កីឡាជាតិ
ជាតិ
គ្រូបង្វឹក U19 កម្ពុជា​៖ កម្ពុជា​រៀបចំ​មិនបាន​ល្អឥតខ្ចោះ តែ​អាច​គ្រប់គ្រាន់​សម្រាប់ AFC U19
02, Nov 2019 , 1:34 pm        
រូបភាព
លោក Gyotoku Koji (អាវខ្មៅ)ពេលដឹកនាំបង្វឹកក្រុមជម្រើសជាតិ U19 កម្ពុជា
លោក Gyotoku Koji (អាវខ្មៅ)ពេលដឹកនាំបង្វឹកក្រុមជម្រើសជាតិ U19 កម្ពុជា
ដោយ:
​លោក Gyotoku Koji គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​បាន​លើកឡើងថា ទោះបី​ការរៀបចំ​ក្រុម​របស់​កម្ពុជា​មិនបាន​ល្អឥតខ្ចោះ តែ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​ជា​ក្រុម​ដទៃ​។ លោក បានចាត់ទុក​ជំនួប​បើកឆាក​ជាមួយ​ម៉ាឡេស៊ី​ក្នុង​វគ្គ​ជម្រុះ AFC U19 Championship 2020 នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ពូ​ល G​។ ក្រោយ​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់ គ្រូបង្វឹក​ម៉ាឡេស៊ី​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​។​

 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១ វិច្ឆិកា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​លោក Gyotoku Koji បាន​និយាយថា U19 កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ជា​ក្រុម​ដទៃ ដើម្បី​ដណ្តើម​កៅអី​ក្នុង​ពានរង្វាន់ AFC U19 Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល G​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ ប្តេជ្ញា​ព្យាយាម​ដឹកនាំ​ក្រុម​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ក្នុងជំនួប​បើកឆាក​ជាមួយ​ម៉ាឡេស៊ី​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច នា​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​។  
 
«​វា​ជាការ​ប្រកួត​មួយ ដែល​យើង​ទន្ទឹងរង់ចាំ ទោះបី​ការរៀបចំ​មិនបាន​ល្អឥតខ្ចោះ តែ​ខ្ញុំ​គិតថា យើង​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ព្រឹត្តិការណ៍​នេះ​។ ការ​ប្រ​កូត​បើកឆាក វា​ពិតជា​សំខាន់​សម្រាប់​យើង ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​ដឹកនាំ​ឲ្យ​បានល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Gyotoku Koji ដែល​ជឿជាក់ថា ការប្រកួត​ល្ងាច​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង​។ 
 
​ជាមួយគ្នានេះ លោក Bradley John Maloney ក៏បាន​អះអាង​ផងដែរ​ថា ម៉ាឡេស៊ី​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុងការ​ប្រជែង​ក្នុង​ពានរង្វាន់​នេះ ហើយ​លោក​ជឿជាក់ថា ម៉ាឡេស៊ី​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងជំនួប​បើកឆាក​។ 
 
​ការជួបគ្នា​នៅលើ​ក​នេះ វា​ជា​ឱកាស​សម្រាប់​ក្រុម U19 កម្ពុជា ដើម្បី​សង​សឹង​ម៉ាឡេស៊ី ដែល​បាន​យកឈ្នះ​ខ្លួណ​ក្នុង​លទ្ធផល ៣-០ ក្នុង​វគ្គ​ជម្រុះ AFF U18 Championship នៅ​ប្រទេស​វៀតណាម​កាលពីពេល​ថ្មីៗ​ផងដែរ​។ 
 
​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ក្នុង​ពានរង្វាន់​នេះ​ទេ តែ​ពួកគេ​ធ្លាប់​ជួបគ្នា​៤​លើក​ក្នុង​វគ្គ​ជម្រុះ AFF U19 ដោយ​កម្ពុជា​ធ្លាប់​ស្មើ ០-០ ជាមួយ​ម៉ាឡេស៊ី​តែម្តង​គត់​នៅ​ឆ្នាំ​២០១១ ក្រៅពីនេះ​ចាញ់​ទាំងអស់​។ នៅ​ឆ្នាំ​២០០៣ កម្ពុជា​ចាញ់​ម៉ាឡេស៊ី ៣-០, ឆ្នាំ​២០១៧ និង​២០១៨ ចាញ់​ក្នុង​លទ្ធផល ២-០ ដូចគ្នា​។​
 
​ពូ​ល G ថ្ងៃ​សៅរ៍​នេះដែរ ក៏មាន​ការប្រកួត​មួយគូ​ទៀតផង​ដែរ គឺ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ត្រូវ​តទល់​ជាមួយ​ព្រុយ​ណេ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕ 

Tag:
 បាល់ទាត់​
  AFC U19 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com