អន្តរជាតិ
តើ​«​ព្រះអាទិត្យ​»​ដែល​បំភ្លឺ​ផែនដី​សព្វថ្ងៃ​កើតចេញ​មកពីណា​?
02, Nov 2019 , 8:59 pm        
រូបភាព
ប្រភពរូប៖ អង្គការ NASA
ប្រភពរូប៖ អង្គការ NASA
​លំហ​គឺជា​ទីតាំង​មួយ​ដ៏​ធំ​មហាសាល​ពិបាក​នឹង​កំណត់​បាន​។ វា​គឺជា​ទីតាំង​មួយ​ដែល​ពោរពេញ​ទៅដោយ​ផ្កាយ ភព ដុំ​ធូលី កាឡាក់ស៊ី ផ្កាយដុះកន្ទុយ និង​ផង់​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​ជាច្រើន​ប្រភេទ​ទៀត ធ្វើដំណើរ​ទៅវិញទៅមក គ្រប់ទិសទី​។ វា​គឺជា​ទីតាំង​មួយ​ដែល​មនុ​ស្សបាន​ងាកឡើង​ទៅលើ ជាមួយនឹង​ភ្នែក​ទាំងពីរ​ក្នុងការ​ពិនិត្យ សិក្សា សន្មត​ទៅតាម​ចំណេះដឹង និង​ឧបករណ៍​ដែល​ខ្លួន​មាន​អស់​ពេល​រាប់ពាន់​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​សម័យកាល​ក្រិ​ក និង​អេ​ស្ស៊ី​ប​មកម្ល៉េះ​។ អង្គ​ទាំងឡាយ​នៅក្នុង​លំហ​តែងមាន​មូលហេតុ​នៃ​ការកកើតឡើង​របស់​ពួកវា មិន​ថា​វា​ជាការ​សន្មត ឬ​ការពិសោធ​ដោយ​ជាក់ស្តែង​នោះទេ​។ ក្នុងនោះ​មាន​អង្គ​មួយ​ដែល​បំភ្លឺ​ភពផែនដី​យើង​ជា​រៀងរាល់ថ្ងៃ ដែល​វា​គឺជា​«​ព្រះអាទិត្យ​»​។ តើ​វា​កើតឡើង​មកពីណា​? ដោយ​ដូចម្តេច​?

 
​ដោយ​បកស្រាយ​ចេញពី​គេហទំព័រ space.com ចម្លើយ​ដំបូង​គេ​គឺ​បាតុភូត​«​ទំនាញ​»​ជាក់ស្តែង​គឺជា​អ្វីដែល​អ្នក​ជួបប្រទះ​ជា​រៀងរាល់​ពេលវេលា​។ ទំនាញ​គឺជា​ការ​ទាញ​វត្ថុ​ពីរ​ឬ​ច្រើន​ឲ្យ​ខិត​ទៅជិត​គ្នា​។ នៅក្នុង​លំហ អេ​ល្យូ​ម និង​អ៊ីដ្រូសែន​គឺជា​អង្គធាតុ​ដែល​សម្បូរ ជាមួយនឹង​កម្ទេចកំទី​នៃ​អង្គ​ផ្សេងៗ​ដទៃទៀត​។ នៅពេលដែល​កម្ទេចកំទី​ទាំងនោះ​ធ្វើដំណើរ​ទៅជិត​គ្នា ទំនាញ​របស់​ធាតុ​នីមួយៗ​បាន​ទាញ​គ្នា​ចូល​បន្តិច​ម្តងៗ បង្កើតបាន​ទៅជា​អង្គ​ដែលមាន​ទំហំ​ធំ​ជាង​មុន​បន្តទៀត​។ 
 
