ជាតិ
សេដ្ឋកិច្ច
សាធារណជននឹងអាចថតវិក្កយបត្រទិញផលិតផល ផ្ញើចូលក្នុងAPPពន្ធដារ ចាប់ឆ្នោតយករង្វាន់ រូបពីអគ្គនាយកដ្ឋានពន្ធដារ
× ភ្នំពេញ៖ នៅឆ្នាំ២០២០ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដំឡើងកម្មវិធីទូរសព្ទដៃមួយ(Application) ដែលអាចឲ្យសាធារណជនថតវិក្កយបត្រដែលខ្លួនបានទិញផលិតផល ឬសេវាពីហាងណាមួយ រួចផ្ញើចូលក្នុងAPP នោះ។ ពន្ធដារនឹងចាប់ឆ្នោតផ្សងសំណាងដល់អ្នកផ្ញើវិក្កយបត្រទាំងនោះ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងសិក្ខាសាលាអំពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធដាក់លិខិតប្រកាសបង់ពន្ធតាមអញឡាញ (e-Filling) នៅថ្ងៃទី៣១ខែតុលា ថា អង្គភាពលោកចាប់ឆ្នោតផ្ដល់រង្វាន់រថយន្ត និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដល់អ្នកដែលបានថតវិក្កយបត្រផ្ញើចូលក្នុងAPP របស់ពន្ធដារ។
ប្រសាសន៍លោក គង់ វិបុល៖
«គ្រោងដាក់ឲ្យប្រើមួយទៀតដែលខ្ញុំបានអភិវឌ្ឍន៍យូរហើយដែលរង់ចាំពីបីឆ្នាំមុន គឺ Invoice Lucky Draw។ អស់លោកអាចអញ្ជើញទៅទិញទំនិញសេវាផ្សេងៗ ហើយថតវិក្កយបត្រ Upload (ដាក់ចូល) ក្នុងប្រព័ន្ធទិន្នន័យពន្ធដារ ដល់ថ្ងៃកំណត់ត្រូវចាប់ឆ្នោត អ្នកទទួលសំណាងបានល្អនឹងឈ្នះរថយន្តមួយគ្រឿង និងសម្ភារបរិក្ខាផ្សេងទៀត»។ លោក គង់ វិបុល អះអាងដូច្នេះ។
លោក គង់ វិបុល បញ្ជាក់ថា កម្មវិធីខាងលើនេះមិនមែនត្រឹមតែដើម្បីផ្ដល់រង្វាន់ប៉ុណ្ណោះទេ តែសំខាន់គឺសាធារណជនបានចូលរួមធ្វើឲ្យការបង់ពន្ធរបស់អាជីវកម្ម ប្រព្រឹត្តទៅបានត្រឹមត្រូវ។ លោកមានប្រសាសន៍ដូចនេះថា៖«ប្រជាពលរដ្ឋទាំងអស់ដែលទៅទិញសេវាឬទំនិញអាចថតវិក្កយបត្រនោះ ដើម្បីជារបាយការណ៍ដល់ពន្ធដារ ថាតើអ្នកជាប់ពន្ធទាំងនោះមានអនុលោមភាពទៅតាមគោលការណ៍ច្បាប់ឬអត់?»។ លោកបន្ថែមថា វិក្កយបត្រពីសាធារណជនដែលផ្ដល់ទៅពន្ធដារ នឹងផ្ដល់ផលប្រយោជន៍ផ្សេងៗ ដូចជា កម្មវត្ថុនៃសវនកម្ម ឬត្រួតពិនិត្យផ្សេងៗ ដើម្បីផ្ទៀងផ្ទាត់ថា សហគ្រាស ហាងអាជីវកម្មទាំនោះ បានបង់ពន្ធត្រឹមត្រូវឬយ៉ាណា៕
© រក្សាសិទ្ធិដោយ thmeythmey.com