ជាតិ
ថ្នាក់ដឹកនាំ Cambodia Amazing Trip Planner ទទួល​ប័ណ្ណសរសើរ​ជា​ប្រតិបត្តិ​ករ​គំរូ​មេត្រីភាព​បរិស្ថាន ពី​ក្រសួង​
02, Nov 2019 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សហ​ស្ថាបនិក​ក្រុម Cambodia Amazing Trip Planner លោក សា ឌី​ណា នៅ​ថ្ងៃទី​១ ខែវិច្ឆិកា បានទទួល​ប័ណ្ណសរសើរ​ជា​ប្រតិបត្តិ​ករ​គំរូ​មេត្រីភាព​បរិស្ថាន ពី​ថ្នាកដឹកនាំ​ក្រសួងបរិស្ថាន​។ ក្រសួងបរិស្ថាន​រៀបចំ​កម្មវិធី​ជួបជុំ​និង​ផ្តល់​ប័ណ្ណសរសើរ ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​មេត្រីភាព​បរិស្ថាន​» ដើម្បី​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ដែល​ចូលរួម​ផ្សព្វផ្សាយ​ឱ្យមាន​ការថែរក្សា​គាំពារ​បរិស្ថាន ក៏ដូចជា​ការអភិរក្ស​ប្រព័ន្ធ​ជីវៈចម្រុះ​ក្នុងប្រទេស​កម្ពុជា​។​

 
​លោក សា ឌី​ណា បានឱ្យដឹងថា លោក​ពិតជា​សប្បាយរីករាយ​និង​មាន​កិត្តិយស​ក្រៃលែង ដែល​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​បានផ្តល់​ប័ណ្ណសរសើរ​ដល់​ក្រុមការងារ​លោក​។ លោក ឌី​ណា ចាត់ទុក​ប័ណ្ណសរសើរ​នេះ​ថា​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ខ្លួន ឱ្យ​បន្ត​រៀបចំ​កម្មវិធី​បោះជំរំ​តង់​នៅតាម​គោលដៅ​ផ្សេងៗ ក្នុង​បុព្វហេតុ​លើកស្ទួយ​កិច្ចការ​បរិស្ថាន និង​រួមចំណែក​អភិវឌ្ឍន៍​ជីវភាព​សហគមន៍​ឱ្យមាន​ភាពល្អប្រសើរ​។ លោក​ក៏​រំពឹងថា ប័ណ្ណសរសើរ​នេះ ក៏​នឹង​ជំរុញឱ្យមាន​ការចូលរួម​ពី​ក្រុមយុវជន​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត លើ​ស្មារតី​ជួយ​គាំពារ​ផ្នែក​បរិស្ថាន​សង្គម បង្កើត​នូវ​ភាពស្រស់ស្អាត​សម្រាប់​សង្គមជាតិ​ទាំងមូល​។ 


 
​មានប្រសាសន៍​ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ និង​អបអរសាទរ​ផងដែរ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ដល់​ប្រតិបត្តិ​ករ ដែល​បាន​ចូលរួម​បង្កើតឱ្យមាន​ការផ្សព្វផ្សាយ ការអប់រំ​បរិស្ថាន តាមរយៈ​ស្នាដៃ និង​សកម្មភាព​ប្រតិបត្តិ​មេត្រី​ភាពល្អ​នាពេល​កន្លងមក​។ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ការចូលរួម​ពី​ប្រតិបត្តិ​ករ និង​អ្នកស្ម័គ្រចិត្ត ដើម្បី​បរិស្ថាន​នៅថ្ងៃនេះ នឹង​ក្លាយជា​ចលនា​កសាង​វប្បធម៌​បរិស្ថាន​ថ្មី​សម្រាប់​កម្ពុជា​ទៅ​អនាគត​។​


 
​គួររម្លឹកថា ក្រុម​Cambodia Amazing Trip Planner បង្កើតឡើង​នៅ​ខែមករា ឆ្នាំ​២០១៦ ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប​។ មកដល់​បច្ចុប្បន្ននេះ ក្រោម​សកម្មភាព​បោះជំរំ​តង់​ក្រុម​នេះ​បានធ្វើ​ដំណើរ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស និង​បាន​បង្កើត​ព្រឹត្តិការណ៍​បោះតង់​បាន​ចំនួន ២៩​លើក​រួចមកហើយ ដែលមាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់​។ គោលដៅ​ចម្បង​ធំៗ​សម្រាប់​ក្រុម​នេះ​មាន​៣ រួមមាន តំបន់​ដែលមាន​សក្កា​នុព​ល​តែ​ខ្វះ​ការផ្សព្វផ្សាយ​, តំបន់​ដែលមាន​សក្កា​នុព​ល តែ​កំពុង​ទទួលរង​ផលប៉ះពាល់ និង​ប្រឈម​នឹង​ការបាត់បង់​ធនធានធម្មជាតិ និង​តំបន់​ដែល​កំពុងអភិវឌ្ឍន៍​ថ្មី ឬ​ក្រោម​ការវិនិយោគ​ស្របច្បាប់​៕

Tag:
 សា ឌី​ណា​
  Cambodia Amazing Trip Planner
  បន្ទាយ​ធ្នូ​៨០២
© រក្សាសិទ្ធិដោយ thmeythmey.com