​អង្គ​ដែលមាន​ទំហំ​ជាមុន​នេះ នឹងមាន​កម្លាំង​ទំនាញ​កាន់តែខ្លាំង និង​មាន​សមត្ថភាព​ទាញយក​អង្គ​ដទៃៗ​បាន​កាន់តែ​ច្រើនជាង​មុន និង​លឿន​ជាមុន​។ អង្គ​ទាំងនេះ រីក​មាឌ​កាន់តែ​ធំ​ឡើងៗ បង្កើតបាន​ជាធំ​ធូលី​ដ៏​សែន​ក្តៅ មាន​រាងដូចជា​«​ថាស​»​សំ​បែ​ត​នៅតាម​គែម និង​មាន​រាង​ប៉ោង​នៅ​ចំ​កណ្តាល​។ នៅ​ចំណុចកណ្តាល​នេះ អង្គធាតុ​មាន​ចំនួន​ច្រើន​ផ្តុំ​ចូលគ្នា​យ៉ាង​ចង្អៀត​ជាមួយនឹង​កម្តៅ​យ៉ាងខ្លាំង​។ នេះ​ជា​ជំនាញ​ដំបូង​ដែល​«​ព្រះអាទិត្យ​»​បាន​ឈាន​នឹង​ចាប់កំណើត​ឡើង​។ គេ​ហៅ​ជំហាន​នៃ​ការកកើត​នេះ​ថា​«Protostar»​។​
 
 មកទល់​សព្វថ្ងៃ ព្រះអាទិត្យ​មាន​អាយុកាល​ជាង​៤,៦​ពាន់​លាន​ឆ្នាំ​មកហើយ​។ ក្នុង​រយៈពេល​ជាច្រើន​លាន​ឆ្នាំ ជាមួយនឹង​ទំនាញ និង​សម្ពាធ​ខ្លាំង​គ្រប់គ្រាន់ ព្រះអាទិត្យ​អាច​ចាប់ផ្តើម​សកម្មភាព​រុញ​អាតូម​អ៊ីដ្រូសែន​ចូលគ្នា ដើម្បី​បង្កើត​ថាមពល​កម្តៅ និង​ពន្លឺ ដែល​យើង​ទទួលបាន​សព្វថ្ងៃ ក្រោម​ទម្រង់​ជា​បាតុភូត​រូបវិទ្យា​នុយក្លេអ៊ែរ​ដែល​គេ​ឲ្យ​ឈ្មោះថា​«Fusion»​។ 
 
​តាម​ការបកស្រាយ​រប​ស់​អង្គការ NASA ព្រះអាទិត្យ​បានទាមទារ​ពេលវេលា​ប្រមាណ​៥០​លាន​ឆ្នាំ ដើម្បី​ធំ​ពេញវ័យ និង​មាន​ថាមពល​គ្រប់គ្រាន់​។ សំណល់​កម្ទេចកំទី​ធូលី​ដែល​សេសសល់​ពី​ការកកើតឡើង​នៃ​ព្រះអាទិត្យ បាន​ផ្តុំគ្នា​ចេញពី​ជា​ភព ភព​រណប ផ្កាយព្រះគ្រោះ និង​ផ្កាយដុះកន្ទុយ នានា​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។ អង្គការ NASA ក៏បាន​បញ្ជាក់ដែរថា ព្រះអាទិត្យ​នឹង​បន្ត​នៅក្នុង​ទម្រង់​ធម្មតា​ដូចនេះ​បន្តទៀត ក្នុង​រយៈពេល​ប្រមាណ​១០​ពាន់​លាន​ឆ្នាំទៅ​ខាងមុខ​។ 
 
​គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា ព្រះអាទិត្យ​គឺជា​ផ្កាយ ដូច​ផ្កាយ​នានា​ផ្សេងៗ​ទៀត​ដែល​អ្នក​មើលឃើញ​នៅពេល​យប់​ងងឹត​។ វា​គឺជា​ផ្កាយ​ដែលមាន​ទំហំ​មធ្យម និង​នៅ​ជិត​ភពផែនដី​ជាងគេ​។ អ្នកវិទ្យាសាស្ត្រ​សិក្សា​អំពី​ព្រះអាទិត្យ​មកពី​ផ្កាយ​នានា​ផ្សេងៗ​ទៀត​ដែលមាន​ទីតាំងនៅ​ក្នុងកា​ឡាក់​ស៊ី​មី​ល​គី​វ៉េ​។ ដោយ​ប្រើប្រាស់​អំណះអំណាង ការឃ្លាំមើល និង​ការពិសោធន៍​ផ្សេងៗ គេ​អាច​ទាញយក​ចំណេះដឹង​ទាំង​នោះមក​ធ្វើការ​សន្មត​ទៅ​ព្រះអាទិត្យ​ដែល​យើង​ឃើញ​សព្វថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com