ជាតិ
ជនជាតិដើម​ភាគតិច គ្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌ ដើម្បី​អភិរក្ស​ប្រពៃណី​វប្បធម៌ និង​ទាក់ទាញ​ទេសចរ
03, Nov 2019 , 12:59 pm        
រូបភាព
លោក ឯក ប៊ុនថា កំពុងឈរថ្លែងពីការជំរុញឲ្យអភិរក្សវប្បធម៌ជនជាតិដើមភាគតិចនៅតាមសហគមន៍។
លោក ឯក ប៊ុនថា កំពុងឈរថ្លែងពីការជំរុញឲ្យអភិរក្សវប្បធម៌ជនជាតិដើមភាគតិចនៅតាមសហគមន៍។
​ភ្នំពេញ​៖ ជនជាតិដើម​ភាគតិច គ្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌ ដែល​ក្នុងនោះ​រួមមាន​ភូមិ​គំរូ នៅ​ខេត្តស្ទឹងត្រែង និង​មណ្ឌលគិរី ក្នុង​បំណង​រក្សា​សម្បត្តិ​វប្បធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។ គម្រោង​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក ឆ្នាំ​២០១៩ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា កាលពី​ថ្ងៃទី​២៩ និង​ទី​៣០​តុលា​កន្លងទៅ​។​



 លោក ភាព សុជា ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា បាន​បញ្ជាក់ថា គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌ គឺ​ដើម្បី រក្សា និង​សិក្សា​ពី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ទាំង​ជាង​៥០០​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុ​ជាំ​។ លើសពីនេះ គម្រោង​នេះ​ក៏​សំដៅ​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។ លោក ភាព សុជា បន្ថែម​៖«​គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ពីរ​កន្លែង​នេះ ធ្វើឡើង​នៅ​ចំណុច​ភ្នំ​ដោះ​ក្រមុំ ខេត្តមណ្ឌលគិរី និង​តំបន់​ឃុំ​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ មជ្ឈមណ្ឌល​វប្បធម៌​នេះ នឹង​រៀបចំ​ឲ្យ​មាន​សារមន្ទីរ សម្រាប់​តាំង​សម្បត្តិ​វប្បធម៌ ភូមិ​គំរូ កន្លែង​ជួបជុំ កន្លែង​បណ្ដុះបណ្ដាល​របាំ​ប្រពៃណី​ជនជាតិដើម​ភាគតិច​ជាដើម​»​។​



​តែ​យ៉ាងណា បើតាម​លោក ភាព សុជា គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​នេះ​ក៏​អាចមាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ជាពិសេស​គឺ​បញ្ហាដីធ្លី​ជាមួយ​អ្នក​ចំណូល​ថ្មី និង​ការផ្ដល់​ដី​ឲ្យ​ក្រុមហ៊ុន​ធំៗ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ និង​សហគមន៍ ដោះស្រាយ​មិន​ដាច់ស្រេច​។​

​លោក ឯក ប៊ុន​ថា អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជំរុញ​ឲ្យ​ជនជាតិដើម​ភាគតិច ខិតខំ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនៀមទម្លាប់​របស់ខ្លួន​ឲ្យ​គេ​បាន​ស្គាល់ ហើយ​ក្រសួង​វប្បធម៌ នឹង​សហការ​គាំទ្រ​សកម្មភាព និង​ថវិកា លើ​ដំណើរ​គម្រោង​អភិរក្ស​វប្បធម៌​នានា របស់​ជនជាតិដើម​ភាព​តិច ជាពិសេស​គម្រោង​បង្កើត​សារមន្ទីរ​នេះ​។ លោក ឯក ប៊ុន​ថា បញ្ជាក់ថា​៖«​ជនជាតិដើម​ភាគតិច គួរ​រួមគ្នា​បង្កើត​សារមន្ទីរ​ជនជាតិ ដើម្បី​រក្សា​វប្បធម៌ ស្នាដៃ​ផ្សេង ជាការ​អភិរក្ស រួមទាំង​ការទាក់ទាញ​ភ្ញៀ​ទេសចរ ជាការ​បង្កើន​ប្រភព​ចំណូល​ដល់​សហគមន៍​»៕





Tag:
 ជនជាតិដើម​ភាគតិច​
 ​វប្បធម៌​
 ​មណ្ឌលគិរី​
 ​ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com