អន្តរជាតិ
ចិន​ធានាថា ទឹកដី​ហុងកុង​នឹងមាន​ស្ថិរភាព​
01, Nov 2019 , 8:39 pm        
រូបភាព
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិនទាំង៧ ដែលមានវត្តមានក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សបក្សចាប់ពីថ្ងៃទី២៨ ដល់៣១ ខែតុលា។ រូបភាព Xinhua
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិនទាំង៧ ដែលមានវត្តមានក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សបក្សចាប់ពីថ្ងៃទី២៨ ដល់៣១ ខែតុលា។ រូបភាព Xinhua
​ចិន នឹង​ធានា​វិបុលភាព ស្ថិរភាព​របស់​ហុងកុង និង​ការពារ​សន្តិសុខ​ជាតិ ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា​បាតុកម្ម និង​វិបត្តិ​សេដ្ឋកិច្ច​បណ្ដាលមកពី​ការតវ៉ា​រាប់សិប​ខែ​មកនេះ​។ នេះ​បើ​ការ​ការអះអាង​របស់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៣១ ខែតុលា បន្ទាប់ពី​កិច្ចប្រជុំ​បក្សកុម្មុយនិស្ត​បាន​បិទ​បញ្ចប់​។


 
​មកទល់ពេលនេះ បាតុកម្ម​នៅក្នុង​អតីត​ដែន​អាណានិគម​របស់​អង់គ្លេស ដែល​បានប្រគល់​ទៅ​ចិន​នៅក្នុង​ឆ្នាំ ១៩៩៧ មិនទាន់មាន​ភាព​ធូរស្បើយ​នៅឡើយ​ទេ បើទោះបីជា​សំណើរ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ត្រូវបាន​ដក​ជា​ផ្លូវការ​ក៏ដោយ​។ ហេតុការណ៍​នេះ គឺជា​ការគំរាមកំហែង​ជាខ្លាំង​សម្រាប់​ប្រធានាធិបតី​ស៊ី ជិន ភីង ដែល​ឡើងកាន់តំណែង​ជា​អ្នកដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ ២០១២​មក​។ 
 
​កិច្ចប្រជុំ​លើក​ទី​បួន​នៃ​គណៈ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ដែលមាន​សមាជិក​បក្ស​ច្រើនជាង​៣០០​រូប បាន​ពិភាក្សា និង​សម្រេច​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ទៅលើ​បញ្ហា​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​។ ក្នុងនោះ​បក្ស បានសម្រេច​ដាក់​បញ្ហា​ហុងកុង​ចូលទៅក្នុង​របៀបវារៈ ប៉ុន្តែ​មិនមាន​បញ្ជាក់​ពី បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​នៅក្រោយ​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​បួន​ថ្ងៃ បក្សកុម្មុយនិស្ត​ចិន បាន​លើកឡើងថា «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ត្រូវតែ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​សុក្រឹត​ជាទីបំផុត​។ ដោយមាន​ភ្ជាប់​ជាមួយ​ទីក្រុង​ម៉ា​កាវ បក្សកុម្មុយនិស្ត​បា​នប​ន្ត​ដដែល​ទៀតថា ចិន នឹង​គ្រប់គ្រង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ម៉ា​កាវ​យ៉ាង​តឹងរឹង​ជាទីបំផុត ដោយ​ផ្អែក​ទៅតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​ប្រទេស​។ ជាពិសេស ចិន​ត្រូវតែ​ការពារ វិបុលភាព និង​ស្ថិរភាព​របស់​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​ឲ្យ​បានយូរ​អង្វែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
​ដោយ​ផ្អែក​ទៅតាម​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»  ទីក្រុង​ប៉េកាំង មិនមាន​គម្រោង​កែប្រែ​ប្រព័ន្ធគ្រប់គ្រង​ហុងកុង​បច្ចុប្បន្ន​ទេ​។ យ៉ាងណាក៏ដោយ អ្នកជំនាញ​បាន​ព្រមាន​ថា ដោយសារតែ​ច្បាប់​សន្តិសុខ​ជាតិ រដ្ឋាភិបាល​ចិន​អាច​ប្រើ​ភាពជា​ម្ចាស់​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ច្បាប់​ក្នុង​ទីក្រុង​ហុងកុង​។ ជាក់ស្តែង​មាត្រា ២៣ ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ទីក្រុង​ហុងកុង​បង្កើត​ច្បាប់​ផ្ទាល់ខ្លួន ដើម្បី​ហាមឃាត់​សកម្មភាព​មួយចំនួន​ដូចជា អំពី​ក្បត់ជាតិ អប្បគមន៍ ការបះបោរ​ជាដើម មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​ចិន​អនុម័ត​ជា​យូរ​មកហើយ​។ នេះ​ក៏​ព្រោះតែ​ទីក្រុង​ប៉េកាំង មិន​ទុកចិត្ត ក៏ដូចជា​ដើម្បី​រក្សា​ឥទ្ធិពល​នៅលើ​តំបន់​រដ្ឋបាល​ពិសេស​ទាំងនេះ​៕

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com