ៃចោល ឬក៏ត្រូវជួសជុល ឬក៏ត្រូវធ្វើថ្មី។ បើតាមការសន្និដ្ឋានបឋម ស្ពានហ្នឹងប្រហែលជាមិនអាចជួសជុលបានទេ។ ហើយយើងនឹងសិក្សាថាតើយើងត្រូវការថវិកាប៉ុន្មាន ហើយនឹងទាក់ទងទៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដើម្បីសុំថវិកាក្នុងការសាងសង់ស្ពានថ្មីនេះ»។
បើតាមលោក ចាន់ ដារ៉ុង បន្ទាប់ពីផ្អាកឲ្យពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់តាមស្ពាននោះហើយ ក្រុមមន្ត្រីជំនាញ នឹងធ្វើផ្លូវវាងថ្មីជំនួសវិញ សម្រាប់ឲ្យពលរដ្ឋធ្វើចរាចរណ៍តាមធម្មតាវិញ។ ការសាងសងផ្លូវវាងនេះ នឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ៕
Tag:
ក្រសួងអភិវឌ្ឍន៍ជនបទ
ស្ពាន
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com