ជាតិ
វីដេអូ
ការផ្ដល់​ឱកាស​ពី​គ្រួសារ និង​អង្គការ​នានា ធ្វើ​ឲ្យ​អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត ក្លាយជា​តំណាង​កសិករ​ស្ត្រី​ឆ្នើម​
03, Nov 2019 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត ជា​ប្រធាន​សហគមន៍​ចម្រើន​ផល​រាំង​កេ​សី និង​ជា​តំណាង​កសិករ​ស្ត្រី​ឆ្នើម​មកពី​ខេត្តបាត់ដំបង ដែល​ធ្វើការ​ផ្ដោតលើ​កសិកម្ម​ស្រូវ​។ អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត លើកឡើងថា កត្តា​ដែល​លើកទឹកចិត្ត​អ្នកស្រី​ឲ្យ​ក្លាយជា​តំណាង​កសិករ​ស្ត្រី​ឆ្នើម​នេះ គឺ​កត្តា​ក្រុមគ្រួសារ និង​ការលើកទឹកចិត្ត​ពី​អង្គការ​ផ្សេងៗ​។ បើតាម​តំណាង​កសិករ​ស្ត្រី​ឆ្នើម​រូបនេះ ការងារ​ប្រចាំថ្ងៃ​របស់​អ្នកស្រី​នៅក្នុង​សហគមន៍ គឺ​ធ្វើ​របាយការណ៍​, ចំណូល​ចំណាយ​, ទំនាក់ទំនង​ជាមួយ​ដៃគូ ក្រុមហ៊ុន ឬ​អង្គការ ជាពិសេស​សម្របសម្រួល​ទីផ្សារ (​ស្រូវ​, ជី​, ពូជ​)​។


 
​បច្ចុប្បន្ន​អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត កំពុង​ដឹកនាំ​សមាជិក​ដែលជា​កសិករ​ផលិត​ស្រូវ​ចំនួន ៣១២​នាក់ នៅក្នុង​សហគមន៍​ចម្រើន​ផល​រាំង​កេ​សី ស្ថិតនៅ​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង​។ អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត បាន​ប្រឡង​ជាប់​ជា​តំណាង​កសិករ​ស្ត្រី​ឆ្នើម​នៅក្នុង​ឆ្នាំ​២០១៦​។ ក្នុង​បទ​សម្ភាស​ជាមួយ ThmeyThmey 25 អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​មុនដំបូង​ខ្ញុំ​ជា​គណៈកម្មការ​នៅក្នុង​សហគមន៍​ចម្រើន​ផល​រាំង​កេ​សី​។ បន្ទាប់មក គេ​ជ្រើសរើស​កសិករ​ចំនួន ២​រូប ទៅ​ប្រឡង​នៅ​ខេត្តបាត់ដំបង​។ ខ្ញុំ​បាន​ប្រឡង​ជាប់​នៅ​ខេត្ត រួចមក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ដែលមាន​កសិករ​ចូលរួម​ជាច្រើន »​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត តំណាង​កសិករ​ស្ត្រី​ឆ្នើម ដូចតទៅ​៖

 
​នៅក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨ កាលពី​ថ្ងៃទី​១៦-១៧ តុលា​កន្លងទៅ អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត ត្រូវបាន​ជ្រើសរើស​ជា​អ្នក​ឡើង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី ដែលមាន​អ្នកចូលរួម​ជិត ៣០០​នាក់​ផងដែរ​។ ស្ត្រី​ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី ១០​រូបនេះ បញ្ជាក់ថា ការធ្វើការងារ​នៅក្នុង​សហគមន៍​ពាក់ព័ន្ធ​នឹង​រឿង​ស្រូវ​នេះ មាន​ផល​លំបាក ប៉ុន្តែ​អ្នកស្រី​អាច​ដោះស្រាយបាន​។ 

​បើតាម​អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត មុនដំបូង​សហគមន៍​ចម្រើន​ផល​រាំង​កេ​សី​របស់​អ្នកស្រី  មាន​សមាជិក​ត្រឹមតែ ១០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយមាន​ការរីកចម្រើន បច្ចុប្បន្ន​មាន​សមាជិក​ដល់ ៣១២​នាក់ ដែល​ផលិត​ស្រូវ​បាន​ទិន្នផល​ជិត ១​ម៉ឺន​តោន ក្នុង​មួយ​រដូវ លើ​ផ្ទៃដី ២​ពាន់​ហិច​តា​។ អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត អះអាងថា​៖ «​មូល​ហេតុដែល​សមាជិក​ក្នុង​សហគមន៍​មាន​កើនឡើង គឺ​ដោយសារ​មាន​កិច្ចសន្យា​ទិញ​-​លក់​ស្រូវ ហើយ​ស្រូវ​ដែល​ផលិត​បាន មាន​អ្នកទិញ និង​មានតម្លៃ​ខ្ពស់​»​។ 
 
​តំណាង​កសិករ​ស្ត្រី​ឆ្នើម​រូបនេះ ចង់​ឲ្យ​កសិករ​ដទៃទៀត​មាន​ភាព​រីកចម្រើន​។ «​ក្នុងនាម​ខ្ញុំ​តំណាង​កសិករ​ស្ត្រី​ឆ្នើម ផ្ដាំ​ឲ្យ​ស្ត្រីៗ​ដូចគ្នា គឺ​ឲ្យ​គាត់​មានការ​ចូលរួម និង​ចំណាយ​ពេលវេលា​ឲ្យ​មានតម្លៃ​។ សូម​ឲ្យ​ក្រុមគ្រួសារ​ជា​បុរសៗ ចេះ​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​ចូល​រូ​ម​ឲ្យ​បាន​ច្រើន​។ ពេលណា​ស្ត្រី​ចូលរួមបាន​ច្រើន គាត់​ចេះដឹង​ច្រើន គាត់​មិនសូវ​លំបាក​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត ដែល​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​មាន​ភាពក្លាហាន ត្រូវ​ចេះ​មើល​ពិភព​ខាងក្រៅ និង​សិក្សា​បន្ថែម​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦-១៧ តុលា​នេះ វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨ រៀបចំ​ដោយ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGOForum) និង​អង្គការ​អុក​ស្វា​ម រួមទាំង​អង្គការ​ដៃគូ​ជាច្រើន​ទៀត ក្រោម​ប្រធានបទ​៖«​លើកកម្ពស់​ការចូលរួម​ដៃគូ​ពហុភាគី ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​» ដែលមាន​តំណាង​សហគមន៍​, រដ្ឋាភិបាល​, វិស័យ​ឯកជន​, អង្គការ និង​កសិករ​ជិត ៣០០​នាក់ ចូលរួម​។ ក្នុង​វេទិកា​នេះ បាន​ជជែក​ពី​ការចូលរួម​របស់​ពហុ​ភាគី​ក្នុង​ក​សិ​ធុរៈកិច្ច ដើម្បី​ជួយ​កសិករ​មានលទ្ធភាព​ទទួលបាន​ទឹក​, ទុន និង​ទីផ្សារ សម្រាប់​កសិកម្ម​៕

Tag:
 កសិកម្ម​
  តំណាង​កសិករ​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com