ជាតិ
ត្រីស្លាត ជាប្រភេទត្រីទឹកសាប តែក៏អាចរស់នៅក្នុងទឹកភ្លាវផង ត្រីក្រាយ។ រូបភាព៖ Thach Phanara / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមដកស្រង់ត្រីមានស្រកាមួយប្រភេទចេញពីប្រភព ffish.asia, fishbase.org និង iucnredlist.org ដែលជាប្រភេទត្រីទឹកសាប ដែលរស់នៅក្នុងទឹកសាបផង និងទឹកភ្លាវផង។ វាអាចធំលួតលាស់បានល្អណាស់នៅក្នុងទឹកនឹង នៅក្នុងទន្លេ ស្ទឹង បឹង ត្រពាំង និងតំបន់វាលទំនាបលិចទឹក។
ត្រីស្លាត មានឈ្មោះវិទ្យាសាស្ត្រ (Notopterus notopterus) វាមានប្រវែងដងខ្លួនអតិបរមា ៦០.០ ស.ម ប្រវែងដងខ្លួនទូទៅសរុប ២៥.០ស.ម។ ក្នុងរដូវវស្សា វាធ្វើចរាចរផ្លាស់ទីចេញពីទន្លេមេគង្គចូលទៅក្នុងតំបន់វាលទំនាបលិចទឹក និងត្រឡប់ចូលទៅជម្រកដើមវិញ ឬចូលទៅក្នុងតំបន់ដែលមានទឹកជាប្រចាំវិញ ក្នុងរដូវប្រាំង។ ត្រីស្លាត ស៊ីសត្វល្អិត ត្រី សិប្បិជាតិ និងឬសខ្ចីៗរបស់វារិរុក្ខជាតិផងដែរ។ ត្រីស្លាត ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ។
លក្ខណៈសម្គាល់៖ មានខ្លួនស្តើង ពណ៌ប្រផេះពេលមិនទាន់ពេញវ័យ។ ពេលពេញវ័យប្រែពណ៌ក្រម៉ៅ (ជាទូទៅ វាប្រែពណ៌តាមទឹក)។ មានព្រុយគូទវែង ចាប់ពីព្រុយពោះរហូតដល់ព្រុយកន្ទុយ។ ស្រកានៅក្បែរក្បាលធំ ឯស្រកាតាមដងខ្លួនល្អិតៗ។ ក្បាលផតបន្តិច។
សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមគាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com