អន្តរជាតិ
ចិនធានាថា ទឹកដីហុងកុងនឹងមានស្ថិរភាព ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិនទាំង៧ ដែលមានវត្តមានក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សបក្សចាប់ពីថ្ងៃទី២៨ ដល់៣១ ខែតុលា។ រូបភាព Xinhua
× ចិន នឹងធានាវិបុលភាព ស្ថិរភាពរបស់ហុងកុង និងការពារសន្តិសុខជាតិ ដែលកំពុងប្រឈមជាមួយបញ្ហាបាតុកម្ម និងវិបត្តិសេដ្ឋកិច្ចបណ្ដាលមកពីការតវ៉ារាប់សិបខែមកនេះ។ នេះបើការការអះអាងរបស់ទីក្រុងប៉េកាំងនៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីកិច្ចប្រជុំបក្សកុម្មុយនិស្តបានបិទបញ្ចប់។
មកទល់ពេលនេះ បាតុកម្មនៅក្នុងអតីតដែនអាណានិគមរបស់អង់គ្លេស ដែលបានប្រគល់ទៅចិននៅក្នុងឆ្នាំ ១៩៩៧ មិនទាន់មានភាពធូរស្បើយនៅឡើយទេ បើទោះបីជាសំណើរច្បាប់បត្យាប័នដ៏ចម្រូងចម្រាសត្រូវបានដកជាផ្លូវការក៏ដោយ។ ហេតុការណ៍នេះ គឺជាការគំរាមកំហែងជាខ្លាំងសម្រាប់ប្រធានាធិបតីស៊ី ជិន ភីង ដែលឡើងកាន់តំណែងជាអ្នកដឹកនាំប្រទេសតាំងពីឆ្នាំ ២០១២មក។
កិច្ចប្រជុំលើកទីបួននៃគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានសមាជិកបក្សច្រើនជាង៣០០រូប បានពិភាក្សា និងសម្រេចបោះឆ្នោតជាឯកច្ឆន្ទទៅលើបញ្ហាគោលនយោបាយសំខាន់ៗជាច្រើន។ ក្នុងនោះបក្ស បានសម្រេចដាក់បញ្ហាហុងកុងចូលទៅក្នុងរបៀបវារៈ ប៉ុន្តែមិនមានបញ្ជាក់ពី បញ្ហាជនជាតិភាគតិចវីហ្គ័រ និងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។
នៅក្រោយកិច្ចប្រជុំបិទទ្វាររយៈពេលបួនថ្ងៃ បក្សកុម្មុយនិស្តចិន បានលើកឡើងថា «ប្រទេសមួយ ប្រព័ន្ធពីរ» ត្រូវតែប្រតិបត្តិ និងធ្វើឲ្យសុក្រឹតជាទីបំផុត។ ដោយមានភ្ជាប់ជាមួយទីក្រុងម៉ាកាវ បក្សកុម្មុយនិស្តបានបន្តដដែលទៀតថា ចិន នឹងគ្រប់គ្រងតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវយ៉ាងតឹងរឹងជាទីបំផុត ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេស។ ជាពិសេស ចិនត្រូវតែការពារ វិបុលភាព និងស្ថិរភាពរបស់ទីក្រុងហុងកុង និងម៉ាកាវឲ្យបានយូរអង្វែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters។
ដោយផ្អែកទៅតាម«ប្រទេសមួយ ប្រព័ន្ធពីរ» ទីក្រុងប៉េកាំង មិនមានគម្រោងកែប្រែប្រព័ន្ធគ្រប់គ្រងហុងកុងបច្ចុប្បន្នទេ។ យ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ដោយសារតែច្បាប់សន្តិសុខជាតិ រដ្ឋាភិបាលចិនអាចប្រើភាពជាម្ចាស់របស់ខ្លួន ដើម្បីគ្រប់គ្រងច្បាប់ក្នុងទីក្រុងហុងកុង។ ជាក់ស្តែងមាត្រា ២៣ ដែលផ្តល់សិទ្ធិឲ្យទីក្រុងហុងកុងបង្កើតច្បាប់ផ្ទាល់ខ្លួន ដើម្បីហាមឃាត់សកម្មភាពមួយចំនួនដូចជា អំពីក្បត់ជាតិ អប្បគមន៍ ការបះបោរជាដើម មិនទាន់ត្រូវបានរដ្ឋាភិបាលចិនអនុម័តជាយូរមកហើយ។ នេះក៏ព្រោះតែទីក្រុងប៉េកាំង មិនទុកចិត្ត ក៏ដូចជាដើម្បីរក្សាឥទ្ធិពលនៅលើតំបន់រដ្ឋបាលពិសេសទាំងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com