ជាតិ
សង្គមជាតិ
ស្ថាប័ន​ទប់ស្កាត់​ជំងឺអេដស៍ ត្រៀម​ចែក​ស្រោមអនាម័យ​៥​សែន នៅ​ថ្ងៃ​បុណ្យអុំទូក​
10, Nov 2019 , 7:59 am        
រូបភាព
រូបភាពពី​ក្រសួង​ព័ត៌មាន
រូបភាពពី​ក្រសួង​ព័ត៌មាន
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ (NAA) នឹង​បង្កើត​យុទ្ធនា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ដោយ​រៀបចំ​ឲ្យ​ក្រុមការងារ​ខ្លួន​ដើរ​ចែក​ស្រោមអនាម័យ​ចំនួន​៥​សែន ដល់​ពលរដ្ឋ នា​ពិធី​បុណ្យអុំទូក នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​។ យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​ឲ្យ​ពលរដ្ឋ​ចេះ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍​។


 
​ទន្ទឹមនឹង​យុទ្ធនា​ការចែកជូន​ស្រោមអនាម័យ​នេះ អាជ្ញាធរ​ក៏បាន​ត្រៀម​ការធ្វើ​តេស្ត​ឈាម​សម្រាប់​ពលរដ្ឋ​ទូទៅ ជាពិសេស​សម្រាប់​កីឡាករ​អុំទូក ដើម្បី​ស្វែងរក​មេរោគ​អេដស៍​ដោយ​ឥតគិតថ្លៃ​។ 
 
​ជាមួយគ្នា​ផងដែរ អាជ្ញាធរ​ក៏​សហការ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក្នុងការ​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់​ពលរដ្ឋ ឲ្យ​ចេះ​ប្រយ័ត្នប្រយែង និង​យល់​ពី​ផលប៉ះពាល់​នៃ​ជំងឺអេដស៍​។ ក្នុង​យុទ្ធនាការ​នោះ អាជ្ញាធរ​នឹង​ដើរ​ចែក​ខិត្តប័ណ្ណ​ដល់​អ្នក​ដែល​មក​កម្សាន្ត​លេង​នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យអុំទូក រួមទាំង​ដាក់​បដា និង​ពាក្យស្លោក ភ្ជាប់​នឹង​សារ​អប់រំ​ពី​ផលប៉ះពាល់​នៃ​ជំងឺអេដស៍ នៅតាម​ដងផ្លូវ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ដកស្រង់​សម្តី​លោក ហ៊ោ ប៉ុន​ឡេង អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។ 
 
​របាយការណ៍​ស្តីពី​ការរួមចំណែក​នៃ​វិស័យ​ឯកជន ក្នុង​បញ្ហា​សុខភាព និង​ការឆ្លើយតប​ជំងឺអេដស៍ បាន​បង្ហាញថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩​នេះ កម្ពុ​ជាមាន​ពលរដ្ឋ​ជាង​៧​ម៉ឺន​៣​ពាន់​នាក់​កំពុង​រស់នៅ​ជាមួយនឹង​ជំងឺអេដស៍ ដែល​នៅ​ក្នុងនោះ​មាន​១​ម៉ឺន​នាក់​មិនទាន់​ទទួលបាន​សេវា​ការព្យាបាល និង​ថែទាំ​ជំងឺអេដស៍​នៅឡើយ​ទេ​៕ 

Tag:
 ជំងឺអេដស៍​
 ​ស្រោមអនាម័យ​
 ​អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com