អន្តរជាតិ
លោក Elon Musk សន្យាផ្តល់១លានដុល្លារដល់យុទ្ធនាការដាំដើមឈើរបស់ Youtuber ដ៏ល្បីម្នាក់
× លោក Elon Musk អគ្គនាយកក្រុមហ៊ុនយានយន្ត Tesla និងក្រុមហ៊ុនអវកាស SpaceX បានសន្យាផ្តល់ប្រាក់១លានដុល្លារអាមេរិក ស្មើនឹងដើមឈើ១លានដើម សម្រាប់យុទ្ធនាការ #TeamTrees ដែលផ្តួចផ្តើមដោយ YouTuber [តារា Youtube] លោក Jimmy Donaldson រហស្សនាម «MrBeast»។ លោកបានអះអាងបែបនេះតាមរយៈបណ្តាញសង្គម Twitter របស់ខ្លួន ដែលបានប្តូរឈ្មោះទៅជា «Treelon»។
លោក Jimmy Donaldson ម្ចាស់គណនី Youtube ដ៏ល្បីឈ្មោះ «MrBeast» ដែលមាន Subscribers ជាង២៥លាន បានប្រកាសពីគម្រោងដាំដើមឈើ២០លានដើម ដោយក្នុង១ដើមស្មើ១ដុល្លារអាមេរិក។ តាមរយៈ Twitter របស់ខ្លួន លោក Elon Musk បានសាទរចំពោះយុទ្ធនាការនេះ ហើយប្រកាសថា លោកនឹងជួយ១លានដុល្លារអាមេរិក។
លោក Musk មហាសេដ្ឋីបច្ចេកវិទ្យា ដែលមានទ្រព្យសម្បត្តិជាង២៤ពាន់លានដុល្លារអាមេរិក បានសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការរបស់លោក Donaldson បន្ទាប់ពីលោកបានសាកសួរពីទីតាំង និងប្រភេទដើមឈើដែលត្រូវដាំ។
ក្រោមកិច្ចសហការជាមួយមូលនិធិ Arbor Day Foundation លោក Donaldson បានអះអាងថា យុទ្ធនាការ #TeamTrees សម្រាប់គម្រោងដើមឈើ២០លានដើមនេះ នឹងធ្វើឡើងនៅតាមតំបន់ព្រៃ ដីឯកជន និងសាធារណៈនានា ដែលត្រូវការដើមឈើ។
នាការឆ្លើយឆ្លងគ្នាតាម Twitter លោក Donaldson បានដាក់រហស្សនាមលោក Elon Musk ថា «Treelon Musk» ហើយក្រោយមក មហាសេដ្ឋីរូបនេះ បានប្តូរឈ្មោះ Profile Twitter ទៅជា «Treelon» ដោយភ្ជាប់រូបភាពព្រៃឈើ។
បន្ទាប់ពីលោក Musk អគ្គនាយក Twitter លោក Jack Dorsey ក៏រួមចំណែកផ្តល់ដើមឈើ ១៥០ ០០០ ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Youtube មានគម្រោងបង្កើតប៊ូតុងសម្រាប់ក្រុម TeamTrees ដើម្បីទទួលថវិកាសប្បុរសផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ អគ្គនាយក Shopify លោក Tobi Lutke ប្រកាសជួយផ្តល់ដើមឈើចំនួន ១,០០០,០០១ដើម ផងដែរ ពោលគឺលើសលោក Musk ១ដើម ឬ១ដុល្លារអាមេរិក។ បុគ្គលល្បីៗផ្សេងទៀតដែលបានចូលរួមក្នុងយុទ្ធនាការ #TeamTrees មានដូចជាអតីតវិស្វករ NASA លោក Mark Rober តារា Youtube នាង Jeffree Star តន្ត្រីករ Alan Walker ជាដើម។
យោងតាម Business Insider យុទ្ធនាការដែលផ្តួចផ្តើមដោយលោក Donaldson រកបានថវិកាប្រមាណ១០លានដុល្លារអាមេរិក រួចទៅហើយ ដោយគិតត្រឹមថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩៕
Tag:
បរិស្ថាន
ដើមឈើ
Elon Musk
Youtuber
© រក្សាសិទ្ធិដោយ thmeythmey.com