អន្តរជាតិ
សភា​អាមេរិក រុញ​ការស៊ើបអង្កេត​ប្រធានាធិបតី​ទៅជា​លក្ខណៈ​បើកចំហ​
01, Nov 2019 , 10:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​សភា​អាមេរិក បើក​ដំណាក់កាល​ជា​ចំហ​និង​ថ្មី​មួយ​ក្នុងការ​ស៊ើបអង្កេត​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣១ តុលា ខណៈ​តំណាងរាស្ត្រ​អាមេរិក បោះឆ្នោត​ជា​លើក​ទី​១​ក្នុងការ​ព​ន្លឿ​ន​ដំណើរការ​ស៊ើបសួរ​ដកតំណែង​ប្រធានាធិបតី​។

 
«​ថ្ងៃនេះ សភា​តំណាង​អាមេរិក បាន​ដើរ​ទៅមុខ​មួយ​ជំហាន​ទៀត ខណៈ​យើង​បង្កើត​នីតិវិធី​សម្រាប់​សវនាការ​ចំហ […] ដូច្នេះ សាធារណជន អាច​មើលឃើញ​ការពិត​ផ្ទាល់​ភ្នែក​ពួកគេ​»​។ លោកស្រី​ប្រធានសភា​តំណាង​អាមេរិក ណាន​ស៊ី ផេ​ឡូ​ស៊ី លើកឡើង​បែបនេះ ដោយ​សង្កត់ធ្ងន់ថា  គ្មានអ្វី​សំខាន់​ជាង​លទ្ធិប្រជាធិបតេយ្យ​អាមេរិក​ឡើយ​។ 
 
​តំណាងរាស្ត្រ​អាមេរិក​ក្នុង​សភា​តំណាង បាន​បោះឆ្នោត​គាំទ្រ​២៣២​ទល់​១៩៦​សំឡេង ដើម្បី​អនុម័ត​សេចក្តីសម្រេច​មួយ​ដែល​ដាក់ចេញ​គោលការណ៍​ណែនាំ​សម្រាប់​ដំណាក់​ការ​បន្ទាប់​នៃ​ដំណើរការ​ស៊ើបសួរ​ដកតំណែង​ប្រធានាធិបតី​។ សមាជិក​បក្ស​សាធារណរដ្ឋ​ទាំងអស់​ដែល​នៅក្នុង​សភា​តំណាង បោះឆ្នោត​ប្រឆាំង​ចំណាត់ការ​នេះ ទោះបី​បារម្ភ​ជាច្រើន​សប្តាហ៍​ថា ការបោះឆ្នោត​នេះ​អាច​បញ្ចប់​ដំណើរការ​ស៊ើបសួរ​ជា​លក្ខណៈ​សម្ងាត់ ហើយ​នាំយក​ដំណើរការ​នេះ​ទៅជា​បែប​ចំហ​វិញ​។ 
 
​ឥឡូវនេះ ការស៊ើបអង្កេត​ផ្លាស់ប្តូរ​ជា​លក្ខណៈ​ចំហ ដែល​អនុញ្ញាត​ប្រជាជន​អាមេរិក​បាន​ទស្សនា​តាម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ជុំវិញ​ដំណើរការ​ស្វែងរក​ភស្តុតាង​ប្រឆាំង​លោក​ត្រាំ​។ គោលដៅ​របស់​សមាជិក​បក្ស​ប្រជាធិបតេយ្យ គឺ​ដើម្បី​ចង់ដឹងថា​តើ​លោក​ត្រាំ​បាន​រំលោភ​អំណាច​ជា​ប្រធានាធិបតី ដោយ​ការដាក់​គំនាប​លើ​រដ្ឋាភិបាល​បរទេស​ក្នុង​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​លោក​ឬ​យ៉ាងណា​នោះ​។ លោក ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការ​ស៊ើបសួរ​នេះ​ខុសច្បាប់​និង​មាន​ចរិត​នយោបាយ​។ តាមរយៈ​បណ្តាញ​សង្គម Twitter នៅ​យប់​ថ្ងៃ ៣១ តុលា លោក ត្រាំ សរសេរ​បែបនេះ​៖«​អាប​ធ្មប់​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​!»​។​
 
