ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លើកឡើងថាវិស័យសំណង់នៅតែមានសុខុមាលភាពល្អ នៅក្នុងឆ្នាំ២០១៩នេះ ខណៈវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានដើរតួនាទីជាចលករមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
ការរីកចម្រើននៃវិស័យអចលនទ្រព្យនេះ ក្រសួងយល់ថា បានបង្ហាញពីការវិវត្តឈានឡើង នៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយស្ថេរភាព និងនិរន្តរភាព ពិសេសការរីកចម្រើននៃវិស័យអចលនទ្រព្យ គឺជាការបង្ហាញនូវការជឿជាក់របស់អ្នកអភិវឌ្ឍអចលនវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការលើកឡើងនេះត្រូវបានបង្ហាញឡើង តាមរយៈស្តីពីបូកសរុបលទ្ធផលការងារ ៩ ខែ ឆ្នាំ២០១៩ និងទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍នោះបានឱ្យដឹងថា គិតត្រឹមរយៈពេល ៩ ខែ ដើមឆ្នាំនេះ សំណង់នៅទូទាំងប្រទេសមានចំនួនសរុប ៣,៤៣៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣ លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៦,៤៩៤ លានដុល្លារអាមេរិក។ តួលេខនេះកើនឡើង ៣៤.៧៣% បើធៀបនឹងរយៈពេល ៩ ខែដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមាន ២,៥៤១ គម្រោង និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤,៨២០ លានដុល្លារអាមេរិក។
របាយការណ៍ដដែល ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមគម្រោងទាំងអស់ ក្នុងនោះសម្រាប់សមត្ថកិច្ចក្រសួង បានផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណ ២៧៤ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ជាង ៥,៧៥២ លានដុល្លារអាមេរិក បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មាន ២២៤ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤,៤៧៥ លានដុល្លារអាមេរិក គឺមានការកើនឡើង ២៨.៥៣%។ ចំពោះសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មាន ១៥៩ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៧៤២ លានដុល្លាអាមេរិក ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨មាន ៣៤៤ លានដុល្លារអាមេរិក ពោលកើនឡើងជាង ១១៥%»។
ស្របពេលទុនវិនិយោគក្នុងវិស័យសំណង់ នៅរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កើនឡើងជាង ៣៤% វិស័យមួយនេះ ក៏បានបង្កើតការងារជាច្រើន ជូនប្រជាពលរដ្ឋជិត ១៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ។
ពាក់ព័ន្ធវិស័យសំណង់កម្ពុជា លោក ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា៖«ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៧ គម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងនៅលើវិស័យសំណង់មានតែ ៣,២០០ លានដុល្លារអាមេរិក ពីឆ្នាំ២០០៨ ដល់ ២០១១ ឡើងដល់ ១.២ លានុដល្លារអាមេរិក តែមកដល់ឆ្នាំ២០១២ ដល់២០១៨ ចាប់ផ្តើមឡើងកំហុក ឡើងរហូតដល់ ៥,៧៥៥ លានដុល្លារ»។
លោករដ្ឋមន្ត្រីរូបនេះ ក៏បានបញ្ជាក់ទៀតថា ក្នុងវិស័យសំណង់កម្ពុជា ក្រុមហ៊ុនចិនបានបោះទុនវិនិយោគ ២,៨៦៥ លានដុល្លារអាមេរិកជាប់ចំណាត់ថ្នាកទី១ ប្រទេសកូរ៉េជាប់ចំណាត់ថ្នាកទី២ បានបោះទុនវិនិយោគ ១,៦៥០ លានដុល្លារ និងប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ទី៣ បានបោះទុនវិនិយោគ ៣៨២ លានដុល្លារ។
ពាក់ព័ន្ធនឹងកំណើនទុនវិយោគក្នុងវិស័យសំណង់នេះដែរ យោងតាមការវិភាគលើទិន្នន័យដែលប្រើប្រាស់ជាមធ្យោបាយវាស់វែងពីសុខុមាលភាពវិស័យអចលនទ្រព្យ របស់អ្នកជំនាញអលចនទ្រព្យនៅកម្ពុជា បានបង្ហាញឡើងកាលពីពេលថ្មីៗនេះដែរ វិស័យអចលនទ្រព្យកម្ពុជានៅបន្តភាពរឹងមាំ និងមានភាពធន់ខ្ពស់នៅឆ្នាំ២០១៩នេះ ហើយនឹងបន្តកើនឡើងចន្លោះពី ១០ ភាគរយ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាកំណើនល្អមួយ ហើយប្រជាពលរដ្ឋកម្ពុជា នៅតែមានឱកាសល្អក្នុងការវិនិយោគ ដើម្បីទទួលបានផលចំណេញពីការរីកចម្រើននេះ៕
(អត្ថបទពាណិជ្ជកម្ម)