៣​ចំណុច​រៀបរាប់​ពី ខុន ស៊ី​ចាន់ មុន​ការប្រកួត​នៅ ONE
ONE Championship
កីឡាជាតិ
ជាតិ
៣​ចំណុច​រៀបរាប់​ពី ខុន ស៊ី​ចាន់ មុន​ការប្រកួត​នៅ ONE
02, Nov 2019 , 10:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខុន ស៊ី​ចាន់ ត្រូវ​ជួប​កីឡាករ​ឥណ្ឌា Roshan Mainam ដែល​ជំនាញ​ខាង​ចំបាប់​នៅក្នុង​កម្មវិធី ONE: MASTERS OF FATE នៅ​ថ្ងៃទី ៨ ខែ វិច្ឆិកា ក្នុង​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ ៣ ចំណុច​នេះ​អ្នក​អាច​មិនដឹង​អំពី​កីឡាករ​កម្ពុ​ជាមុន​ទៅ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក ONE Championship​។

 
១-​ចាក​ឆ្ងាយ​គ្រួសារ​ដើម្បី​ត្រៀមខ្លួន​

​ដ្បិត​មិន​បានមក​ហ្វឹកហាត់​នៅ​ក្លិប​ល្អប្រសើរ​នៅ​រាជធានី​ភ្នំពេញ​ដោយសារ​មានគ្រួសារ​នៅ​ខេត្ត  ស៊ី​ចាន់ បាន​ហ្វឹក​ហាត់គុន​ខ្មែរ​ជាប្រចាំ​នៅឯ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រឹតតែ​ពិសេស ក្នុង​រយៈពេល​មួយខែ​មកនេះ ស៊ី​ចាន់ បាន​ចាក​ឆ្ងាយ​ពី​ប្រពន្ធ​កូន​មក​បោះជុំរុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ក្នុង​កម្មវិធី ONE: MASTER OF FATE នា​ក្រុងភ្នំពេញ​ដោយ​ស្នាក់នៅ​ជាមួយ​គ្រូបង្វឹក Alan Mccune និង ញុំ​ា​របប​អាហារ​ត្រឹមត្រូវ​។ អំឡុងពេល​បោះជុំរុំ ហ្វឹកហាត់​នេះ រូបគេ​មានការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ទទួលបាន​ជ័យជម្នះ និង គោលដៅ​ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​កើនឡើង​ផងដែរ​។ ស៊ី​ចាន់ បាន​កំហិត​ពេលវេលា​ទៅ​ជួប​គ្រួសារ​នៅ ស្រុក​អន្លង់វែង​តិចតួច​បំផុត​។ 


 
២- ទទួល​ការហ្វឹកហាត់​ពី​គ្រូ​លំដាប់​អន្តរជាតិ​
 
​ខុន ស៊ី​ចាន់ ទទួលបាន​វិជ្ជា​គុន​ពី​លោក Fernando Salvador គ្រូបង្វឹក​ជី​ជិត​សូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់ និង លោក Chris Kennedy គ្រូបង្វឹក​ជី​ជិត​ខ្សែក្រវាត់​ខ្មៅ​ពណ៌​ត្នោត រួមទាំង​មាន​កីឡាករ​ផ្សេងទៀត​ជួយ​ហាត់​សម ឬ ឡាំ​គ្នា ដូច​ប្រកួត​ការពិតជា​អីចឹង​ជាប្រចាំ​ក្នុង​រយៈពេល​មួយខែ​មកនេះ​នៅ​ក្លិប​ប្រដាល់ Prodal និង នៅ The Place Gym AEON 1​។  គ្រូបង្វឹក​សញ្ជាតិ​អាមេរិក Fernando Salvador បាន​ឲ្យ​ដឹងថា ខុន ស៊ី​ចាន់ មាន​ភាព​រីកចម្រើន​ច្រើនជាង​មុន​ចំពោះ ក្បាច់​ដោះ ចាន់​ឃ្លេ និង គាប​ជាដើម បន្ទាប់ពី​បាន​ឡាំ​ដកស្រង់​បច្ចេកទេស​។ ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់ Flyweight  គ្រូបង្វឹក​រូបនេះ​រំពឹងថា កូន​របស់ខ្លួន នឹងធ្វើ​បានល្អ​ហើយ​ទទួលបាន​លទ្ធផល​គាប់ចិត្ត​ត្រលប់​ពី​ហ្វីលីពីន​វិញ​។ ជាមួយគ្នានេះ កីឡាករ​វ័យ​វ័យ ៣១ ឆ្នាំ​បាន​កែប្រែ​ចំណុចខ្សោយ​បានល្អ​ជាង​មុន ក្រោយ​ចាញ់ ឃ្លេ កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ក្នុង​ទឹក​ទី​១ កាល​ខែ កុម្ភៈ​នៅ​សិង្ហ​បុរី​។ 
 


៣- ដឹង​ចំណុចខ្លាំង​របស់​គូប្រកួត​ដើម្បី​ទប់ទល់​
 
​ខុន ស៊ី​ចាន់ បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ថា ៖«​ខ្ញុំ​បាន​មើល​វីដេអូ​ខ្លះៗ​អំពី​គូប្រកួត Mainam ។ គេ​ល្អ​កម្លាំង ល្អ​ខាង​ចូលចាប់​បោក​យើង​, ល្អ​ខាង​រឹត​ក ឬ ឃ្លេ​ក​, ល្អ​ខាង​ម៉ាត់​បើសិន​ករណី​គេ​នៅ​ពីលើ​ខ្ញុំ ប៉ុន្តែ ក្បាច់​ឈរ​វ៉ៃ​របស់គេ​អត់​សូវ​ល្អ​ទេ​។ ករណី​ដែល​យើង​ដោះ​ឃ្លេ​អត់​ចេញ ហើយ​គេ​នៅ​ពីលើ ខ្ញុំ​អាច​នឹង​យ៉ាប់​របស់​ក្បាច់​គេ​មិន​ខាន​។ និយាយ​រួម​បើ​វ៉ៃ​ជំហរ​ដេក Mainam មានប្រៀប​និង​ល្អ​ម៉ាត់​ពីលើ​»​។ យ៉ាងណាក្ដី ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​១ បាន​ហ្វឹកហាត់​ក្បាច់​ដើម្បី​ទប់​យកជ័យ​ជម្នះ​ក្រោម​ការ​បង្វឹក​យ៉ាង​ដិតដល់​ពី​គ្រូបង្វឹក​លំដាប់​អន្តរជាតិ​។ កីឡាករ​មានបទពិសោធន៍​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ៣​ដង​បាន​ហាត់ពត់លត់ដំ​តិក​និក​ការពារ​ពេល​គេ​នៅ​ពីលើ និង ពេល​កីឡាករ​ឥណ្ឌា​ចូលចាប់​ផ្ដួល ជាដើម​។ អតីត​កូនសិស្សលោក ឡោ វុទ្ធី ដឹង​ច្បាស់​ថា បើសិន​ខ្ញុំ​ការពារ​បាន នោះ​រូបគេ​សង្ឃឹម​ឈ្នះ ៩០ % ដោយ​ប្រើ​ក្បាច់​វាយបក ឬ គុន​ខ្មែរ​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE
​នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com