​សេត​វិមាន​អាមេរិក បាន​ចោទ​ប្រកាន់បក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្សប្រឆាំង​ថា​ចំពោះ​ការ​ឈ្លក់​វង្វេង​របស់​ពួកគេ​ជាមួយនឹង​ការ​ស៊ើបសួរ​ដកតំណែង​ប្រធានាធិបតី​ខុសច្បាប់​។ ប្រធានការិយាល័យ​ព័ត៌មាន​ប្រចាំ​សេត​វិមាន​អាមេរិក លោក Stephanie Grisham ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ក្រោយ​ការបោះឆ្នោត​ថា សមាជិក​បក្ស​ប្រជាធិបតេយ្យ រាល់ថ្ងៃ​គិតថា​ខ្ជះខ្ជាយ​ពេល​ចំពោះ​រឿង​ដកហូត​តំណែង​ប្រធានាធិបតី​។​
 
​លោក ត្រាំ រង​ការចោទប្រកាន់ថា បដិសេធ​ផ្តល់ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ដើម្បី​ប​ង្ខ្ំ​ឲ្យ​បើក​ការស៊ើបអង្កេត​អំពើពុករលួយ​ប្រឆាំង​លោក ចូ បៃ​ឌិន ដែលជា​គូប្រជែង​ឈានមុខ​មកពី​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​២០២០​។ ការចោទប្រកាន់​នេះ មានន័យថា លោក​ត្រាំ​ប្រើប្រាស់​គោលនយោបាយ​ការបរទេស​អាមេរិក​ដោយ​ខុសច្បាប់​ដើម្បី​ទាញ​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​។ 
 
​សមាជិក​បក្ស​សាធារណរដ្ឋ​និង​លោក​ប្រធានាធិបតី ត្រាំ បាន​ច្រានចោល​រឿងក្តី​នេះ ដោយ​ចាត់ទុកជា​រឿង​គួរ​ឲ្យ​អាម៉ាស់​។ ក៏ប៉ុន្តែ​ក្រុម​អ្នកស៊ើប​អង្កេត​នៃ​សភា​អាមេរិក  ដឹង​ដំណឹង​ពី​ភស្តុតាង​គាំទ្រ​ខ្លះៗ​ពី​មន្ត្រី​រដ្ឋាភិបាល​ដែល​ឆ្លើយបំភ្លឺ​នៅក្នុង​បន្ទប់​បិទ​ជិត​ក្នុង​វិមាន Capitol Hill​។​
 
​គណៈកម្មាធិការ​ចារកម្ម​របស់​សភា​អាមេរិក ដែល​ដឹកនាំ​ការ​ស៊ើបសួរ​តាំងពី​ដំបូង​មក នឹង​ជា​អ្នកបើក​សវនាការ​ជា​ចំហ​, បង្ហាញ​សាក្សី និង​ភស្តុតាង​ជា​ឯកសារ ហើយ​អនុញ្ញាត​ឲ្យ​បក្ស​សាធារណរដ្ឋ​តទល់​រឿងក្តី​ប្រឆាំង​លោក​ត្រាំ​។ ក្រុម​សំឡេង​ភាគតិច​ក្នុង​សភា​តំណាង ក៏​អាច​ស្នើ​ឱ្យមាន​ដីកា​កោះហៅ​ដែរ ប៉ុន្តែ​ក្រុម​បក្ស​ប្រជាធិបតេយ្យ​ដែល​ជាមាន​សំឡេង​ភាគច្រើន ជា​អ្នកសម្រេច​ចុងក្រោយ​។ វា​ជា​ច្បាប់​មួយ​ដែល​ធ្វើឱ្យ​គណបក្ស​សាធារណរដ្ឋ​ខឹងសម្បា​។​
 
​ប្រសិនបើ​រឿងក្តី​ប្រឆាំងនឹង​លោក Trump ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភស្តុតាង​រឹងមាំ​នោះ គណៈកម្មាធិការ​យុត្តិធម៌​នៃ​សភា​តំណាង​អាមេរិក នឹង​បង្កើត​ការចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំងនឹង​ប្រធានាធិបតី ហើយនឹង​ត្រូវ​បោះឆ្នោត​ដោយ​សភាពេញអង្គ​។ យ៉ាងណាមិញ វា​នៅតែ​មិនទាន់​ច្បាស់​ថា​តើ​ដំណើរការ​នេះ​អាចឈាន​ទៅមុខ​យ៉ាងដូចម្តេច​។ អ្នកខ្លះ​និយាយថា​សភា​តំណាង​អាមេរិក​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ អាច​ចោទប្រកាន់​លោក Trump នៅ​ដំណាច់​ឆ្នាំនេះ​៕

Tag:
 សហរដ្ឋអាមេរិក​
  សភា​
  ណាន​ស៊ី ផេ​ឡូ​ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com