អន្តរជាតិ
អ្នកភូមិ និង​អាជ្ញាធរ​នៅ​កោះ​បាលី អង្វរ​ទេសចរ​កុំទៅ​ថត​សែ​ល​ហ្វី​នៅ​តំបន់​រលក​ខ្លាំង​
03, Nov 2019 , 9:59 am        
រូបភាព
ដោយ: ធីតា
​ការ​បង្ហោះ​រូប​តាម Instagram ជាពិសេស​ការថត​សែ​ល​ហ្វី មានការ​ពេញនិយម​យ៉ាង​ខ្លាំង​សម្រាប់អ្នកទេសចរ​មួយចំនួន​នៅពេលដែល​ពួកគេ​ទៅ​តំបន់​ដែល​ប្រឈម​គ្រោះថ្នាក់​។ ករណី​បានធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី អង្វរ​ដោយ​ទទូច​ចំពោះ​អ្នកទេសចរ ដោយ​បញ្ឈប់​ការថតរូប​នៅ​តំបន់​ដែលមាន​ទឹករលក​បោកបក់​ខ្លាំង​។​

 
​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ មនុស្ស​យ៉ាងហោចណាស់​៧​នាក់​បាន​រងគ្រោះ ដោយសារតែ​កម្លាំង​ទឹករលក​បោកបក់ ហើយ​រុញច្រាន​ពួកគេ​ឲ្យ​ធ្លាក់ចូល​សមុទ្រ ឬ​ដួល​នៅ​ផ្ទាំង​ថ្ម​។ ករណី​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​ថត​សែ​ល​ហ្វី​ភ្លេចខ្លួន ហើយ​អាជ្ញាធរ​បាលី អះអាងថា មនុស្ស​៣​នាក់​បាន​ស្លាប់​។​


 
​តំបន់ Devil's Tear នៃ​កោះ Nusa Lembongan ក្រុង​បាលី មាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ ប៉ុន្តែ​ក៏​ជា​តំបន់​ដ៏​គ្រោះថ្នាក់​ផងដែរ ប្រសិនបើ​អ្នកទេសចរ ធ្វេសប្រហែស​។ មនុស្ស​ជាច្រើន បាន​មើលស្រាល ដោយ​នាំគ្នា​ទៅ​ថត​សែ​ល​ហ្វី​ដើម្បី​បង្ហោះ​ក្នុង Instagram ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា កម្លាំង​រលក​បោកបក់​ភ្លាមៗ ធ្វើ​ឲ្យ​គេ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​
 
​កាលពី​ខែសីហា កន្លងមក អ្នកទេសចរ​ចិន​ឈ្មោះ Li Huiling ត្រូវ​រលក​បោកបក់ បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ផ្ទាំង​ថ្មី ខណៈដែល​នាង​បាន​ថត​សែ​ល​ហ្វី​។ សាក្សី​ម្នាក់​បាន​ថ្លែងប្រាប់​សារព័ត៌មាន Cononuts Bali ថា អ្នក​នាំ​ភ្ញៀវ​បាន​នាំ​ក្រុម​ទេសចរ​ចិន​ទៅកាន់ Devil’s Tear ដើម្បី​គយគន់​ទេសភាព​ស្អាតៗ ប៉ុន្តែ​គ្រាន់តែ​ឃើញ​ទឹករលក​ភ្ញៀវ អ្នកទេសចរ​ខ្លះ បាន​ប្រញាប់រ​ត់ទៅ​ថត​សែ​ល​ហ្វី ហើយក៏​ជួប​គ្រោះថ្នាក់​តែម្តង​។​


 
​អ្នកទេសចរ​ឥណ្ឌា​មួយចំនួន​ក៏បាន​ជួប​ករណីនេះ​ផងដែរ​។ លោក I Komag Reka Sanjaya នាយរង​ប៉ូលិស​ប្រចាំ​ស្រុក Nusa Penida បាន​បញ្ជាក់ថា សាកសព​ខ្លះ មិនទាន់​ត្រូវបាន​រកឃើញ​នោះឡើយ ដោយសារ​កម្លាំង​ទឹករលក​ខ្លាំងពេក ហើយ​អាជ្ញាធរ​ប៉ូលិស​មិនមាន​អ្វី​ក្រៅពី​ស្នើ​ឲ្យ​អ្នកទេសចរ​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​រលក​។​
​លោក​បាន​បន្ថែមថា​៖ «​អ្នកទេសចរ​មួយចំនួន​ពិតជា​ពិបាក​និយាយ​គ្នា​ខ្លាំងណាស់ ពួកគាត់​មិនសូវ​គិតពី​សុវត្ថិភាព​របស់ខ្លួន​ឡើយ ដោយ​តែងតែ​មើលស្រាល​ថា វា​មិន​មានរឿង​អ្វី​កើតឡើង​នៅពេលដែល​ពួកគាត់​ទៅ​ថត​សែ​ល​ហ្វី​»៕



Tag:
 កោះ​បាលី​
  ទេសចរ​
  Instagram
  សែ​ល​ហ្វី​
© រក្សាសិទ្ធិដោយ thmeythmey.com