កំពង់ធំ៖ ក្នុងវ័យ១៨ឆ្នាំ យុវជនថាត សារ៉ន បានឆ្លៀតពេលទំនេរពីការសិក្សានៅសាលា មករៀនជំនាញឆ្លាក់ថ្ម នៅរោងជាងមួយតាមផ្លូវជាតិលេខ៦ ស្ថិតភូមិសំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ បើតាមយុវជនរូបនេះ ដ្បិតជាងចម្លាក់ថ្ម ជាការងារប្រឈមគ្រោះថ្នាក់ច្រើន តែវាមានតម្លៃណាស់សម្រាប់ថែរក្សាវិស័យវប្បធម៌ និងស្ថាបត្យកម្មខ្មែរ។
ដៃកាន់ម៉ូទ័រឆ្លាក់ថ្មជារូបព្រះពុទ្ធកំពុងសិង ស្ថិតនៅជាប់ផ្លូវជាតិលេខ៦A នាភូមិដំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ យុវជន ថាត សារ៉ន បានអះអាងថា ជាងចម្លាក់ថ្ម ជាការងារដ៏លំបាកបំផុត ដ្បិតត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជាកម្ទេចថ្មហុយចូលភ្នែក និងចម្រុះ ដែលងាយបង្កជាជំងឺជាច្រើន និងជាការងារប្រើកម្លាំងខ្លាំងក្លា។ យ៉ាងណាក៏ដោយ យុវជនរូបនេះ មិនរារែកនឹងរៀនជំនាញនេះឡើយ ដ្បិតវាជាការងារដែលខ្លួនស្រឡាញ់ផង និងអាចរកចំណូលបានខ្លះដែរ។
ខុសពីចម្លាក់លើឧបករណ៍ផ្សេងៗ ចម្លាក់ថ្ម ត្រូវបានសារ៉នឲ្យតម្លៃខ្ពស់ ព្រោះតែវាអាចរក្សាទុកបានយូរឆ្នាំ។ «ខ្ញុំរៀនឆ្លាក់ថ្ម ព្រោះខ្ញុំសប្បាយចិត្តពេលស្នាដៃរបស់ខ្ញុំ ត្រូវបានគេយកទៅដាក់នៅសាលារៀន និងវត្តអារាម ហើយមានអាយុរាប់ពាន់ឆ្នាំ។ ខ្ញុំស្រមៃថា បើ២ពាន់ឆ្នាំទៅមុខ ស្នាដៃរបស់ខ្ញុំ នឹងក្លាយថ្មសម័យបុរាណហើយ។ វាមានសារសំខាន់ថែរក្សាសិល្បៈ និងវប្បធម៌ខ្មែរ»។ នេះជាការពន្យល់របស់សារ៉ន។
យុវជន ថាត សារ៉ន មានមោទកភាព ដែលបានរៀនឆ្លាក់ថ្ម
យុវជន ថាត សារ៉ន អះអាងថា តាមរយៈរូបចម្លាក់ ឬការរចនា ឬឆ្លាក់អក្សរផ្សេងៗ រូបគេមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិតនានា ដើម្បផ្សព្វផ្សាយអំពីសាសនា និងអរិយធម៌របស់កម្ពុជា ទៅកាន់ប្រជាជនទូទៅពិភពលោក ទាំងពេលបច្ចុប្បន្ន និងអនាគត។
ខ្លួនប្រាណប្រឡាក់ដោយធូលីដែលហុយចេញពីថ្ម យុវជន ថាត សារ៉ន រៀបរាប់ដូច្នេះថា៖ «បើយើងក្រឡេកមើលទៅសម័យមុន បើមិនមានថ្មទេ យើងក៏អត់មានឯកសារយកមករៀនដែរ ព្រោះថ្មនេះហើយ ដែលជាងចម្លាក់ជំនាន់នោះ បានឆ្លាក់អំពីរឿងរ៉ាវផ្សេងៗ ដើម្បីទុកឲ្យអ្នកជំនាន់ក្រោយរៀនសូត្រ។ ធម្មតា រូបចម្លាក់ថ្ម មាំជាងរូបចម្លាក់ស៊ីម៉ងត៍ ព្រោះថ្មកាន់តែយូរ ក្លាយជារបស់បុរាណ។ ហើយឆ្លាក់រូបព្រះពុទ្ធ បានបុណ្យណាស់»។
សូមទស្សនាវីដេអូសកម្មភាពឆ្លាក់ថ្មរបស់យុវជន ថាត សារ៉ន ខាងក្រោមនេះដូចតទៅ៖
