អន្តរជាតិ
ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​របស់​កូរ៉េខាងត្បូង ធ្លាក់ចូល​សមុទ្រ​ក្បែរ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន​
01, Nov 2019 , 4:05 pm        
រូបភាព
ប្រជុំកោះ Dokdo ដែលកូរ៉េខាងត្បូងកាន់កាប់ តែទាមទារដោយជប៉ុន។ រួបភាព AFP
ប្រជុំកោះ Dokdo ដែលកូរ៉េខាងត្បូងកាន់កាប់ តែទាមទារដោយជប៉ុន។ រួបភាព AFP
​ដោយ​៖ ងូ​ន សុ​ភាវ​ត្តី​

​មន្ត្រីប៉ូលិស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃទី​៣១ ខែតុលា​ថា ក្រុម​អ្នក​ជួយសង្គ្រោះ កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​៧​នាក់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​នាយ​ក​ដ្ឋា​ន​ពន្លត់​អគ្គិភ័យ​។ ឧទ្ធម្ភាគចក្រ ដែល​កំពុង​បំពេញភារកិច្ច​នេះ បាន​ចូល​សមុទ្រ​ក្បែរ​ប្រជុំ​កោះ​ដែលមាន​ជម្លោះ​ជាមួយ​ជប៉ុន​។​


 
​ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​មួយគ្រឿង​ផលិត​ដោយ​ក្រុមហ៊ុន Airbus ធុន H225 បាន​ធ្លាក់ចូល​សមុទ្រ​បន្ទាប់ពី​បាន​ចុះជួយ​សង្គ្រោះ​អ្នកនេសាទ​ដែល​រងរបួស​ម្នាក់​ចេញពី​តំបន់​កោះ Dokdo ដែលជា​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន​។ ជប៉ុន​ហៅ​កោះ​នេះ​ថា Takeshima ។​មនុស្ស ៧ នាក់​ដែល​បាន​បាត់​ខ្លួន​នោះ​គឺមាន ៥ នាក់​ជា​អ្នក​ជួយសង្គ្រោះ អ្នកនេសាទ និង​ជន​ស៊ីវិល​ម្នាក់​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​នៅ​ទីស្នាក់ការ​កណ្តាល​សេវាកម្ម​ពន្លត់​អគ្គិភ័យ Gyeongbuk បាន​និយាយថា អ្នកជំងឺ​ស្ថិតនៅលើ​ទូក​នេសាទ​នៅពេលដែល​គាត់​បាត់បង់​ម្រាមដៃ​មួយ​របស់គាត់​ដោយ​គ្រោះថ្នាក់​ហើយ​ក្រុម​នាវិក​បាន​នាំ​គាត់​ទៅ កោះ Dokdo ហើយ​រង់ចាំ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​នៅ​ទីនោះ​។ អ្នកជំងឺ​rUbn:​ត្រូវការ​ការវះកាត់​ជាបន្ទាន់​ដែល​អាចធ្វើ​បានតែ​នៅតាម​កន្លែង​នានា​នៅលើ​ដីគោក​ប៉ុណ្ណោះ​។​
 
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា ខ្លួន​បាន​បញ្ជូន​កប៉ាល់​យន្តហោះ និង​អ្នក​មុជទឹក​នានា​ដើម្បី​ចេញ​ប្រតិបត្តិ​ការស្វែងរក​ជន​ទាំង​៧ នាក់​នោះ​។ ទាំង​កូរ៉េខាងត្បូង​និង​ជប៉ុន​សុទ្ធតែ​អះអាងថា​កោះ​តូចៗ​ទាំងនេះ​ជា​ទឹកដី​របស់ខ្លួន​រៀងៗ​ខ្លួន​។ ប៉ុន្តែ​កោះ​មួយចំនួន​ត្រូវបាន​គ្រប់គ្រង​ដោយ​ទីក្រុង​សេ​អ៊ូ​ល​ជាមួយនឹង​ក្រុម​ឆ្មាំ​សមុទ្រ​តូច​មួយ​។​
 
​លោក​Seong Ho-seon មន្ត្រី​មួយរូប​ក្នុង​ក្រុម​ជួយ​សង្គ្រោះបាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap  ថា​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លា​ក់បាន​ចូល​បម្រើ​សេវាកម្ម​ជាមួយ​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​ក្នុង​ឆ្នាំ ២០១៦ ។ ក្រុមហ៊ុន Airbus បាន​ត្រួតពិនិត្យ​អ័ក្ស​បង្វិល​ដោយ​ស្វ័យប្រវត្តិ​រវាង​ខែកញ្ញា​និង​តុលា​ឆ្នាំនេះ​ផងដែរ​។​
 
​ឧទ្ធម្ភាគចក្រ​ម៉ូ​ដែល H225 ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា Eurocopter EC-225 គឺជា​យន្តហោះ​ស្វែងរក​និង​ជួយសង្គ្រោះ​ចម្ងាយ​ឆ្ងាយ​និង​ធន់​នឹង​អាកាសធាតុ​គ្រប់​ប្រភេទ​ទៀតផង​។ ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ Airbus ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​និង​ជា​អង្គភាព​របស់​ក្រុមហ៊ុន Airbus SE គឺជា​ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ពិភពលោក មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ​ទាក់ទង​នឹង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​នៅឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com