រដ្ឋបាល​ស្រុក​បន្ទាយស្រី ផ្អាក​អាជីវកម្ម​ពុះ​ដីឡូត៍​ក្រោយ​រកឃើញ​ក្រុមហ៊ុន​ទាំងអស់​គ្មាន​ច្បាប់​
ជាតិ
អចលនទ្រព្យ
រដ្ឋបាល​ស្រុក​បន្ទាយស្រី ផ្អាក​អាជីវកម្ម​ពុះ​ដីឡូត៍​ក្រោយ​រកឃើញ​ក្រុមហ៊ុន​ទាំងអស់​គ្មាន​ច្បាប់​
02, Nov 2019 , 4:29 pm        
រូបភាព
ទីតាំងក្រុមហ៊ុនពុះដីឡូតិ៍លក់នាពេលកន្លងមក ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់
ទីតាំងក្រុមហ៊ុនពុះដីឡូតិ៍លក់នាពេលកន្លងមក ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់
​សៀមរាប​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​រកឃើញថា​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​ទាំងអស់​ក្នុងស្រុក​នេះ សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​អភិវឌ្ឍន៍​ឡើយ​។ ក្រោយ​រកឃើញ​ដូច្នេះ អភិបាលស្រុក លោក ឃឹម ហ្វី​ណង់ បានសម្រេច​ផ្អាក​អាជីវកម្ម​ទាំងនោះ និង​បាន​បង្ខំ​ឱ្យ​ពួកគេ​ស្នើសុំ​លិខិតអនុញ្ញាត​ត្រឹមត្រូវ​សិន​ប្រសិន​ចង់​បន្ត​អាជីវកម្ម​របស់ខ្លួន​។​

 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៣១ តុលា​ថា គោលការណ៍​ហាមឃាត់ ឬ​ផ្អាក​អាជីវកម្ម​ដីធ្លី​នេះ គឺ​ដោយសារ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​មិនមាន​ច្បាប់​ត្រឹមត្រូវ ដូច្នេះ​រដ្ឋបាល​ស្រុក​ត្រូវ​បិទ​ក្នុងន័យ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កុំឱ្យ​រងគ្រោះ​នៅ​ថ្ងៃក្រោយ​។ លោក ហ្វី​ណង់ បន្តថា​៖« យើង​ផ្អាក​ដើម្បី​បង្ខំ​ឱ្យ​គាត់​(​ម្ចាស់​អាជីវកម្ម​) ត្រូវ​ទៅសុំ​ច្បាប់​អនុញ្ញាត​លិខិតអនុញ្ញាត​អភិវឌ្ឍន៍​ដី​ជាមុន តែបើ​គាត់​អត់​មាន​ប្លង់​កម្មសិទ្ធិ​រឹង​ទេ គឺ​ធ្វើ​អត់​ទាន់​បានទេ នេះ​ជា​បញ្ហា​ក្ដៅ​នៅ​ស្រុក​បន្ទាយស្រី គឺ​អ្នកលក់​មួយចំនួន​អត់​ទាន់​មាន​ប្លង់រឹង​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍន៍​ដី​ទេ បើសិន​គាត់​ចង់​អភិវឌ្ឍន៍​ដីធ្លី ប្លង់​ដែល​គាត់​ប្រើ​ប្រភេទ​ប្លង់រឹង​ដាច់ដោយឡែក ឬ LMAP ហើយ​បន្ទាយស្រី​សព្វថ្ងៃ​មាន​តិច​ណាស់​ប្រភេទ​ប្លង់​នេះ ហើយ​យើង​បារម្ភ​ការយក​ប្លង់​ក្រៅពីនេះ​ទៅ​ពុះ​ឡូត៍​លក់ គឺអាច​បង្ក​ភាពស្មុគស្មាញ​នៅពេល​ក្រោយ​»​។​


អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ពេលចុះពិនិត្យទីតាំងក្រុមហ៊ុនពុះដីឡូតិ៍លក់នាពេលកន្លងមក។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់
 
​រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន រុះរើ​រាល់​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បញ្ឈប់​ការផ្សព្វផ្សាយ​គ្រប់​រូបភាព ទាំង​លើ​បណ្តាញ​សង្គម​ផងដែរ និង​ស្នើសុំ​លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច មុននឹង​ផ្សព្វផ្សាយ សាងសង់ ឬ​លក់ដូរ​ជា​សាធារណៈ​ទៅបាន​។​
 
​បន្ថែម​ពីនេះ តាម​ការលើកឡើង​រប​ស់​អភិបាលស្រុក​បន្ទាយស្រី គោលបំណង​នៃ​ការ​រឹតបន្ដឹង​ក្រុមហ៊ុន​អាជីវកម្ម​ពុះ​ដីឡូត៍​នេះ ដើម្បី​គ្រប់គ្រង​តំបន់​ដែល​ណា​គួរ​អភិវឌ្ឍន៍ ឬ​មិនគួរ​នោះ​ផងដែរ​។ លោក ហ្វី​ណង់ ពន្យល់ថា តំបន់​មួយចំនួន​ក្នុងស្រុក​បន្ទាយស្រី មាន​សក្កា​នុព​ល​ផ្សេងៗ​គ្នា តំបន់​ខ្លះ​មិន​ស័ក្ដិសម នឹង​ពុះ​ដីឡូត៍ ឬ​ធ្វើ​ផ្ទះល្វែង​ឡើយ​។ ឯ​តំបន់​ខ្លះ​គួរតែ​ជា​តំបន់កសិកម្ម ហើយ​តំបន់​ខ្លះទៀត គួរតែ​ថែរក្សា​អត្ដ​សញ្ញាណ​ទេសភាព​ដើម ឬទេ​សភាព​វប្បធម៌រ​បស់​ស្រុក​វប្បធម៌​មួយ​នេះ មិន​គួរឱ្យ​ក្លាយជា​តំបន់​ផ្ទះល្វែង ឬ​ពុះ​ដីឡូត៍​ឡើយ​»៕


ទីតាំងក្រុមហ៊ុនពុះដីឡូតិ៍លក់ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រីនាពេលកន្លងមក។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់


Tag:
 ដីឡូត៍​
  ស្រុក​បន្ទាយស្រី​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com