ជាមនុស្សមិនសូវចេះមាត់ក យុវជន ថាត សារ៉ន ថាជំនាញជាងចម្លាក់ ជាជំនាញដ៏លំបាកមួយ ដ្បិតជាងម្នាក់ៗ ត្រូវមានភាពច្នៃប្រឌិត និងមានភាពអត់ធ្មត់ខ្ពស់។ ប៉ុន្តែសម្រាប់ យុវជនដែលទើបរៀនបាន៣ខែរូបនេះ បែរជាឆ្លាក់ថ្មបានយ៉ាងស្ទាត់ជំនាញបាត់ទៅហើយ។ ស្លៀកខោខូវប៉ូយ ពាក់អាវយឺត ភ្នែកពាក់វែនតាខ្មៅ និងរុំក្រណាត់ជុំជិត សារ៉ន បានពន្យល់យ៉ាងដូច្នេះថា៖ «ដំបូងថ្មជាដុំ បន្ទាប់មក យើងត្រូវការគូសខ្នាត វាស់ខ្នាត ឲ្យចេញជារាង ហើយក៏ឆ្លាក់តែម្តង។ ខ្ញុំអត់ខ្លាចខូចទេ ព្រោះឆ្លាក់បានច្រើនដែរ។ សម្រាប់មេជាងដែលឆ្លាក់រាល់ថ្ងៃ គេធ្វើបានយូរឆ្នាំ គេឆ្លាក់ ដោយមិនចាំបាច់មើលសៀវភៅនោះទេ ប៉ុន្តែ អ្នកដែលទើបរៀន ត្រូវមានសៀវភៅមួយ ដែលមានសរសេរខ្នាតវា ដូចជា ព្រះ១ម៉ែត្រ ភ្នែនប៉ុន្មាន កម្ពស់ប៉ុន្មាន គេមានសៀវភៅហ្នឹងប្រាប់។ សម្រាប់យើងអត់ចេះ យើងឆ្លាក់មិនបានទេ ទាល់តែមានមេជាងចាំវាស់ខ្នាត ដាប់ត្រង់នេះ ដាប់ត្រង់នោះ យើងធ្វើតែតាមមេជាង»។
ជាកូនច្បងក្នុងចំណោមមានបងប្អូន៦នាក់ សារ៉ន បានធំដឹងក្តីនៅភូមិដំណាក់ក្នុងមជ្ឈដ្ឋានមួយ ដែលសម្បូរដោយជាងចម្លាក់ថ្ម។ ការមើលឃើញ និងមានទំនាក់ទំនងជាមួយជាងចម្លាក់នេះហើយ បានធ្វើឲ្យយុវជនរូបនេះ ដក់គំនិតចង់រៀនសូត្រអំពីវិជ្ជាចម្លាក់ថ្ម។
បើតាមយុវជនវ័យ១៨ឆ្នាំរូបនេះ ការមករៀនចម្លាក់ថ្មនៅទីនេះ មិនចំណាយប្រាក់នោះទេ តែផ្ទុយទៅវិញ រូបគេថែមទាំងទទួលបានប្រាក់ប្រចាំថ្ងៃ ដើម្បីផ្គត់ផ្គង់ការសិក្សាទៀតផង។ បើទោះរីករាយនឹងការងារនេះ សារ៉នបែរជាធ្លាក់ទឹកមុខបន្តិច ពេលនិយាយដល់បញ្ហាប្រឈមនៃការងារនេះ។ សារ៉ន អះអាងថា បច្ចុប្បន្នជាងចម្លាក់ថ្មមានកាន់តែតិច គឺបណ្តាលមកពីការងារនេះ ផ្តល់ប្រាក់ចំណូលតិច តែប្រឈមនឹងជំងឺផ្លូវដង្ហើម និងប៉ះពាល់ដល់ភ្នែកជាដើម។
រស់នៅក្នុងគ្រួសារដែលមានជីវភាពមធ្យម នៅស្រុកសន្ទុក ខេត្តកំពង់ធំ យុវជនរូបនេះ រៀបរាប់បន្តថា បច្ចុប្បន្ន ថ្មចម្លាក់ មានការគាំទ្រពីអតិថិជនខ្លះដែរ ប៉ុន្តែមិនច្រើនប៉ុន្មានទេ។ បើតាម សារ៉ន អតិថិជនភាគច្រើនបានទិញចម្លាក់ ដូចជា រូបព្រះពុទ្ធ និងរូបព្រះបាទជ័យវរ្ម័នទី៧ ទៅប្រគេនដល់វត្តអារាម និងដាក់តាំងក្នុងសាលារៀនជាដើម ប៉ុន្តែវត្ថុប្រើប្រាស់ ដូចជា ត្បាល់ថ្ម និងសម្ភារប្រើប្រាស់ថ្មមួយចំនួនទៀត មិនសូវមានការគាំទ្រនោះទេ។
លោកស្នើឲ្យពលរដ្ឋបង្កើតការគាំទ្រថ្មចម្លាក់ ដើម្បីឲ្យការងារនេះមាននិរន្តរភាព ព្រោះបើខ្វះការគាំទ្របន្តទៀត ជាងចម្លាក់នឹងកាន់តែបាត់បង់បន្ថែមទៀត។
បើតាមសារ៉ន ថ្មដែលគេឆ្លាក់នេះ ត្រូវបានប្រមូលមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ដើម្បីដឹកយកមកឆ្លាក់ចេញជារូបរាងផ្សេងៗ ដូចជារូបព្រះពុទ្ធ រូបសំណាកផ្សេងៗ និងធ្វើវត្ថុប្រើប្រាស់ ព្រមទាំងឆ្លាក់ចេញជារូប តាមការបញ្ជាទិញរបស់អតិថិជន។
តាមពិតទៅ យុវជន ថាត សារ៉ន មិនមែនកើតក្នុងត្រកូលជាងចម្លាក់ថ្មនោះទេ ប៉ុន្តែការយល់ដឹងពីសារសំខាន់នៃការងារឆ្លាក់ថ្ម ទើបយុវជនរូបនេះ សម្រេចចិត្តរៀនឆ្លាក់ថ្ម ដើម្បីក្លាយជាងចម្លាក់ដ៏ពូកែម្នាក់ ដែលអាចបង្កើតស្នាដៃជាច្រើនទុកឲ្យមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ៕